សម័យនេះ​នៅ​តែ​មាន​ម៉ូតូ​អត់​ពន្ធ​លក់​ពេញ​ផ្សារ

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង ទាំង​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​សមត្ថកិច្ច​ផង​ដែរ បាន​នាំ​គ្នា​ទិញ​ម៉ូតូ​គេចពន្ធ​ជិះ​ស្ទើរ​គ្រប់​ៗ​គ្នា ដោយសារ​តែ​វា​មាន​តម្លៃ​ថោក បើ​ប្រៀបធៀប​ទៅ​នឹង​ម៉ូតូ​ដែល​មាន​ពន្ធ​គឺ​ខុស​គ្នា​ដល់​ទៅ​ពាក់កណ្តាល ។

ដោយសារ​តែ​មាន​តម្រូវការ​ម៉ូតូ​គេចពន្ធ​ច្រើន ទើប​ក្រុម​ឈ្មួញ​បាន​លួច​នាំ​ចូល​ម៉ូតូ​គេចពន្ធ​ពី​ប្រទេស​វៀតណាម យក​មក​ដាក់​លក់​ក្នុង​ខេត្តព្រៃវែង​ស្ទើរតែ​គ្រប់​ក្រុង​/​ស្រុក និង​គ្រប់​រូបភាព ជាក់ស្តែង​ដូច​ជា​នៅ​តំបន់​អ្នក​លឿង ក្នុងស្រុក​ពាម​រក៍ សមត្ថកិច្ច​មូលដ្ឋាន​បាន​លួច​ប្រាប់​ថា ទីតាំង​ដែល​មាន​លក់​ម៉ូតូ​គេចពន្ធ​មាន​មិន​ក្រោម​១០​ទីតាំង​នោះ​ទេ ។

ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទិញ​ម៉ូតូ​គេចពន្ធ​ជិះ​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​អ្នក​លឿង​នេះ​ផ្ទះ​ដែល​លក់​ម៉ូតូ​អត់​ពន្ធ​ច្រើន​ជាងគេ​គឺ​ផ្ទះ​ឈ្មោះ ដា និង​ផ្ទះ​ឈ្មោះ គួ​ច ងួ​ន​ហឿ​ន ពួក​គេ​ដាក់​លក់​ម៉ូតូ​ក្នុងផ្ទះ​របស់​គេ ដោយ​ខាង​មុខ​ផ្ទះ​ដាក់​តាំង​ម៉ូតូ​មាន​ពន្ធ​ស្របច្បាប់ ឯក្រោយ​ផ្ទះ​គេ​ដាក់​ម៉ូតូ​អត់​ពន្ធ​មាន​គ្រប់​ស៊េរី គ្រប់​ម៉ាក ដូច​ជា ស៊ី​រូស វ៉េវ​អាល់​ហ្វា និង​គ្លិ​ក​ជាដើម ហើយ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​នោះ​គឺ​ទោះបី​ម៉ូតូ​អត់​ពន្ធ​មែន តែ​គេ​មាន​ភ្ជាប់​ឲ្យ​ទាំង​ស្លាក​លេខ និង​កាត​គ្រី​ថែម​ទៀត​ផង ហើយ​បើ​អតិថិជន​ចង់​បង់ពន្ធ​ឲ្យ​ហើយ គេ​ក៏​មាន​សេវា​យក​ទៅ​បង់​ពន្ធគយ​ជូន​បាន​យ៉ាង​រហ័ស​ទាន់ចិត្ត​ទៀត​ផង ដោយ​ចំណាយ​ថវិកា​តែ​៥០០​ដុល្លារ​ប៉ុណ្ណោះ ។

ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ប្រាប់​ថា ម៉ូតូ​គេចពន្ធ​ទាំងនោះ​គេ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ជាប់​ច្រក​អន្តរជាតិ​សំរោង ក្នុងស្រុក​ច​ន្ទ្រា ខេត្ត​ស្វាយ​រៀ ដោយ​ជួល​មនុស្ស​ឲ្យ​ជិះ​យក​ពី​មាត់ច្រក​មក​ដល់​អ្នក​លឿង​ក្នុង​តម្លៃ​ម៉ូតូ​១​គ្រឿង​២៥​ដុល្លារ ប៉ុន្តែ​មុន​ពេល​យក​មក​ក្រុម​ឈ្មួញ​ត្រូវ​រត់ការ​ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មុន​សិន បើ​លោតឆ័ត្រ​ឡើង​មក​ដោយ​មិន​ប្រាប់ ច្បាស់​ជា​ត្រូវ​គេ​ចាប់​ហើយ ។

ចំពោះ​បញ្ហា​នេះ​ត្រូវ​បាន​លោក កាង លាង ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តព្រៃវែង អះអាង​តាម​ទូរ​សព្ទ័​ថា ខេត្តព្រៃវែង​គ្មាន​ម៉ូតូ​គេចពន្ធ​ទេ សម័យនេះ​ហើយ​មាន​នរណា​ហ៊ាន​ជិះ​ម៉ូតូ​អត់​ពន្ធ អ្នក​ព័ត៌មាន​មួយ​ចំនួន​កុំ​ចេះ​តែ​ផ្សាយ​បំផ្លើសការពិត បើ​ថា​មាន​ម៉ូតូ​អត់​ពន្ធ​ឲ្យ​យក​មក​បង្ហាញ​ទៅ ៕