បុរស​វ័យ​៥៥​ឆ្នាំ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (​ភូមិ​ខ្ទុំ​កើត​) ត្រូវ​ឃាតក​កាប់សម្លាប់​

ខេត្តត្បូងឃ្មុំ៖ សកម្មជនគណបក្សប្រឆាំងម្នាក់នៅស្រុកត្បូងឃ្មុំ ត្រូវបានជនមិនស្គាល់មុខកាប់មួយកាំបិតចំក្បាលស្លាប់នៅនឹងកន្លែងកាលពីយប់ម៉ោងប្រហែល ២២ និង៣០នាទីថ្ងៃទី២១ កញ្ញានេះ។ រហូតមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់កំណត់មុខសញ្ញាឃាតកបាននៅឡើយទេ។ ហើយករណីនេះត្រូវបានមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ ស្នើឲ្យសមត្ថកិច្ចវែកមុខចាប់ឃាតកដៃដល់ដែលសម្លាប់សកម្មជនគណបក្សខ្លួន យកមកផ្ដន្ទាទោសឲ្យបានឆាប់រហ័ស។

ជនរងគ្រោះមានឈ្មោះលោក ឃិន អ៊ាប អាយុ ៥៥ឆ្នាំ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ភូមិខ្ទុំកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ត្រូវបានឃាតកដៃដល់សម្លាប់ ខណៈដែលលោកធ្វើដំណើរត្រឡប់មកពីផ្ទះបងប្អូននៅភូមិខ្ទុំកើត កាលពីម៉ោង ៨កន្លះយប់ថ្ងៃទី២១ កញ្ញា។ ករណីនេះសមត្ថកិច្ចឆ្លើយថាជារឿងគំនុំ។ ជាមួយនឹងករណីនេះលោក សេង ស៊ាងលី ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ បាន ស្តែងការព្រួយបារម្ភថារឿងនេះគាត់មានព្រួយបារម្ភណាស់ ព្រោះខ្លាចគេធ្វើអំពើបែបនេះមកលើពួកគាត់ទៀត ។

ឆ្លើយតបនឹងបញ្ហានេះ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ឡុង សារឹន មានប្រសាសន៍ថា សមត្ថកិច្ចចុះស៊ើបអង្កេតអស់មួយព្រឹក ហើយសន្និដ្ឋានជំហានដំបូងថា ករណីឃាតកម្មនេះអាចជារឿងគំនុំផ្ទាល់ខ្លួន ប៉ុន្តែលោកថា សមត្ថកិច្ចពុំទាន់កំណត់មុខសញ្ញាច្បាស់លាស់ថាជនដៃដល់ជានរណានៅឡើយ។ ដោយណែកសាច់ញាតិនៃសពបាននិយាយប្រាប់ខ្ញុំដែរ ថាកន្លងមកជនរងគ្រោះធ្លាប់មានទំនាស់តិចតួចជាមួយអ្នកភូមិជិតខាង។ ហើយនេះជាតម្រុយមួយដែលសមត្ថកិច្ចកំពុងតែស៊ើបអង្កេតមើលលើរឿងនេះ៕

ka-22-09-2016-35