បក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​សុំ​ព្រះរាជ​អន្តរាគមន៍​ព្រះមហាក្សត្រ​ដោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ

គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​សុំ​ព្រះរាជ​អន្តរាគមន៍​ព្រះមហាក្សត្រ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន។

លិខិត​របស់​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ ដែល​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​វិវាទ​ជាមួយ​គ្នា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ​ដែល​មិន​អាច​ដោះស្រាយ​បាន ពិសេស​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ផែនការ​ប្រមូល​អ្នក​គាំទ្រ​ខ្លួន​ដើម្បី​ធ្វើ​មហា​បាតុកម្ម​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លើក​យក​កិច្ច​សន្ទនា​ចាស់​ដែល​មាន​ពី​មុន​មក​ធ្វើការ​សន្ទនា​ឡើង​វិញ។

គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ យល់​ថា ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ និង​ការ​រាំង​ស្ទះ​នូវ​សេដ្ឋកិច្ច​ក្នុង​ប្រទេស គឺ​មាន​តែ​ព្រះមហាក្សត្រ​ទេ​ទើប​អាច​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ​បាន។

កាល​ពី​ពេល​ថ្មីៗ​នេះ អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីតមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ក៏​បាន​ថ្វាយ​លិខិត​សុំ​ព្រះមហាក្សត្រ​ចេញ​ព្រះ​ភក្ត្រ​អន្តរាគមន៍​ចំពោះ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ដែល​លោក លឺ ឡាយស្រេង យល់​ថា អាច​ក្លាយ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​អាក្រក់​បំផុត​សម្រាប់​សង្គម​ខ្មែរ។

​គេ​នៅ​ចាំ​បាន​ថា កាល​ពី​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​មាន​ព្រះជន្ម ព្រះអង្គ​តែង​ចេញ​ព្រះ​ភក្ត្រ​ដោះស្រាយ​នៅ​ពេល​នយោបាយ​ខ្មែរ​ជាប់​គាំង​ដោយសារ​បក្ស​នយោបាយ​ធំៗ​មិន​អាច​រក​ច្រក​ចេញ​បាន។ ព្រះអង្គ​តែង​អញ្ជើញ​មេ​បក្ស​ធំៗ​ចូល​ក្នុង​វាំង​ដើម្បី​ពិភាក្សា​ទម្លុះ​ភាព​ទាល់ច្រក។

​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ថ្វាយ​អំណាច​ដល់​ព្រះមហាក្សត្រ ក្នុង​នាម​ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ និង​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។