ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៥៥)

ភាគ​ទី​៥៥

ខណៈ​នោះ ​លោក​តា​ចម្លែក​ដើរ​ទៅ​ដល់​កន្លែង ​ដែល​មាន​ព្រែក​មួយ​កាត់​ទទឹង​ផ្លូវ។ លុគង់អ៊ិង​ដណ្ដឹង​សួរ​ថា៖
«អឺ! ព្រែក​នេះ​តូច​មែន តែ​មាន​ទឹក​ជ្រៅ​ណាស់ ​ហើយ​គ្មាន​ស្ពាន​ចម្លង​ផង ចាំ​មើល​តា​នេះ​ឆ្លង​ព្រែក​បែប​ណា»
នុ៎ះ! ការណ៍​មួយ​ដ៏​ប្លែក​អស្ចារ្យ​បាន​កើត​ឡើង​នៅ​ចំពោះ​មុខ​អ្នក​ផង​នានា ​គឺ​តា​នោះ​ចុះ​លុយ​ទឹក​ព្រែក ដែល​លិច​តែ​ត្រឹម​ជង្គង់​គាត់ គាត់​យក​អាង​ពី​លើ​ក្បាល​បោះ​ប្រូស​ទៅ​ម្ខាង ​ហើយ​ចុះ​លុយ​ទឹក​ព្រែក​ដើរ​ខ្វាត់​ខ្វែង​ម្ដង​ទៅ​ឆ្វេង​ម្ដង​ទៅ​ស្ដាំ ដើរ​យ៉ាង​លឿន​គួរ​ស្ងើច​ពន់​ពេក។

 

កួកឆេង ហួងយុង​ធ្លាប់​ឮ​គេ​ដំណាល​អំពី​វីរបុរស​ខ្លះ ដែល​មាន​ថាមពល​ក្នុង​កាយ​ដ៏​ខ្លាំង​ក្លា តែ​មិន​ដែល​ឮ​ថា ​មាន​មនុស្ស​ទូល​អាង​ទឹក​ធ្ងន់​រាប់​ពាន់​នាឡិ ដើរ​កាត់​ទឹក​លឿន​ត្រុយ​ដូច​គេ​រត់​លើ​គោក​យ៉ាង​នេះ​នៅ​ឡើយ។ បើ​គេ​ពុំ​បាន​ឃើញ​ការណ៍​នេះ​ដោយ​ផ្ទាល់​ ប្រាកដ​ជា​គេ​ពុំ​អាច​ជឿ​បាន​ឡើយ។ មិត្ត​ទាំង​ពីរ​វិនិច្ឆ័យ​ថា៖
«អឺ ហ្ន៎! បើ​មាន​អ្នក​ខ្លាំង​ពូកែ​បែប​នេះ​ ឃើញ​ថា​យុទ្ធ​សិល្ប៍​របស់​យើង​មិន​ខុស​ពី​កង្កែប​នៅ​ក្នុង​អណ្ដូង​ទឹក​ទៅ​ហើយ?»
មិត្ត​ទាំង​ពីរ​កាន់​តែ​ស្ងើច​លោក​តា​នេះ​ថែម​ឡើង ដោយ​ពុំ​បាន​ឮ​ឬ​បាន​ឃើញ​ការណ៍​ដ៏​អស្ចារ្យ​នេះ​នៅ​ឡើយ។

 

ខណៈ​នោះ​សំណើច​ហាសៗ បាន​ផ្ទុះ​ឡើង ​គឺ​តា​នោះ​បាន​ហក់​ផ្លូច​ទៅ​អង្គុយ​លើ​ដុំ​ថ្ម​ខ្ពស់​មួយ សួរ​ទៅ​លុគង់អ៊ិង​ថា៖
«លោក​ក្មួយ​ជា​ម្ចាស់​នៃ​កូន​ភូមិ​លុជាជង​ ហើយ​ដែល​ជា​មេ​បញ្ជាការ​លើ​បឹង​ថៃហ៊ូ​នេះ​ឬ?»
លុគង់អ៊ិង​ឆ្លើយ​យ៉ាង​គោរព​ថា៖
«ខ្ញុំ​បាទ​ពុំ​មែន​ជា​ចៅ​ហ្វាយ​នាយ​អ្វី​ទេ ​សុំ​លោក​ម្ចាស់​មេត្តា​ឱ្យ​ខ្ញុំ​បាទ​ស្គាល់​នាម​ផង»
តា​មិន​ឆ្លើយ​ទេ ងាក​មក​សួរ​កួកឆេង​និង​ហួងយុង​ថា៖
«អូ! លោក​ទាំង​ពីរ​អញ្ជើញ​មក​ទីនេះ​ដែរ?»

 

លុគង់អ៊ិង​ងាក​មក​ឃើញ​កួកឆេង​និង​ហួងយុង​ឈរ​ពី​ក្រោយ​ខ្នង​មែន​ក៏​ឆ្ងល់​ណាស់​ដែរ។ ឆ្ងល់​ដោយ​ហេតុ​អ្នក​ទាំង​ពីរ​បាន​តាម​កិត​ជាប់​ពី​ក្រោយ​ខ្នង​យ៉ាង​យូរ ហើយ​គ្មាន​ឮ​សូរ​មួយ​ខ្សៀក​សោះ ស​ឱ្យ​ឃើញ​ថា​ អ្នក​ទាំង​ពីរ​មាន​យុទ្ធ​សិល្ប៍​ដល់​កម្រិត​ខ្ពស់​ជាង​ខ្លួន​ដ៏​លើស​លប់។ នាយ​រឹត​តែ​ឆ្ងល់​ដោយ​ស្មាន​ថា អ្នក​ទាំង​ពីរ​ជា​បញ្ញវន្ត​ខាង​អក្សរសាស្ត្រ​ដោយ​មិន​ស្មាន​ថា​ ចេះ​ប្រើ​វិធី​សម្រាល​ខ្លួន​យ៉ាង​ជំនាញ​ដូច​នេះ​សោះ ម្យ៉ាង​ទៀត​នាយ​បាន​រស់​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ​ប៉ុន្មាន​ថ្ងៃ​ដែរ មិន​គួរ​យល់​មិន​ច្បាស់​យ៉ាង​នេះ​ឡើយ។
កួកឆេង​និង​ហួងយុង​ដើរ​ចេញ​ពី​ក្រោយ​ខ្នង​លុគង់អ៊ិង លើក​ដៃ​ប្រណម្យ​ពោល​វាចា​ទៅ​កាន់​តា​នោះ​ថា៖
«ខ្ញុំ​សូម​គោរព​លោក​តា!»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៥៥)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ