ក្រុម​ប្រជាពលរដ្ឋ​ដែល​បិទផ្លូវ​ជាតិ​លេខ​៤​ព្រឹក​មិ​ញ បាន​រំសាយ​ហើយ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់ ដែល​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​៤​ត្រង់​ចំណុច​ហួស​ផ្សារ​ឃ្លាំង​លើ ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​រំសាយ​វិញ​ហើយ ក្រោយ​ពី​ធ្វើ​សកម្មភាព​បិទផ្លូវ​ប្រហែល​ជិត​មួយ​ម៉ោង និង​មាន​សមត្ថកិច្ច​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ចុះ​ទៅ​អន្តរាគមន៍​សម្របសម្រួល​។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៤​នេះ បាន​លើក​ហេតុផល​ថា ដើម្បី​ជំទាស់​ទៅ​នឹង​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​ដែល​បាន​ចុះ រុះរើ​សំណង់ផ្ទះ​មួយ​ចំនួន​នៅ​តំបន់​ដី​អនុក្រឹត្យ​ក្បាលឆាយ ដែល​អាជ្ញាធរ​ខេត្ត​ចាត់​ទុក​ថា​ជា​សំណង់​ខុសច្បាប់​។

ជុំវិញ​ព្រឹត្តិការណ៍​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អំពាវនាវ​សារ​ជា​ថ្មី​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ព​ន្ធ័​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ជួប​គ្នា​ដោះស្រាយ​ដោយ​សន្តិវិធី​វិញ​។ បើ​តាម​ឯកឧត្តម​អភិបាលខេត្ត​ថ្លែង​បញ្ជាក់​ថា ជា​ជំហរ​របស់​ខេត្ត ដី​ព្រៃ​ក្បាលឆាយ​ដែល​ជា​ប្រភព​ទឹកតែ​មួយ​គត់ គឺ​ចាំបាច់​ត្រូវ​រួម​គ្នា​ការពារ​ថែរក្សា ប៉ុន្តែ​យន្តការ​បែងចែក​ដី​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ក៏​នឹង​ធ្វើ​ឡើងជា​ជំហាន​ៗ​ផង​ដែរ​៕