ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ខក​ចិត្ត​មិន​បាន​ឃើញ​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​ប្រាសាទ​អង្គរវត្ត

ក្រសួង​ទេសចរណ៍ និង​មន្ត្រី​អាជ្ញាធរ​អប្សរា បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍ ឲ្យ​ទៅ​រង់ចាំ​មើល​ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​អង្គរវត្ត ដែល​ជា​ព្រឹត្តិការណ៍​កម្រ​បាន​ជួប​ប្រទះ ចាប់​ពី​ថ្ងៃ​ទី​២១ ទៅ​ដល់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។ ប៉ុន្តែ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ នៅ​មិន​ទាន់​ប្រាកដ និង​លេច​ចេញ​ជា​រូប​រាង​ដើម្បី​បំពេញ​បំណង​របស់​ភ្ញៀវ​ទេសចរ​នៅ​ឡើយ​ទេ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ ដោយសារ​តែ​អាកាសធាតុ​អ័ព្ទអួរ​ខ្លាំង។

ភ្ញៀវ​ទេសចរ​បរទេស និង​ពលរដ្ឋ​ខ្មែរ​ច្រើន​ពាន់​នាក់ បាន​ខក​ចិត្ត​ក្នុង​ពេល​ដែល​ពួក​គេ​ខំ​នាំ​គ្នា​ក្រោក​ទាំង​យប់ ហើយ​ទៅ​ឈរ​រង់ចាំ​ជាច្រើន​ម៉ោង ដើម្បី​មើល​ព្រះអាទិត្យ​រះ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​អង្គរវត្ត ប៉ុន្តែ​មិន​បាន​ឃើញ​ព្រះអាទិត្យ​រះ​ឡើង​ទាល់​តែ​សោះ។

កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ភ្ញៀវ​បរទេស​ចម្រុះ​ជាតិ​សាសន៍ រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ពាន់​នាក់ បាន​នាំ​គ្នា​ក្រោក​តាំង​ពី​វេលា​ម៉ោង​៣ និង​ម៉ោង​៤ ហើយ​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​ទាំង​ផ្ទៃ​មេឃ​នៅ​ងងឹត ឈរ​រង់ចាំ​មើល​ថ្ងៃ​រះ​អស់​ជាច្រើន​ម៉ោង។ គ្រប់ៗ​គ្នា ខ្លះ​មាន​កាមេរ៉ា​ថត​រូប​ធំៗ និង​ខ្លះ​ទៀត​មាន​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន (Smart Phone) ដោយ​ប្រុងប្រៀប​ទុក​ជា​ស្រេច​ដើម្បី​ថត​យក​រូបភាព​ដ៏​អស្ចារ្យ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​រង់ចាំ​ដ៏​អន្ទះសា បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត ពីព្រោះ​តែ​អាកាសធាតុ​មិន​អំណោយ​ផល ពពក​ខ្មៅ​ក្រាស់​បាំង​បាត់​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក ហើយ​មើល​មិន​ឃើញ​ព្រះអាទិត្យ​ទាល់​តែ​សោះ។

ទីបំផុត ទាំង​ភ្ញៀវ​ទេសចរ​បរទេស និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​នាំ​គ្នា​ដើរ​ចេញ​ដោយ​ស្ងាត់ស្ងៀម។

អ្នក​ទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​ទៀត គឺ​កញ្ញា អេលាណ័រ រូបផ៍ (Eleanor Rupp)។ នាង​មាន​ប្រសាសន៍​ក្នុង​ពេល​ធ្វើ​ដំណើរ​ចាកចេញ​ពី​បរិវេណ​អង្គរវត្ត​ថា រូប​នាង​បាន​ចំណាយ​ពេល ៣​ថ្ងៃ​ស្នាក់នៅ​ខេត្ត​សៀមរាប ព្រោះ​តែ​ចង់​ឃើញ​ហេតុការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត តើ​វា​ពិត​ជា​អស្ចារ្យ​យ៉ាង​ណា? កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែ​កញ្ញា រូប​នាង​ខំ​ក្រោក​ពី​យប់​ដើម្បី​មក​ឈរ​ចាំ​មើល​ថ្ងៃ​រះ ប៉ុន្តែ​វា​មិន​ដូច​បំណង​ឡើយ ពីព្រោះ​អាកាសធាតុ​អំណោយ​ផល​មិន​ល្អ៖ «ខ្ញុំ​មាន​ការ​ខក​ចិត្ត​តិចតួច​ដែរ ដោយសារ​តែ​មិន​បាន​ឃើញ​ព្រះអាទិត្យ​រះ​នៅ​ចំ​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា ក៏​ខ្ញុំ​សប្បាយ​ចិត្ត ដោយសារ​តែ​ឃើញ​ទេសភាព​អង្គរវត្ត​នា​ពេល​ព្រឹក​ព្រលឹម។ ខ្ញុំ​តាំង​ចិត្ត​ថា​ថ្ងៃ​នេះ ថ្វីត្បិតតែ​ខ្ញុំ​មិន​បាន​ឃើញ​ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​នៅ​ពេល​ក្រោយ​ទៀត»

ភ្ញៀវ​ទេសចរ​ចាំ​មើល​ថ្ងៃ​រះ សៀមរាប ២០១៦ ៨៥៥
ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​នាំ​គ្នា​រង់ចាំ​មើល​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត នា​ខេត្ត​សៀមរាប កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hang Savyouth

ស្រប​ពេល​គ្នា​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត​នោះ អ្នកស្រី ម៉ែន សំអន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច បាន​ទៅ​ធ្វើ​ពិធី​បួងសួង​នៅ​ចំ​កណ្ដាល​ប្រាសាទ​អង្គរវត្ត​នោះ​ដែរ។ អ្នកស្រី ម៉ែន សំអន មាន​ប្រសាសន៍​ថា ពិធី​បួងសួង​នៅ​កណ្ដាល​ប្រាសាទ​អង្គរវត្ត​ស្រប​ពេល​គ្នា​នឹង​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្ដាល​របស់​អង្គរវត្ត​ដែរ​នោះ គឺ​បំណង​សុំ​សេចក្តី​សុខ ព្រម​ទាំង​រំឭក​គុណ​ចំពោះ​បុព្វបុរស​ខ្មែរ​ដែល​បាន​កសាង​ប្រាសាទ​អង្គរ ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ។

កញ្ញា ឈាវ គុណ គឺ​ជា​អ្នក​ខេត្ត​សៀមរាប ដែល​ខំ​នាំ​បង​ប្អូន​ជាច្រើន​នាក់​ក្រោក​ពី​យប់​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​អង្គរវត្ត ដើម្បី​រង់ចាំ​មើល​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ដ៏​អស្ចារ្យ​ដែរ មាន​ប្រសាសន៍​ថា នាង​ខំ​ក្រោក​តាំង​ពី​វេលា​ម៉ោង​៤ ហើយ​នាំ​បង​មក​ពី​សហរដ្ឋ​អាមេរិក និង​ប្អូនៗ​មក​មើល​ថ្ងៃ​រះ​ដ៏​កម្រ​នេះ ក៏ប៉ុន្តែ​មិន​បាន​ឃើញ​ដូច​បំណង​ឡើយ។ ស្ត្រី​វ័យ​ក្មេង​ដដែល​បញ្ជាក់​ថា ថ្វីត្បិតតែ​នាង​ជា​អ្នក​សៀមរាប ក៏ប៉ុន្តែ​នាង​ពុំ​ធ្លាប់​បាន​ឃើញ​ព្រះអាទិត្យ​រះ​នៅ​ចំ​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត​នៅ​ឡើយ​ទេ៖ «ថ្ងៃ​រះ​ចំ​កំពូល​ហ្នឹង ខ្ញុំ​អត់​ដែល​បាន​មក​មើល​ទេ ឃើញ​តែរូបថត​ដែលមិត្តភ័ក្ដិ​របស់​ខ្ញុំ Post នៅ​តាម​ហ្វេសប៊ុក (facebook) ឬ​ក៏​ផេក (Page) ផ្សេងៗ»

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២១ រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​កញ្ញា គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៨​ពាន់​នាក់​បាន​ទិញ​សំបុត្រ​ចង់​មើល​ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ មាន​ប្រសាសន៍​ថា ក្នុង​ថ្ងៃ​ទី​២១ ខែ​កញ្ញា គឺ​មាន​អ្នក​ទេសចរ​ចំនួន​ប្រមាណ ៤​ពាន់​នាក់​បាន​ចូល​ទៅ​ឈរ​រង់ចាំ​មើល​ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត ហើយ​នៅ​ថ្ងៃ​ទី​២២ ក៏​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា ក៏ប៉ុន្តែ​អាកាសធាតុ​មិន​ល្អ ផ្ទៃ​មេឃ​គ្រប​ដណ្ដប់​ដោយ​ពពក​ក្រាស់​ពេក ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ខក​ចិត្ត៖ «ភាគច្រើន​ភ្ញៀវ​បើ​ខាង​អាមេរិកាំង អី គាត់​ទិញ​សំបុត្រ​ទុក​មួយ​អាទិត្យ​ចាំ​ថត ប៉ុន្តែ​ឥឡូវ​វា​អត់​មាន​ពន្លឺ។ ករណី​អ៊ីចឹង​ដោយសារ​តែ​អាកាសធាតុ​មិន​ល្អ»

មន្ត្រី​អាជ្ញាធរ​អប្សរា និង​មន្ត្រី​មន្ទីរ​ទេសចរណ៍ ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្ដាល​របស់​អង្គរវត្ត​នេះ អាច​កើត​មាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២១ ទៅ​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា និង​នៅ​ចន្លោះ​ថ្ងៃ​ទី​២១ ទៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។

ទោះ​បី​ជា​យ៉ាង​ណា មិន​មាន​មន្ត្រី​ណា​ហ៊ាន​អះអាង​ថា តើ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ព្រះអាទិត្យ​ដែល​រះ​ចំ​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរ នឹង​អាច​មើល​ឃើញ​ដែរ ឬ​ក៏​យ៉ាង​ណា​ទេ ពីព្រោះ​តែ​ជា​រដូវ​វស្សា អាកាសធាតុ និង​ផ្ទៃ​មេឃ​អ័ព្ទអួរ​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។