អាជ្ញា​ធរមាន​គម្រោង​កែ​លម្អ ទំនប់​បង្ហៀរ​ស្ពាន​អូរ​ជីក​បឹង​តា​ម៉ុ​ក

ខេត្តឧត្តរមានជ័យ ៖ ស្ពាន​អូរ​ជីក គឺជា​ស្ពាន​ប្រវត្តិសាស្ត្រ​របស់​លោកតា​ម៉ុ​ក ដែល​ស្ថិត​នៅភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​-​ស្រុក​អន្លង់​វែង កន្លង​មក​ទទួល​រង​ការ​លិចលង់​ដោយសារ​តែ​ជំនន់ទឹកភ្លៀង នៅ​ក្នុង​បឹង​តា​ម៉ុ​ក ហក់​ឡើង​លិច​ជា​ញឹកញាប់​នា​រដូវវស្សា ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ នឹង​ធ្វើការ​ជួសជុល កែសម្រួល​ឡើង​វិញ នៅ​រដូវប្រាំង​នា​ពេល​ខាង​មុខ​។

បើ​តាម​ការ​លើក​ឡើង​ពី​លោក ហោ​ជិន វី​រៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ ខណៈ​ដែល​ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើងជា​ខ្លាំង ហើយ​បាន​បង្ក​ជា​ទឹកជំនន់ ហូរ​កាត់​លើ​ស្ពាន​អូរ​ជីក ទឹក​ឡើង​លិច​រហូត​ដល់​បង្កាន់ដៃស្ពាន ទើប​អាជ្ញាធរ បាន​ធ្វើការ​បិទផ្លូវ​មិន​ឱ្យធ្វើ​ចរាចរណ៍​បណ្តោះអាសន្ន ចាប់ពី​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ទើប​ទឹកបាន​ស្រក​ចុះ​បន្តិច​វិញ ដែល​អាច​ឱ្យធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​អូរ​ជីក​បាន​។

ជំនន់​ទឹកភ្លៀង នៅ​ពេល​មាន​អាកាសធាតុ​មេឃ​ធ្លាក់​ខ្លាំង​បន្តបន្ទាប់​គ្នា ត្រឹមតែ​រយៈពេល ២​ថ្ងៃ​ទៅ​៣​ថ្ងៃ នៅ​ក្នុង​ទីតាំង​ស្រុក​អន្លង់​វែង និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដែល​បឹង​តា​ម៉ុ​ក គឺជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់​មួយ សម្រាប់​ស្តុក​ទឹក ដែល​ហូរ​មក​ពី​ខាងលើ​ជួរ​ភ្នំ​ដងរែក​។  ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​ខ្លាំង​រយៈពេល​ខ្លី ហើយ​ទំនប់​បង្ហៀរ​ជិត​ស្ពាន​អូរ​ជីក មិន​អាច​បញ្ចៀស​ទឹកជំនន់​ភ្លៀង​នេះ​បាន ជា​ហេតុ​ធ្វើ​ឱ្យ​ទឹក​ហូត​កាត់​លើ​ស្ពាន​អូរ​ជីក​។ បើ​ទោះបីជា​ទឹកជំនន់​ភ្លៀង​ហូរ​កាត់ ស្ពាន​អូរ​ជីក​មាន​រយៈពេល​ខ្លី​ក៏​ពិតមែនតែ​អាជ្ញាធរ​ក៏​ត្រូវ​បាន​ផ្អាក​ចរាចរណ៍ ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​អូរ​ជីក​ជា​បណ្តោះអាសន្ន​។

បើ​ទោះបីជា​ករណី​ទឹកជំនន់​ភ្លៀង​ឡើង​លិច​ស្ពាន​អូរ​ជីក និង​ត្រូវ​បិទ​ចរាចរណ៍​ឆ្លងកាត់​ជា​បណ្តោះអាសន្ន ជា​ញឹកញាប់​ក្តី តែ​នៅ​មិន​ទាន់​បាន​បង្ក​ការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ជុំវិញ​បឹង​តា​ម៉ុ​ក ហើយ​បើ​តាម​ឱ្យ​ដឹង​ពី​លោក ហោ​ជិន វី​រៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល លើ​គម្រោង​ជួសជុល ទំនប់​បង្ហៀរ​ឡើង​វិញ ដែល​ស្ថិត​នៅ​ខាងលើ​ស្ពាន​អូរ​ជីក ដោយ​ទំនប់​នេះ ត្រូវ​ហូរ​ច្រោះ​ធ្លាយ​នៅ​បាត​ក្រោម​ទំនប់ ជា​ហេតុ​មិន​អាច​រក្សា​ទឹក​មិន​បាន​ច្រើន​សំរាប់​ប្រើប្រាស់​នៅ​រដូវប្រាំង ហើយ​អាជ្ញាធរ​នឹង​កែ​លម្អ​ពង្រីក​ខឿន​បន្ថែម​ទៀត ដែល​អាច​រក្សា​ទឹក​ក្នុង​បឹង​តា​ម៉ុ​កបាន​ច្រើន​ជា​មុន​ទៀត​។

លោក​អភិបាលស្រុក​បន្ត​ថា ដោយឡែក​ស្ពាន​អូរ​ជីក ដែល​ជា​ស្ពាន​របស់​មេដឹកនាំ​ខ្មែរក្រហម ដូច្នេះ​អាជ្ញាធរ​នឹង​រក្សា​អភិរក្ស​ទុក ហើយ​អាជ្ញាធរ​ក៏​កំពុង​តែ​ស្នើ​ទៅ​រាជរដ្ឋាភិបាល នឹង​កសាង​ស្ពាន​ថ្មី​មួយទៀត សំរាប់​ធ្វើ​ដំណើរ​ឆ្លងកាត់ ពីព្រោះ​ស្ពាន​អូរ​ជីក​សព្វថ្ងៃ ក៏​មាន​សភាព​ចាស់ និង​ខូច​អស់​មួយ​ផ្នែក​ដោយសារ​តែ​ទឹកជំនន់​ភ្លៀង វាយប្រហារ​ជា​រៀង​រាល់​ឆ្នាំ ហើយ​អូរ​ជីក​នេះ ក៏​មិន​អាច​ទប់​នឹង​ទម្ងន់​រថយន្ត​ដឹក​ទំនិញ​ធ្ងន់​ឆ្លងកាត់​បាន​ដែរ​៕