ទៅ​ទារ​លុយ​អត់​បាន​ហើយ​បែរជា​ត្រូវ​បង់​១៥០​ដុល្លារ​ទៀត

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​ឡេ​លាប​ខ្លួន​ម្នាក់​បាន​ឲ្យ​ប្តី​ឌុ​ប​ទៅ​ទារ​លុយ​ស្ត្រី​ម្នាក់​ដែល​ជំពាក់​ជា​ច្រើន​ខែ​មិន​ព្រម​សង ប៉ុន្តែ​ពេល​ទៅ​ទារ​លុយ​នោះ​ក៏​បានទាស់​ពាក្យ​សម្តី​គ្នា​រហូត​ប្តី​និង​ប្តី​ប្រតាយប្រតប់​គ្នា​រង​របួស​ទាំង​សងខាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​ម្ចាស់បំណុល​មានឈ្មោះ ពៅ ហួត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុង លៀង អាយុ​២២​ឆ្នាំ មុខរបរ​លក់​ឡេ​លាប​ខ្លួន ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កា​ណា​ស៊ី​ធី រីឯ​កូនបំណុល​មានឈ្មោះ បញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ផ​ន សុភាព ហៅ អា​តា អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ ផ​ន សុភាព បាន​ជំពាក់​លុយ​ថ្លៃ​ទិញ​ឡេ​លាប​ខ្លួន​របស់​ឈ្មោះ សុង លៀង ចំនួន​៦​ម៉ឺន​រៀល​ជា​ច្រើន​ខែ​មក​ហើយ​មិន​ព្រម​សង​សោះ ធ្វើ​ឲ្យ​ម្ចាស់បំណុល​ដែល​ជា​អ្នកលក់​ឡេ​បាន​ឲ្យ​ប្តី​ជិះ​ម៉ូតូឌុប​មក​ទារ​លុយ​ពី​កូនបំណុល ។ ពេល​ដែល​មក​ដល់​ផ្ទះ​កូនបំណុល​ដើម្បី​ទារ​លុយ​ចំនួន​៦​ម៉ឺន​រៀល​នោះ កូនបំណុល​មិន​ព្រម​សង ធ្វើ​ឲ្យ​ម្ចាស់បំណុល​ខឹង​បាន​ឈ្លោះប្រកែក​គ្នា​ចុះឡើង​ស្រប​ពេល​នោះ​ប្តី​របស់​កូនបំណុល​បាន​មក​ចង្អុលមុខ​ម្ចាស់បំណុល ទើប​បុរស​ជា​ប្តី​ម្ចាស់បំណុល​ខឹង​បាន​វាសដៃ​របស់​ប្តី​កូន បំណុល​ចេញ​ក៏​កើត​ទៅ​ជា​ការ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្តី​របស់​ម្ចាស់បំណុល និង​ប្តី​របស់​កូនបំណុល​បណ្តាល​ឲ្យ​រង​របួស​ទាំង​សង ដោយ​បុរស​ជា​ម្ចាស់បំណុល​ហើម​ភ្នែក ចំណែក​បុរស​ជា​កូនបំណុល​ត្រូវ​ខ្វាច​ដាច់​មុខរបួស​ធ្ងន់​ជាង​ម្ចាស់បំណុល ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហៅ​ភាគី​ទាំង​សងខាង​ទៅ​សម្របសម្រួល​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ។ បន្ទាប់​ពី​ធ្វើការ​ចរចា​គ្នា​ហើយ ភាគី​ខាង​កូនបំណុល​ដែល​រង​របួសធ្ងន់​ជាង​បាន​ទាមទារ​សំណង​ពី​ម្ចាស់បំណុល​ចំនួន​៣០០​ដុល្លារ ចុង​ក្រោយ​ម្ចាស់បំណុល​សង​ទៅ​កូនបំណុល​ចំនួន​១៥០​ដុល្លារ​បញ្ចប់រឿង ចំណែក​លុយ​ដែល​ជំពាក់​ចំនួន​៦​ម៉ឺន​រៀល​ក៏​អត់​បាន​ទៀត ៕