អភិបាល​ខេត្ត​ឧត្តរមានជ័យ​បដិសេធ​ការ​ចោទ​រឿង​គំរាម​ដក​តួនាទី​ពី​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់

អភិបាល​ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កញ្ញា ច្រានចោល​ការ​អះ​អាង​​​របស់​​នាយក​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​សំរោង​ម្នាក់ ដែល​ថា លោក​​បាន​គំរាម​ដក​ហូត​តួ​នាទី​មន្ត្រី​រូប​នោះ។

​អភិបាល​ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស ថាវី។ លោក​អះអាង​ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ​គ្រប់គ្រង​ខេត្ត គឺ​គ្រាន់​​តែ​មាន​បំណង​ចង់​​ឱ្យ​មន្ត្រី​ម្នាក់​កុំ​ឈ្លោះ​​​​​​ក្ដីក្ដាំ​ជាមួយ​ប្រជាពលរដ្ឋ ​​ហើយ​ឱ្យ​បញ្ចប់​ទំនាស់​ដ៏​​តិចតួច​នោះ​​​ប៉ុណ្ណោះ។

​លោក​អភិបាល​ខេត្ត​ឧត្តរមានជ័យ ​បញ្ជាក់​ថា ជា​ច្រើន​ខែ​​មក​ហើយ នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​សំរោង បាន​ប្ដឹង​ប្រជាពលរដ្ឋ ២​នាក់​ប្ដី​ប្រពន្ធ​ក្នុង​រឿង​ទិញ ​និង​​លក់​ដើម​ដំឡូង​មី​ថ្លៃ ១០​ម៉ឺន​​រៀល បើ​ទោះ​​បី​ជា​រូប​លោក និង​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​ទៀត​ជួយ​​សម្របសម្រួល ព្រម​ទាំង​ចេញ​លុយ ៣០​ម៉ឺន​រៀល​ឱ្យ​ទៅ​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​រូប​នោះ​​រួច​ហើយ​​ក្តី៖ «ហើយ​ថា​ដក​ពាក្យ​​ឈប់​ប្ដឹង បាន​ប៉ុន្មាន​ខែ ស្រាប់​តែ​តុលាការ​ហៅ​ទៀត។ ប្រជាពលរដ្ឋ​គាត់​​មក​ប្ដឹង​ទៀត ខ្ញុំ​សួរ​ទៅ​មេ​​ព្រៃ​នោះ​ថា ហេតុ​អ្វី​បាន​​ថា ចប់​ហើយ​នៅ​តែ​តុលាការ​កោះ​ហៅ​គាត់?»

​លោក ស ថាវី បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​សំរោង គឺ​នៅ​មាន​តួនាទី​នៅ​ឡើយ មិន​បាន​បាត់​បង់​តួនាទី ដូច​​សាមី​​ខ្លួន​ចោទ​ប្រកាន់​នោះ​ទេ។

​ប្រតិកម្ម​របស់​អភិបាល ខេត្ត​ឧត្តរមានជ័យ ធ្វើ​ឡើង​ក្រោយ​​គ្នា ១​​ថ្ងៃ បន្ទាប់​ពី​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សំរោង ឈ្មោះ វុន ប៊ុនធឿន បាន​ចោទ​ប្រកាន់​ថា អភិបាល​ខេត្ត​ឧត្តរមានជ័យ ​បាន​​ប្រើ​អំណាច​​គំរាម​ដក​ហូត​​តួនាទី​របស់​គាត់​​នៅ​ក្នុង​ពេល​​​​ប្រជុំ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។