ឃើញ​ខ្មោច​ក្លែង​ខ្លួន​ ស្មាន​តែ​ជា​ពូ

កាល​ខ្ញុំ​នៅ​អាយុ​៧-៨​ឆ្នាំ​ ម៉ែ​តែង​ប្រើ​​ឱ្យ​កៀង​គោ​ចូល​ក្រោល​វិញ​រៀង​រាល់​ល្ងាច​ម៉ោង​ប្រាំ​ ឬ​ ប្រាំ​មួយ។

ថ្ងៃ​នោះ​ក៏​ដូច​សព្វ​មួយ​ដង​ដែរ​….
មេឃ​ឡើង​ពណ៌​ក្រហម​ព្រោះ​តែ​ពន្លឺ​ព្រះ​អាទិត្យ​ រៃ​ចាប់​ផ្ដើម​យំ​​​ឱ្យ​ក្រលួច​ពេញ​តែ​ព្រៃ​​មួយ​ដុំ​ដែល​​កណ្ដាល​ដី​វាល​ស្រែ ឯ​ខ្ញុំ​ដើរ​បណ្ដើរ​ច្រៀង​បណ្ដើរ​ ដៃ​កាន់​ឈើ​មួយ​​កៀង​គោ​បី​ក្បាល​។ ភ្លាម​នោះ​ស្រាប់​តែ​ឃើញ​ពូ​​ខ្ញុំ​ នៅ​ប្រហែល​ដប់​ម៉ែត្រ​ខាង​មុខ​ ស្លៀក​ខោ​ខៀវ​ អាវ​ពណ៌​ត្នោត​​ឈរ​បែរ​ខ្នង​ដាក់​ខ្ញុំ​។
ខ្ញុំ​ភ្ញាក់​ព្រើត​ ឆ្ងល់​ថា​គាត់​ដើរ​ម៉ោ​ពី​ណា​ម៉េច​ក៏​លឿន​ម្ល៉េះ? ហើយ​ខ្ញុំ​មិន​ឃើញ​គាត់​ដើរ​មក​អ៊ីចឹង? ធម្មតា​គួរ​តែ​ឃើញ​តាំង​ពី​ចម្ងាយ។

 

ឃើញ​ខ្មោច​ក្លែង​ខ្លួន​ ស្មាន​តែ​ជា​ពូ

(រូបតំណាង)

 

ខ្ញុំ​ស្រែក​ហៅ​គាត់​លេង​ តាម​របៀប​ក្មេង​ស្រុក​ស្រែ៖
«ពូ​ខ្នា​អើយ! ម៉ោ​ពី​រៀន​ហើយ​ដេស?»
ព្រោះ​កាល​នោះ​គាត់​រៀន​ថ្នាក់​ទី​១១​ ហើយ​ល្ងាច​ឡើង​គាត់​ច្រើន​តែ​រៀន​គួរ​បន្ថែម។ គាត់​មិន​តប​ ហើយ​ខ្ញុំ​ក៏​ក្រឡេក​ទៅ​ប្រមូល​ខ្សែ​គោ​ហើយ​ដឹក​វា​ តែ​ពេល​នោះ​ស្រាប់​តែ​បាត់​ពូ​ខ្នា​ឈឹង!
តែ​ស្រមោល​ក៏​មិន​ឃើញ​ដែរ… ក្នុង​ចិត្ត​ចេះ​តែ​គិត​ថា​​គាត់​ទៅ​ណា​បាត់​ហើយ? បែប​រត់​ទៅ​ផ្ទះ​បាត់​ហើយ​យ៉ាង!
ខ្ញុំ​ក៏​ហួច​លេង​​ដឹក​គោ​មក​ក្រោល​​ រួច​ដៃ​ហើយ​ខ្ញុំ​ដើរ​ទៅ​ផ្ទះ​ពូ​ខ្នា​​​ឃើញ​កង់​គាត់​ផ្អែក​នឹង​សសរ​ផ្ទះ ហើយ​គាត់​គឺ​នៅ​ស្លៀក​ខោអាវ​សិស្ស​នៅ​ឡើយ​ទេ​។ ខ្ញុំ​ក៏​សួរ៖
«ពូ​ខ្នា! មិញ​មាន​ទៅ​វាល​ធំ​ខាង​កើត​ស្រែ​មីង​ញ៉ឹប​ដេស?»
គាត់​ស្រាត​ខោ​​​បណ្ដើរ​តប​បណ្ដើរ៖
«អញ​ទើប​ធាក់​កង់​មក​ពី​រៀន​មិញ​ មាន​បាន​ជិះ​កាត់​ហ្នឹង​ណា?»
«ចុះ​ពី​ណា​មក​ឈរ​មុខ​ខ្ញុំ​កាល​ហ្នឹង?»
«អញ​មិន​ដឹង​ទេ!»

ខ្ញុំ​នៅ​ងីងើ​មិន​ទាន់​បាត់​ឆ្ងល់​ ព្រោះ​នៅ​ស្រែ​ខ្ញុំ​ឃើញ​គាត់​ច្បាស់​ណាស់​ បើ​ទោះ​ជា​គាត់​ឈរ​បែរ​ខ្នង​ក៏​ខ្ញុំ​មើល​ស្គាល់​ដែរ។
ភ្លាម​នោះ​ម៉ែ​ក៏​ដើរ​មក​កាត់​ផ្ទះ​ពូខ្នា​ដែរ​ ដោយ​មាន​មាន​កាន់​ល្អី​ផង​ ប្រហែល​មក​ពី​បេះ​ល្ហុង​​ហើយ​យ៉ាង ព្រោះ​ពី​ព្រឹក​គាត់​ថា​ចង់​ស្ល​ម្ជូរ​ល្ហុង​។

ខ្ញុំ​រ៉ាយរ៉ាប់​ប្រាប់​ម៉ែ​ ចប់​សព្វ​គ្រប់​ គាត់​ថា​ ខ្មោច​វាល​ធំ​គេ​លង​តែ​ចឹង​ ជួន​បន្លំ​ធ្វើ​អ្នក​នេះ​ អ្នក​នោះ​ឱ្យ​យើង​ច្រឡំ​ មក​តែ​មួយ​ភ្លែត​ក៏​ទៅ​វិញ​បាត់​ តែ​មិន​ដែល​ធ្វើ​អី​អ្នក​ភូមិ​ទេ។
ខ្ញុំ​ណេះ​ឮ​ហើយ​ ចង់​រាគ​នោម​តាម​ក្រោយ! ចឹង​អ្នក​ដែល​ខ្ញុំ​ឃើញ​នៅ​វាល​ធំ​គឺ​ជា​ខ្មោច​ មិន​មែន​ពូ​ខ្នា​ផង?

តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​ស្បថ​ឈប់​សូម្បី​តែ​ដើរ​កាត់​វាល​ធំ​នោះ។
នេះ​ឯង​​ជា​អនុស្សាវរីយ៍​របស់​ខ្ញុំ​កាល​នៅ​តូច។ មិន​មែន​ជា​មនុស្ស​ដែល​ខ្ញុំ​ចងចាំ​ទេ​ គួរ​តែ​ដាក់​ថា​ខ្មោច​ដែល​ខ្ញុំ​ចងចាំ​វិញ​សម​ជាង!

 

ចូល​ទីចាត់ការ​​ម្ដង​ ​នាយក​ចាំ​មុខ​ច្បាស់ដូចថ្ងៃ

អត្ថបទ៖ អា​ជិះ​ទ្វារ

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា