រំជួលចិត្ត ក្រោយបានដឹងពីវីរភាពបុរសម្នាក់នេះ

6 Videos


បុរសជនជាតិកូរ៉េម្នាក់មានឈ្មោះថា Ahn Chi Beom អាយុ ២៨ ឆ្នាំត្រូវបានគេចាត់ទុកជា វីរបុរសក្នុងជីវិតពិត ក្រោយពីប្រថុយជីវិតជួយសង្គ្រោះមនុស្ស ២០ នាក់ផ្សេងទៀត ។

កាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅនេះ មានអគ្គីភ័យដ៏សន្ធោរសន្ធៅមួយបានកើតឡើង នៅផ្ទះវីឡាតូចមួយក្នុងក្រុង Mapo ប្រទេសកូរ៉េ ដែលផ្ទះនោះមានផ្ទុកមនុស្សចំនួន ២១ នាក់រស់នៅបន្ទប់ផ្សេងៗគ្នា ។ លោក Ahn ជាមនុស្សតែម្នាក់គត់ដែលបានដឹងខ្លួន និង បានរត់ចេញពីអគារបានទាន់ពេល ។ យ៉ាងណាក្តី លោកសុខចិត្តរស់ចូលក្នុងអគារវិញ ដែលកំពុងមានភ្លើងឆេះខ្លាំង ដើម្បីទៅចុចកណ្តឹងបន្ទប់ដែលមានមនុស្ស ២០ នាក់ផ្សេងទៀតនៅក្នុងនោះ បំណងឲ្យដឹងខ្លួន និង អាចរួចជីវិតពីអគ្គីភ័យនោះ ។

ចុងក្រោយ ដោយសារតែភាពក្លាហានរបស់លោក Ahn មនុស្ស ២០ នាក់បានរួចជីវិតពីអគ្គីភ័យ តែលោក Ahn បែរជាសន្លប់ ពេលចេញក្រៅវិញ ។

ក្រោយមកលោក Ahn ក៏ត្រូវបញ្ជូនមកមន្ទីរពេទ្យ តែជាអកុសល លោកបានបាត់បង់ជីវិតទៅហើយ ដោយសារតែឈ្លក់ផ្សែងភ្លើងខ្លាំងពេក ។ ម្តាយរបស់វីរបុរសក្នុងជីវិតពិតរូបនេះ បាននិយាយប្រាប់សារព័ត៌មានថា «ខ្ញុំពិតជាខឹងនឹងកូនណាស់ ដែលមិនចេះមើលថែខ្លួនឯង តែក្នុងនាមជាម្តាយម្នាក់ ខ្ញុំក៏មានមោទនភាពណាស់ ដែលអាចបង្កើតកូនមកយល់ទុក្ខធុរៈបែបនេះ» ។

ពាក្យសម្តីរបស់ម្តាយលោក Ahn បានចាក់ដោតដល់ជម្រៅបេះដូងប្រជាជនកូរ៉េជាច្រើន ហើយវីរភាព និង ភាពក្លាហានរបស់លោក Ahn ក៏នឹងមិនងាយត្រូវបានបំភ្លេចផងដែរ ៕

ថាវរិទ្ធ ( ប្រភព ៖ កូរ៉េ )