អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បន្ត​ណែនាំ​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពេល​ចុះ​ងូត​ទឹក​សមុទ្រ

មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​វ័យ​ដែល​ចូល​មក​ទស្សនា​នៅ​តាម​តំបន់​ឆ្នេរ​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ពេល​ចុះ​ងូត​ទឹក​សមុទ្រ ដោយ​ត្រូវ​ពាក់​អាវ​ពោង​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​សព្វថ្ងៃ​នេះ​នៅ​លើ​លំហ​សមុទ្រ​មាន​រលក​ធំៗ និង​ព្យុះ​ភ្លៀង​បោក​បក់​ជា​បន្តបន្ទាប់។

សារ​ក្រើន​រំឭក​ម្តង​ជា​ពីរ​ដង​របស់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជំនាញ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​នេះ នៅ​គ្រា​មាន​មនុស្ស​លង់​ទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ បាន​បន្ត​កើត​មាន​ស្ទើរ​ជា​រៀង​រាល់​សប្ដាហ៍។ ជាក់ស្តែង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នា​ឆ្នេរ​កន្ទុយ​នាគ​មាន​ករណី​មនុស្ស​ក្មេង​ចាស់​ចំនួន ៤​នាក់​ទៀត បាន​លង់​ទឹក​ពេល​ចុះ​ងូត​ទឹក​សមុទ្រ បណ្ដាល​ឲ្យ​កុមារី​ម្នាក់​បាត់បង់​ជីវិត។

ផ្ដើម​ពី​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ដែល​ចុះ​ងូត​ទឹក​កម្សាន្ត​នៅ​តាម​ឆ្នេរ​នានា ត្រូវ​គិតគូរ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជាប់​ជានិច្ច ដោយ​ត្រូវ​ពាក់​អាវ​ពោង​ការពារ​ឲ្យ​បាន​ជា​ប្រចាំ​ទាំង​ក្មេង​ចាស់។ ជាង​នេះ​ទៀត លោក​បាន​ក្រើន​រំឭក​ដល់​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ឆ្មាំ​សមុទ្រ ដែល​ប្រចាំ​ការ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​អំពី​បញ្ហា​អាកាសធាតុ រលក​សមុទ្រ និង​ខ្យល់​ព្យុះ​ជាដើម ថា​គួរ​ត្រូវ​ចុះ​ងូត​ទឹក​បាន ឬ​យ៉ាង​ណា?

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ឲ្យ​ដឹង​ថា កម្លាំង​ឆ្មាំ​សមុទ្រ​របស់​លោក​បាន​ដាក់​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន រង់ចាំ​សង្គ្រោះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​អាច​ជួប​គ្រោះ​លង់​ទឹក។ ទោះ​ជា​យ៉ាង​ណា លោក​ថា​ភ្ញៀវ​ទេសចរ ឬ​ពលរដ្ឋ ក៏​ត្រូវ​ការពារ​សុវត្ថិភាព​ខ្លួន​ឯង​ឲ្យ​បាន​ជា​ប្រចាំ​ពេល​ចុះ​ងូត​ទឹក ដោយ​ត្រូវ​ពាក់​អាវ​ពោង និង​ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​ឆ្មាំ​សមុទ្រ៖ «»

ទាក់ទិន​បញ្ហា​នេះ ក្រុម​អាជីវករ​លក់​ដូរ​ចំណី​អាហារ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​មាន​ឆ្នេរ​អូរត្រេះ ឆ្នេរ​ព្រែកត្រែង និង​ឆ្នេរ​អូរឈើទាល ជាដើម បាន​ស្ដីបន្ទោស​ទៅ​លើ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ថា​មានះ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​ក្រុម​អាជីវករ​អំពី​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក ជួន ណារិន្ទ បញ្ជាក់​ថា រាល់​ថ្ងៃ​នេះ ខ្យល់​កន្ត្រាក់ និង​ព្យុះ​ភ្លៀង​បាន​ផ្លាស់ប្ដូរ​ឆាប់​រហ័ស និង​មិន​បាន​ប្រាប់​ដំណឹង​ជា​មុន​នោះ​ទេ ដូច្នេះ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​តាម​ឆ្នេរ​នានា ហើយ​ចុះ​ងូត​ទឹក ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជាប់​ជានិច្ច។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ស្នងការ​នគរបាល​ខេត្ត​នេះ ត្រូវ​បន្ថែម​កម្លាំង​ឆ្មាំ​សមុទ្រ​ប្រចាំ​ការ​នៅ​តាម​ឆ្នេរ​នានា​ឲ្យ​បាន​ជា​ប្រចាំ ជាពិសេស​ត្រូវ​ហ្វឹកហាត់​ឆ្មាំ​សមុទ្រ​ទាំងនោះ​ឲ្យ​មាន​ជំនាញ​សង្គ្រោះ​បឋម និង​ត្រូវ​មាន​ឧបករណ៍​សង្គ្រោះ​មនុស្ស​លង់​ទឹក ដែល​អាច​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ជួយ​សង្គ្រោះ​មនុស្ស​លង់​ទឹក​បាន​ទាន់​ពេល។

ភាព​ខ្វះខាត​សម្ភារៈ​សង្គ្រោះ​មនុស្ស​លង់​ទឹក​នេះ លោក ប៊ួន ណារិទ្ធិ បាន​រិះគន់​ថា កន្លង​មក អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​ទាន់​បំពាក់​សម្ភារៈ និង​កម្លាំង​ជំនាញ​ឆ្មាំ​សមុទ្រ​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​ប្រចាំ​ការ​ជួយ​សង្គ្រោះ​ភ្ញៀវ​ទេសចរ​ដែល​ជួប​គ្រោះ​លង់​ទឹក​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នោះ​ទេ៖ «»

មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​លង់​ទឹក​ពេល​ចុះ​ងូត​ទឹក​នៅ​តាម​ឆ្នេរ​សមុទ្រ និង​តាម​កោះ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ជាង ២០​នាក់ ក្នុង​នោះ​រងគ្រោះ​ដល់​អាយុ​ជីវិត​មាន​ជិត ១០​នាក់ និង​អាជ្ញាធរ​ជួយ​សង្គ្រោះ​បាន​ជាង ១០​នាក់។ ជន​រងគ្រោះ​ដល់​អាយុ​ជីវិត​ទាំងនោះ បាន​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរឈើទាល ឆ្នេរ​ព្រែកត្រែង និង​ឆ្នេរ​កោះ​រ៉ុង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។