ចាប់ឡានដឹកឈើ បែរជាចាប់បានចោរលួចវត្ថុបបុរាណ

6 Videos


សមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានចាប់ឡាន ១ គ្រឿងម៉ាក Camry ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A-8316 ដែលសង្ស័យថា ផ្ទុកឈើខុសច្បាប់ បែរជារកឃើញវត្ថុបុរាណខុសច្បាប់ទៅវិញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានរថយន្តដូចភិនភាគខាងលើមានការដឹកបទល្មើសខុសច្បាប់ធ្វើដំណើរចេញពីស្រុកស្វាយលើ ចូលមកតាមផ្លូវម៉ាឡេ ត្រង់ ចំណុច(ភ្នំតូច)ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបនោះ ក្រុមការងារបានធ្វើការល្បាត តាមដង ផ្លូវបានឃើញក៍ធ្វើការស្ទាក់ចាប់មុខសញ្ញាខាងលើដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែរថយន្តនោះមិនឈប់ ហើយបានបើករត់គេចចេញពីសមត្ថកិច្ច ។ ភ្លាមៗនោះ សមត្ថកិច្ចក៍បានដេញតាម ហើយជនសង្ស័យក៏បានបើកគេចទៅតាមផ្លូវ ភូមិត្បែងខាងលិច ហើយបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

សមត្ថកិច្ចក៏បានស្ទូចរថយន្តបទល្មើស មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ហើយបានធ្វើការឆែកឆេរ រកឃើញវត្ថុតាងមានថ្មរាងកំពូលប្រាសាទបុរាណ២ដុំមាន សណ្ឋានលក្ខណៈជាកំពូលសីម៉ាប្រាសាទមានទំហំ ៤៥ សង់ទីម៉ែត្រ គុណ ៣៨ សង់ទីម៉ែត្រ កំពស់ ៩០ សង់ទីម៉ែត្រ ថង់យាមលោកសង្ឃ ១ ស្រោមបាតចំនួន ១ វិក័យប័ត្រវីង ១ សន្លឹក ដែលមានលេខទូរស័ព្ទអ្នកផ្ញើរនិងអ្នកទទួល និង រថយន្តមួយគ្រឿងម៉ាក Camry ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A-8316 សេរីឆ្នាំ ១៩៩៣ ។

នៅពេលនេះគេមិនទាន់បញ្ជាក់ពីអត្ថសញ្ញាណវត្ថុបុរាណទាំងអស់នោះនៅឡើយទេ ៕   សុថាត់