ឃ្លាំង​ស្តុក​ឈើ​ប្រណីត​មួយកន្លែង​របស់​ចែ ណាក់ ប្រពន្ធ​លោក ប៉េង ហេង​ហាក់ មេ​នគរបាល​ស្រុក​តំបែរ​ដែលជា​ឆ្នាំងបាយ​ដុះ​ស្នឹម​របស់​មន្ត្រី​ជំនាញ​ត្រូវ​វាយ​បំបែក​លាង​ចេញ​ម្តង​!

ខេត្តត្បូងឃ្មុំ៖ ពលរដ្ឋលួចសើចពេញស្រុកមេមត់ នៅពេលគេដឹងល្ហៀកៗថា ឃ្លាំងស្តុកឈើប្រណីតដុះស្លែមួយកន្លែង ដែលនរណាក៏គេដឹងគេក៏ស្គាល់ជាយូរយាណាស់មកហើយថា ជារបស់ចែ ណាក់ ប្រពន្ធលោកប៉េង ហេងហាក់ អធិការនគរបាលស្រុកតំបែរ នៃខេត្តត្បូងឃ្មុំ និងជាអតីតជាអធិការនគរបាលស្រុកមេមត់ដែរនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការព័ទ្ធចាប់រឹបអូសហាក់គ្មានការយោគយល់ខុសសព្វមួយដង ដែលពលរដ្ឋបានខ្សឹបខ្សៀវតៗគ្នាថា ទំនងមកពីនៅស្រុកមេមត់អត់មានអំណាចប្តីធ្វើជាខ្នងបង្អែកដូចមុន ឬជាការកាច់កុងសងសឹកគ្នា ឬអាចមន្ត្រីខិលខូចកោសរូសទារប្រាក់ច្រើនជាងមុនមិនបានទើបអូសទាញឲ្យមានបទបញ្ជាពីផ្ទាល់ពីលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូង ឃ្មុំចុះបង្ក្រាបយ៉ាងគួរឲ្យភ្ញាក់ផ្អើល ហើយទំនងលោកអភិបាលខេត្តមានការអន់ចិត្តនឹង«កូនកំពឹស» នេះផង ក៏មិនដឹង។ គេចាំមើលគ្រប់ៗគ្នាថាតើលោកអភិបាលខេត្ត ប្រាជ្ញ ចន្ទ អនុវត្តច្បាប់ដាក់បន្ទុក ចែ ណាក់ ប្រពន្ធលោក ប៉េង ហេងហាក់ អធិការនគរបាលស្រុកតំបែរ នៃខេត្តត្បូងឃ្មុំនេះកម្រិតណា?។

សមត្ថកិច្ចចម្រុះបានបង្ក្រាបឃ្លាំងឈើ ចែ ណាក់ កាលពីម៉ោងជិត៧ល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ នៅចំណុចច្រកត្រាវ ស្ថិតក្នុងភូមិត្រពាំងរាំងកើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឃាត់បាននូវរថយន្ត១គ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស្ករ គ្មានស្លាកលេខ និងឈើអារប្រណីតប្រភេទធ្នង់ជាច្រើនដុំ ដែលមានម្ចាស់ឈ្មោះ ភារម្យ ជាកូនប្រសារ របស់ចែណាក់ ប្រពន្ធរបស់លោកអធិការនគរបាលស្រុកតំបែរ។ ប៉ុន្តែមុនពេលដែលសមត្ថកិច្ចទៅដល់ គឺម្ចាស់រថយន្តឈ្មោះ ភារម្យ បានរត់គេចខ្លួនបាត់។ ដោយសមត្ថកិច្ចហាក់ភ្ញាក់រលឹកហើយសំអាងថា កន្លងមកការ រកស៊ីទិញលក់ ស្តុកឈើ និងការដឹកជញ្ជូនឈើរបស់ចែណាក់ខាងលើ គឺគ្មានលិខិតអនុញ្ញាតិអ្វីឡើយ ហេតុនេះ ហើយកម្លាំងសមត្តកិច្ចចម្រុះ បានធ្វើការចាប់ឃាត់ឈើប្រណីតទាំងអស់ព្រមទាំងរថយន្ត រួមទាំងម៉ូតូដឹកបទល្មើសមួយគ្រឿង នាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាល ព្រៃឈើមេមត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់(Sic)។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងដែរថា ការចុះព័ទ្ធចាប់ឃ្លាំងស្តុកឈើរបស់ចែណាក់ កាលពីម៉ោងជិត៧ល្ងាច ថ្ងៃទី១៩ ខែកញ្ញានេះ គឺធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំខេត្តទំនងក្តៅស្លឹកត្រចៀករឿងអីមួយ ហើយ ព្រោះបើតាមគេដឹងគ្រប់ៗគ្នានៅស្រុមេមត់ស្ទើតែពេញខេត្តត្បូងឃ្មុំ ចែ ណាក់មិនមែនជាឈ្មួញឈើថ្មីថ្មោងនោះទេ ដុះស្នឹមទៅហើយ។ ជំនួញឈើរបស់ចែណាក់កន្លងទៅបានក្លាយជាឆ្នាំងបាយរបស់សមត្ថកិច្ចមិនតិចទេដែលបានសើមមាត់សើមករហូតនាំគ្នាជួយលាក់បាំងបទល្មើងរាប់សិបឆ្នាំមកហើយ។ សួរថាហេតុអ្វីសមត្ថកិច្ចបង្ក្រាបពេលនេះ?។ ប្រភពបានបន្តថា ជារៀងរាល់ខែ គឺចែណាក់ តែងតែឲ្យកូនប្រសារឈ្មោះ ភារម្យ យកលុយមកបង់ឲ្យខាងជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅទីនោះរួចរាល់អស់ហើយ ទើបការរកស៊ីរបស់គាត់ ដំណើរការទៅបានយ៉ាងរលូនរហូតដល់បច្ចប្បន្ន។

ដោយឡែកពលរដ្ឋអ្នកខេត្តត្បូងឃ្មុំក៏មជ្ឈដ្ឋានទូទៅចង់ឃើញលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងដាក់ចេញបទបញ្ជាបង្ក្រាបការជួញដូរឈើល្មើសច្បាប់ជាទូទៅ កុំរើសមុខ ទាំងឈ្មួញតូចឈ្មួញធំ រួមទាំងឧកញ៉ាអន្ទ្រើសៗ ដែលកំពុងប្រើប្រាសច្រកមួយចំនួនក្នុងខេត្តត្បូងឃ្មុំរត់ពន្ធឈើទៅវៀតណាម យ៉ាងរលូន ដែលគេសង្ស័យថា មន្ត្រីជំនាញ មន្ត្រីពាក់ព័ន្ធ មួយចំនួន ជាពិសេសអាជ្ញាធរខេត្តប្រកដជាត្រូវដងត្រូវផ្លែនឹងគ្នា! ហើយបើមិនមែនដូចការចោទប្រកាន់នេះទេ គួរតែបិទសកម្មភាពដឹកជញ្ជូឈើទៅវៀតណាមទាំងស្រុងទៅ ដើម្បីឲ្យមហាជនមើលឃើញថាអាជ្ញាធរខេត្តនេះបានយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់សម្តេចតេជោ ដែលបានបញ្ជាឲ្យអភិបាលខេត្តទប់ស្កាត់ឲ្យបានជាដាច់ខាតកុំឲ្យមានការរត់ពន្ធឈើទៅវៀតណាមតទៅទៀតនោះ។ តែប្រសិនបើការបង្ក្រាបការជូញដូរឈើធ្វើឡើងគ្រួសារលោក ប៉េង ហេងហាក់ អធិការនគរបាលស្រុកតំបែរតែមួយ ហើយសកម្មភាពជួញដូរ និងដឹកឈើទៅវៀតណាមរបស់ឈ្មួញដទៃទៀតនៅតែមានសភាពប្រក្រតីដដែលជាដដែលទេ អាគេថាបញ្ហានេះជាការកាច់កុងគ្នា!៕

ka-22-09-2016-35

ka-22-09-2016-36