ប្រទេស​កោះ ផ្ញើ​ក្តីសង្ឃឹម​ចុងក្រោយ​លើ អ​.​ស​.​ប ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ និពន្ធដោយ : សៅ ផលនិស្ស័យ       September-22-2016, 9:59 pm         25

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រទេស​កោះ ផ្ញើ​ក្តីសង្ឃឹម​ចុងក្រោយ​លើ អ​.​ស​.​ប ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ មេដឹកនាំ​ប្រទេស​កោះ មីក្រូ​ណេ​ស៊ី និង Nauru  បានស្នើ​ឲ្យ​មេដឹកនាំ​ពិភពលោក​រួបរួមគ្នា​ប្រញាប់​ដាក់ចេញ​ដោះស្រាយ ឆ្លើយតប​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ ប្រទេសមួយ​ចំនួន​កំពុង​ប្រឈម​ការវិនាស​អន្តរាយ​ដោយសារ​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ និង​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងទៀត​។ ប៉ុន្តែ​គេ​ជឿជាក់​អង្គការសហប្រជាជាតិ​ជា​ក្តីសង្ឃឹម​តែមួយគត់ ដែល​អាច​គៀង​រក​ការគាំទ្រ​ដល់​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ដើម្បី​សង្គ្រោះ​បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ក៏ដូចជា​ពិភពលោក​ទាំងមូល​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ការប្រែប្រួល​អាកាសធាតុ​ក្លាយជា​កង្វល់​ធំ​បំផុត​សម្រាប់​ប្រទេស​កោះ​តូចៗ​ស្ថិតនៅ​កណ្តាល​សមុទ្រ និង​ប្រទេស​ក្រីក្រ​ផ្សេងទៀត​។ បើសិន​គ្មាន​ដំណោះស្រាយ​ជា​ដុំកំភួន​និង​ទាន់ពេលវេលា​ទេ ប្រទេស​ទាំងនេះ​នឹង​ប្រឈម​ភាព​វិនាស​អន្តរាយ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​នេះ​មិន​ខាន​។ ដោយសារ​ឃើញ​បញ្ហា​ប្រឈម​ច្រើន កាលពី​ចុងខែ​ធ្នូ​ឆ្នាំមុន បណ្តា​ប្រទេស​ជាច្រើន​ជាពិសេស​ប្រទេស​បំពុលបរិស្ថាន​ដូចជា​អាមេរិក​ជាដើម​នោះ​រួមគ្នា​បង្កើត​កិច្ចព្រមព្រៀង​អាកាសធាតុ​នៅក្នុង​កិច្ចប្រជុំ​ទីក្រុង​ប៉ារីស​។ វា​ជា​កិច្ចព្រមព្រៀង​ល្អ​ដែល​រួមចំណែក​ដោះស្រាយ​បញ្ហា​អាកាសធាតុ​នេះ ប៉ុន្តែ​បញ្ហា​ត្រង់​ថា ប្រទេស​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​នេះ​មាន​តិចតួច​ប៉ុណ្ណោះ​។

​ត្រឡប់មកវិញ ក្នុងចំណោម​កោះ​ដែល​ងាយ​រងគ្រោះ​ជាងគេ​និង​ប្រឈម​ផលប៉ះពាល់​រួចហើយនោះ​មាន​កោះ​គី​រី​បាទី​, មីក្រូ​ណេ​ស៊ី និង​កោះ Nauru ជាដើម​។ គី​រី​បាទី ដែលជា​កោះ​តូច​មួយ​ស្ថិតនៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នោះ​កំពុង​ប្រឈម​ការលិចលង់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ ហើយ​ដំណោះស្រាយ​ដំបូង​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​បានសម្រេច​ដាក់ចេញ​នោះ​គឺ ទិញ​ដី​នៅលើ​កោះ​ហ្វ៊ី​ជី​ប្រហែល ២៥០០​ហិកតា​សម្រាប់​ឲ្យ​ប្រជាជន​ខ្លួន​តាំង​ជម្រក ព្រោះ​ហ្វ៊ី​ជី​មាន​សុវត្ថិភាព​តែ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​ជាង ១០០០​គីឡូម៉ែត្រ​ពី​គី​រី​បាទី​នោះ​។ ហើយ រដ្ឋាភិបាល​ក៏បាន​លើកកម្ពស់​គោលនយោបាយ​ជំរុញ​ការ​ចំណាកស្រុក ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្លួន​ចាកចេញ​ទៅធ្វើ​ការបរទេស​ជាដើម​ផង​។

​ចំណែក​រដ្ឋ​មីក្រូ​ណេ​ស៊ី ក៏​ប្រឈម​ផលប៉ះពាល់​ខ្លាំង​ដែរ​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ​។ តែ​ប្រធានាធិបតី​រដ្ឋ​ប៉ាស៊ីហ្វិក​មួយ​នេះ​បាន​ពាំនាំ​ទុក្ខ​កង្វល់​របស់ខ្លួន​ទៅ​រៀបរាប់​ប្រាប់​បណ្តា​មេដឹកនាំ​ពិភពលោក​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​ក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​ពុធ​ទី ២១ កញ្ញា​។ លោក​ក៏​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់​ដាក់ចិត្ត​ដាក់​កាយ​បង្កើត​ដំណោះស្រាយ​បន្ទាន់​មួយ​ដើម្បី​ឆ្លើយតប​បញ្ហា​ប្រឈម​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ​។

ប្រទេស​កោះ ផ្ញើ​ក្តីសង្ឃឹម​ចុងក្រោយ​លើ អ​.​ស​.​ប ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ និពន្ធដោយ : សៅ ផលនិស្ស័យ       September-22-2016,  9:59 pm         25

១.​ ក្តីសង្ឃឹម​ចុងក្រោយ​រប​ស់​ប្រទេស​កោះ​គឺ​ពឹង​លើ​អង្គការ​សហ​ប្រជា​តិ​
​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុងសម័យ​ប្រជុំ​លើក​ទី ៧១ ប្រធានាធិបតី Peter Christian បាន​អះអាងថា ប្រទេស​ក្រីក្រ និង​ប្រទេស​កោះ​ដូចជា​ប្រទេស​មីក្រូ​ណេ​ស៊ី បាន​ទទូច​ឲ្យ​មានការ​យកចិត្តទុកដាក់​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ច្រើន​ទសវត្សរ៍​មកហើយ​។ ប៉ុន្តែ​ការអំពាវនាវ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ឡើយ រហូតដល់​មាន​អ្នក​ចាត់ទុកថា ការប្រែប្រួល​អាកា​ធាតុ​ជា​រឿង​បោកប្រាស់​ទៀត​។​

​លោក​ថ្លែងថា ៖ «​កាលពី​២៥​ឆ្នាំមុន ប្រទេស​ក្រីក្រ​តូចៗ​តស៊ូ​មតិ​ដើម្បី​ស្នើ​ឲ្យ​មានការ​ដាក់ចេញ​ដំណោះស្រាយ​ដើម្បី​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ ដោយ​យើង​លើក​ហេតុផល​ថា​យើង​កំពុង​ប្រឈម​ការវិនាស​ព្រោះ​ការកើនឡើង​នៃ​កម្រិត​នីវ៉ូទឹក​សមុទ្រ​និង​បញ្ហា​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងទៀត​»​។​

​ទោះជា​បែបនេះ​ក្តី មេដឹកនាំ​ប្រទេស​កោះ​មួយ​នេះ​ជឿជាក់ថា វេទិកា​អង្គការសហប្រជាជាតិ​នឹង​ក្លាយជា​វេទិកា​សំខាន់​មួយ​ដើម្បី​កៀងគោ​រក​ការគាំទ្រ​និង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។ ហើយ​លោក​ជឿជាក់​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ដែល​សម្រេចបាន កាលពី​ខែធ្នូ​ឆ្នាំមុន ហើយ​លោក​រំពឹងថា​កង្វល់​ដែល​លោក​បាន​រៀបរាប់​នៅ​ចំពោះមុខ​បណ្តា​មេដឹកនាំ​ពិភពលោក​នឹង​បញ្ចុះបញ្ចូល​ឲ្យ​មាន​ការធ្វើសកម្មភាព​រួម​គ្នា​មួយ​។​

​លោក​បន្តថា​៖«​អង្គការសហប្រជាជាតិ​នៅតែ​ជា​ក្តីសង្ឃឹម​ចុងក្រោយ​របស់​យើង ដែល​អាច​ជំរុញ​រាល់​ឆន្ទៈ​នយោបាយ និង​ការប្តេជ្ញាចិត្ត​របស់​ពិភពលោក​ក្នុងការ​កំណត់​ដំណោះស្រាយ​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​។ ហើយ​យើង​រំពឹង​មុតមាំ​ថា​សមាជិក​អង្គការ​សហ​ប្រជា​តិ និង​បណ្តា​ប្រទេស​ជា​មេដឹកនាំ​ពិភពលោក​នឹង​រួមចំណែក​ទទួលយក​បន្ទុក​ដោះស្រាយ​បញ្ហា​អាកាសធាតុ និង ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​តាម​ការគួរ​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​»​។​

​ចំណែក ប្រធានាធិបតី កោះ Nauru លោក Baron Divavesi Waqa បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​រួមគ្នា​ដើម្បី​អនុវត្ត​គោលការណ៍​អភិវឌ្ឍ​ជា​ចីរភាព​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០៣០​ឲ្យ​បាន​ពេញលេញ ដើម្បី​ឈាន​ឆ្ពោះទៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។ នេះ​ក៏ដោយ មេដឹកនាំ​រូបនេះ​មើលឃើញថា ប្រទេស​កោះ​ទាំងអស់​រួមទាំង​ប្រទេស​ឯទៀត​លើ​ពិភពលោក​នឹង​ប្រឈម​ផលប៉ះពាល់​កាន់តែច្រើន​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខនេះ​។​

​លោក​ថ្លែងថា​៖«​ខ្ញុំ​យល់ថា ការប្រែប្រួល​អាកាសធាតុ​នឹង​ក្លាយជា​ផល​លំបាក​ធំ​បំផុត​សម្រាប់​មនុស្សជាតិ ស្រប​ពេលដែល Nauru នឹង​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ត្រូវ​ជួប​ផលប៉ះពាល់​អាក្រក់​បំផុត​ដែល​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​នេះ​។  ផលប៉ះពាល់​នេះ​នឹង​បន្ត​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ទៅមុខ ហើយ​យើង​មានចំណេះដឹង​តិច​តូច​ប៉ុណ្ណោះ​ជុំវិញ​ការរស់នៅ​របស់​មនុស្ស​ក្នុងស្ថានភាព​អាក្រក់​នេះ​»​។​

​ហើយ​លោក​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា កិច្ចព្រមព្រៀង​នឹង​ចូល​ជាធរ​មាននៅ​ឆ្នាំនេះ ហើយ​លោក​ប្តេជ្ញាចិត្ត​ថា​នឹង​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដែរ​ដើម្បី​អនាគត​ទាំងអស់គ្នា​។ តាមពិតទៅ ប្រទេស​កោះ Nauru បាន​ក្លាយជា​រដ្ឋ​ដំបូងបង្អស់​ដែល​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ដែរ​។

២.​ក្តីសង្ឃឹម​នៅមាន ខណៈ​កិច្ចព្រមព្រៀង​អាកាសធាតុ​កាន់តែ​ជិត​ចូល​ជា​ធរមាន​
​តាមពិតទៅ​ដំណឹង​ល្អ​គឺ កិច្ចព្រមព្រៀង​អាកាសធាតុ​កាន់តែ​ជិត​ចូល​ជា​ធរមាន ដោយសារ​ប្រទេស​ជាច្រើន​ផ្សេងទៀត​ចាប់ផ្តើម​ផ្ត​ល់ស​ចា្ច​ប័ន​។  អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​ក្លាយជា​វេទិកា​ដែល​ប្រទេស​ជា​សមាជិក​មួយចំនួន បង្ហាញ​ទៅកាន់​ពិភពលោក​ថា ខ្លួន​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​តាមរយៈ​ការផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។​

​កាលពីដើម​ខែកញ្ញា​នេះ ប្រទេស​ដែល​បំពុលបរិស្ថាន​ខ្លាំង​បំផុត​មាន​អាមេរិក និង​ចិន​នោះបាន​នាំយក​ឯកសារ​ពាក់ព័ន្ធ​ការផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​អាកាសធាតុ​ទៅជូន​ដល់ដៃ​លោក បាន គី​មូ​ន នៅក្រៅ​កិច្ចប្រជុំ​ប្រទេស​២០​នៅ​ហាង​ចូ​វ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ខាងលើ ក៏បាន​សរសើរ​ការដឹក​នាំ​ដ៏​ប៉ិនប្រសព្វ​និង​ល្អប្រសើរ​របស់លោក ស៊ី ជិន​ពីង ក៏ដូចជា​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​រួមគ្នា​។​

​កន្លងមក​ព្រឹទ្ធសភា​អាមេរិក​បាន​ទាត់ចោល​ពិធីសារ Kyoto ដែលមាន​គោលដៅ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ដែរ​។ ប៉ុន្តែ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រើប្រាស់​អំណាច​ជា​ប្រធានាធិបតី​របស់លោក​ដោយ​រក្សា​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ដោយ​មិនចាំបាច់​ឆ្លង​ព្រឹទ្ធសភា​។ លោក​អះអាងថា កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​មិនមែនជា​កិច្ចព្រមព្រៀង​ធម្មតា ដែល​ចាំបាច់​ត្រូវមាន​ការផ្តល់​សច្ចាប័ន​ពី​ព្រឹទ្ធសភា​ឡើយ​។​

​ត្រឡប់មកវិញ នៅ​ថ្ងៃ​ពុធ​ទី ២១​កញ្ញា នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ប្រទេស​ចំនួន​៣១ ក្នុងនោះ​មាន​អា​ហ្ស​ង់​ទីន​, ប្រេ​ស៊ី​ល​, ម៉ិ​ក​ស៊ិ​ក​, ព្រុយ​ណេ និង​អារ៉ាប់​រួម​បានប្រកាស​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នេះ​។ ហើយ​ម៉ា​រ៉ុ​ក ដែល​ទទួលបន្ទុក​រៀប​ចំ​កិច្ចប្រជុំ​អាកាសធាតុ​អង្គការសហប្រជាជាតិ​នៅ​ខែវិច្ឆិកា​ខាងមុខ ក៏បាន​បញ្ជូន​លិខិត​តូ​បក​រណ៍​បញ្ជាក់​ពី​ការផ្តល់​សច្ចាប័ន​ដល់​អង្គការសហប្រជាជាតិ​ដែរ​។​

​កិច្ចព្រមព្រៀង​ប៉ារីស​ស្តីពី​អាកាសធាតុ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រទេស ១៨៧ តាំងពី​ខែធ្នូ​ឆ្នាំមុន​មក​នោះ​មិន​ចូល​ជា​ធរមាន​ភ្លាមៗ​ឡើយ ព្រោះ​មាន​ប្រទេស​ចំនួន ២៩​ប៉ុណ្ណោះ​ដែល​បានផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​នេះ​កន្លងមក​។  ដើម្បី​ចូល​ជា​ធរមាន វា​ត្រូវការ​ប្រទេស​ចំនួន ៥៥ ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាងហោចណាស់​ស្មើ ៥៥​ភាគរយ​ព្រម​ផ្តល់​សច្ចាប័ន​។ មកទល់​បច្ចុប្បន្ន ប្រទេស​ផ្តល់​សច្ចាប័ន​មាន​រហូតដល់ ៦០ ប៉ុន្តែ​ប្រទេស​ទាំងនេះ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ស្មើ​ត្រឹម ៤៧.៧ ភាគរយ ប៉ុណ្ណោះ​។

​ដូច្នេះហើយ លោក បាន គី​មូ​ន បាន​ថ្លែង​ប្រកបដោយ​សុទិដ្ឋិនិយម​ថា កិច្ច​ព្រម​ពៀង​នេះ​នឹង​អាច​ចូល​ជា​ធរមាន​នៅក្នុង​ឆ្នាំ ២០១៦​នេះ ហើយ​លោក​សង្ឃឹម​ខ្ពស់​ថា​ការចូល​ជា​ធរមាន​នឹង​រួមចំណែក​ក្នុងការ​គាំពារ​ពិភពលោក និង​ធ្វើ​ឲ្យ​ពិភពលោក​មាន​សុវត្ថិភាព និង​មាន​វិបុលភាព​ថែមទៀត​៕