លោក អា​បេ​៖ ជប៉ុន​-​អាមេរិក​-​កូរ៉េខាងត្បូង ប្រឹង​តទល់​កូរ៉េខាងជើង​ហើយ​, ដល់ពេល​អង្គការសហប្រជាជាតិ​ម្តង និពន្ធដោយ : ទេព អ៊ីវិសាល       September-22-2016, 7:39 pm         217

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អា​បេ​៖ ជប៉ុន​-​អាមេរិក​-​កូរ៉េខាងត្បូង ប្រឹង​តទល់​កូរ៉េខាងជើង​ហើយ​, ដល់ពេល​អង្គការសហប្រជាជាតិ​ម្តងលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នាកិច្ចប្រជុំពេញលើកទី៧១នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN News Centre)​បន្ថែម​ពី​ការជជែក និង​លើកឡើង​នៅក្នុង​វេទិកា​ក្នុង​តំបន់ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ (Shinzo Abe) បាន​ឆ្លៀត​យ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ដើម្បី​វាយប្រហារ​កូរ៉េខាងជើង​លើ​សកម្មភាព​នៃ​បាញ់​សាកល្បង​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់​រហូតដល់​ចូល​ក្បែរ​អធិបតេយ្យ​ជប៉ុន​ទៀតផង​នោះ​។

លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​ទទូច​ឲ្យ​អង្គការសហប្រជាជាតិ​ចេញ​ចំណាត់ការ​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​សមស្រប​ទៅនឹង​ស្ថានភាព​ដែល​កូរ៉េខាងជើង​បាន​បង្ក​ផងដែរ​។​

​ថ្លែង​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៧១​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២១ ខែកញ្ញា លោក ស៊ិន​ហ្សូ អា​បេ បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ប្រជាជាតិ​បង្ហាញ​ពី​ចំណាត់ការ​ពិតប្រាកដ​ទៅនឹង​ការគំរាមកំហែង​សន្តិភាព និង​សន្តិសុខ​ដែល​បង្កឡើង​ដោយ​កូរ៉េខាងជើង ដែល​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ប្រមាណ​២១​គ្រាប់ និង​នុយក្លេអ៊ែរ​ពីរ​គ្រាប់​ដែលមាន​បច្ចេកវិទ្យា​ចុងក្រោយ​នៅក្នុង​ឆ្នាំ​២០១៦​នេះ​។

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ត្អូញត្អែរ​នៅក្នុង​វេទិកា​នោះ ដោយ​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មី​ស៊ី​លបី​គ្រាប់​របស់​កូរ៉េខាងជើង បាន​ធា្ល​ក់​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​នៃ​សមុទ្រ​ជប៉ុន តែ​សំណាង​ហើយ​ឧប្បទ្ទវហេតុ​នោះ មិន​បណ្តាល​ឲ្យ​យន្តហោះ ឬ​នាវា​ពាណិជ្ជកម្ម​ណាមួយ​ត្រូវបាន​បំផ្លាញ​នោះ​»​។

​ក្នុង​សុន្ទរកថា​រយៈពេល​ជាង​៤​នាទី​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​កំណត់សម្គាល់​ឲ្យ​ដឹងថា រដ្ឋាភិបាល​លោក រួម​ជាមួយនឹង​សម្ព័ន្ធមិត្ត​បាន​ប្រឹងប្រែង​រួចទៅហើយ​ដើម្បី​រិះរក​វិធានការ​ដើម្បី​តទល់​ទៅនឹង​ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​នាពេល​ចុងក្រោយ​នេះ ជាពិសេស​នោះ បន្ទាប់ពី​កូរ៉េខាងជើង បានប្រកាស​ពី​ភាពជោគជ័យ​ក្នុង​ការបាញ់​នុយក្លេអ៊ែរ នៅ​ថ្ងៃទី​០៩ ខែកញ្ញា ដែល​ទាំង​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ចាត់ទុកថា​នុយក្លេអ៊ែរ​នោះ បាន​ដល់​ដំណាក់កាល​ចុងក្រោយ ដែល​ត្រូវតែមាន​ចំណាត់​ឆ្លើយតប​ជាបន្ទាន់​ផង​នោះ​។

​លោក បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «...​ក្រោយ​ការ​នៃ​ប្រកាស​របស់​ជោគជ័យ​នៃ​ការសាកល្បង​នៅ​ថ្ងៃទី​០៩ ខែកញ្ញា លោក បាន​ទូរ​សព្ទ​ទៅ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ដើម្បី​រៀបចំ​កិច្ចព្រមព្រៀង​មួយ​ដែល​ប្រទេស​ទាំងបី​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ទៅនឹង​កូរ៉េខាងជើង​។ ហើយ​អ្នក​ដែល​ត្រូវធ្វើ​បន្ទាប់​នោះ​គឺ​អង្គការសហប្រជាជាតិ​នោះឯង​»​។

​បន្ថែម​ពី​ការអះអាង​ពី​ការប្រឹងប្រែង​របស់ខ្លួន និង​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច លោក អា​បេ ដែលជា​នាយករដ្ឋមន្ត្រី​ជប៉ុន ដែលជា​ប្រទេស​ដំបូង​គេ​និង​តែមួយ​របស់​ពិភពលោក​ដែល​រងគ្រោះ​ដោយសារតែ​អាវុធ​ប្រល័យ​លោក​បរមាណូ ក៏បាន​ពណ៌នា​សន្តិភាព​ដូច​ទៅនឹង​«​កែវ​ទឹក​»​យ៉ាង​ដូច្នេះ​ឯង​។

​សូម​រម្លឹក​ផងដែរ​ថា មុនពេល​នៃ​ការចាប់ផ្តើម​សម័យប្រជុំ​ពេញអង្គ​នៃ​អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង ក៏បាន​ជួបពិភាក្សា​ត្រីភាគី​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង ដែល​អាមេរិក​បាន​ចាត់ទុកថា ជា​សកម្មភាព​ប្រហើ​ន និង​គឃ្លើន​ទៅនឹង​សហគមន៍​អន្តរជាតិ​។ តែ​ក្នុងជំនួប​នោះ ភាគី​ទាំងបី មិនទាន់មាន​វិធានការ​ក្តៅ​ដើម្បី​តទល់​ជាមួយនឹង​កូរ៉េខាងជើង​ឡើយ ពោលគឺ ជម្រើស​នៃ​ការចរចា​នៅតែ​ជា​ជម្រើស​អាទិភាព​ដដែល​។​

​តាមពិតទៅ ដោយសារតែ​ការបំពាន​នឹង​បម្រាម​សហគមន៍​អន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្តីសម្រេច​នៅ​ដើម​ឆ្នាំនេះ​ដែលជា​ប្រភេទ​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​រួចទៅហើយ​ដើម្បី​ប្រឆាំង​ទៅនឹង​កូរ៉េខាងជើង​នោះ​។ តែ​ទណ្ឌកម្ម ដែល​ផ្តោត​ខ្លាំង​ទៅលើ​ការបិទ​ចរន្ត​ហិរញ្ញវត្ថុ​ដែល​ផ្គត់ផ្គង់​ទៅ​ឲ្យ​កូរ៉េខាងជើង​នោះ ហាក់ដូចជា​មិន​ប្រសិទ្ធភាព​អ្វី​សោះ ពោលគឺ​កូរ៉េខាងជើង នៅ​បន្ត​បាញ់​សាកល្បង​ជា​បន្តបន្ទាប់​ទៀត​។ ហើយ​អ្វីដែល​ជប៉ុន ចង់បាន​នោះ​គឺ ការសហការ​លើ​ការអនុវត្ត​នៃ​សេចក្តីសម្រេច​នោះ​ពី​បណ្តា​សមាជិក​អង្គការសហប្រជាជាតិ និង​ទណ្ឌកម្ម​បន្ថែមទៀត​ផងដែរ​៕