លោកស្រី ស៊ូ​ជី ក្លាយជា​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ទី​១​របស់​មី​យ៉ាន់​ម៉ា បង្ហាញមុខ​នៅ UN និពន្ធដោយ : ទេព អ៊ីវិសាល       September-22-2016, 9:19 pm         478

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកស្រី ស៊ូ​ជី ក្លាយជា​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ទី​១​របស់​មី​យ៉ាន់​ម៉ា បង្ហាញមុខ​នៅ UNលោកស្រីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាពដោយ៖ UN News Center)​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នា​សម័យប្រជុំ​លើក​ទី​៧១​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​តំណាង​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ វត្តមាន​របស់លោក​ស្រី​ក្នុង​ស្ថាប័ន​កំពូល​ពិភពលោក​នេះ បានធ្វើ​ឲ្យ​លោកស្រី ក្លាយជា​មេដឹកនាំ​ស៊ីវិល​ដំបូង​គេ​ហើយ​របស់​មី​យ៉ាន់​ម៉ា​ដែល​តំណាង​ឲ្យ​សហភាព​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ ក្នុង​រយៈពេល​ជាង​៥​ទសវត្សរ៍​ចុងក្រោយ​។​

​លោកស្រី អ៊ុង​សាន ស៊ូ​ជី ( Aung Sang Suu Kyi) នៅ​ថ្ងៃទី​២១ ខែកញ្ញា បាន​ថ្លែង​សុន្ទរកថា​នា​សម័យប្រជុំ​ពេញអង្គ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧១ ដោយ​លោកស្រី គឺជា​តំណាង​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ នាឱកាស​នៃ​ការផ្តល់​សុន្ទរកថា​ជា​លើកដំបូង​ក្នុងនាម​ជា​តំណាង​រដ្ឋាភិបាល​ស៊ីវិល​ទើប​ឡើងកាន់​អំណាច លោកស្រី ស៊ូ​ជី ឆ្លៀតឱកាស​ផ្តោ​ស​សំខាន់​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ផ្ទៃក្នុង​កន្លងមក​ដែលជា​បញ្ហា​ប្រឈម​នៃ​ដំណើរ​ការកសាង​សន្តិភាព​ដែលជា​គោលដៅ​មួយ​នៃ​គោលដៅ​ទាំង​១៧​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ​។

​លោកស្រី​ស៊ូ​ជី​ដែលជា​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ផងដែរ​នោះ បាន​អះអាង​ដែរ​ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថ្មី​របស់​លោកស្រី បាន​ប្តេជ្ញា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​ដែល​នឹង​នាំទៅរក​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សម្រាប់​សហគមន៍​ទាំងអស់​នៅក្នុង​ប្រទេស​។ លោកស្រី ក៏បាន​បន្ថែម​ដែរ​ថា រដ្ឋាភិបាល​របស់លោក​ស្រី ក៏​កំពុងតែ​អនុវត្ត​យុទ្ធសាស្ត្រ​មួយ​ដែល​ជំរុញ​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​ដើម្បី​ធានា​ឲ្យ​បានការ​យោគយល់ និង​ទុកចិត្ត​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​ផងដែរ​។

​ក្រៅពី​ការលើកឡើង​ពី​ដំណើរការ​នៃ​ការកសាង​សន្តិភាព ក្នុង​សុន្ទរកថា​រយៈពេល​ប្រមាណ​១៥​នាទី​នោះ មិន​ខុសពី​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត លោកស្រី ស៊ូ​ជី ក៏បាន​លើកឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​លោកស្រី ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព រួមមាន គោលនយោបាយ​សេដ្ឋកិច្ច ការធានា​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ បញ្ហា​អន្តោប្រវេសន៍ និង​បញ្ហា​ភេរវកម្ម​ផងដែរ​។

​យ៉ាងណា​ក៏ដោយចុះ រឿង​ដែល​គួរកត់សម្គាល់​ក្នុង​ព្រឹត្តិការណ៍​នេះ នោះ​គឺ​វត្តមាន​របស់លោក​ស្រី បានបង្ហាញ​ពី​ដំណើរ​ទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​ដែល​ធ្លាប់តែ​ចាក់​ឬ​ស​ដោយ​យោធា​ជាច្រើន​ទសវត្សរ៍​ហើយ​នោះ​។  ហើយ​ដូច​បានបញ្ជាក់ លោកស្រី គឺជា​មេដឹកនាំ​ដំបូងបង្អស់​ហើយ​ដែល​បាន​តំណាង​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​នៅក្នុង​អង្គការសហប្រជាជាតិ​គិត​ចាប់តាំងពី​ប្រទេស​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​។​

​សូម​រម្លឹក​ផងដែរ​ថា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ចូល​ដឹកនាំ និង​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​មី​យ៉ាន់​ម៉ា​នៅ​ខែមេសា​ឆ្នាំ​២០១៦​កន្លងទៅ បន្ទាប់ពី​បក្ស​របស់​លោកស្រី ឈ្នះ​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​លើកដំបូង​មី​យ៉ាន់​ម៉ា​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅ​៕