តៃវ៉ាន់​ប្រាប់ Google ឲ្យ​បិទបាំង​រូបភាព​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-23-2016, 8:39 am         439

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តៃវ៉ាន់​ប្រាប់ Google ឲ្យ​បិទបាំង​រូបភាព​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​​កោះ​តៃវ៉ាន់ បានស្នើ​ទៅកាន់​ក្រុមហ៊ុន Google ដើម្បី​ធ្វើ​ឲ្យ​ព្រិល​រូបភាព​នៃ​ការអភិវឌ្ឍ​ថ្មីៗ​កោះ Taiping ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​គេ​ជឿថា មាន​សំណង់​សម្រាប់​ការប្រើប្រាស់​លើ​វិស័យ​យោធា​។ រូបភាព​កោះ Taiping ដែល​ផ្សាយ​លើ​គេហទំព័រ Google នោះ ត្រូវ​តៃវ៉ាន់ ចាត់ទុកជា​ការសម្ងាត់​របស់ខ្លួន​។

​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​ប្រាប់ Google ឲ្យ​ជួយ​បិទបាំង​រូបភាព​នៃ​សកម្មភាព​សាងសង់​លើ​កោះ Taiping ដែល​ត្រូវបាន​បង្ហោះ​លើ​គេហទំព័រ​របស់ខ្លួន​។ រូបភាព​ពី​ផ្កាយរណប​របស់ Google បានបង្ហាញ​ពី​រចនាសម្ព័ន្ធ​នៃ​ការសាងសង់ និង​ឧបករណ៍​មួយចំនួនទៀត​នៅ​ភាគ​ខាងកើត​ពាយព្យ​កោះ Taiping នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

​កោះ Taiping ជា​កោះធំ​ជាងគេ​នេះ​ប្រជុំ​កោះ Spratlys និង​ត្រូវបាន​គ្រប់គ្រង​ដោយ​តៃវ៉ាន់​។ ប្រជុំ​កោះ​នេះ ជា​ចំណុចក្ដៅ​នៃ​ការទាមទារ​រវាង​ប្រទេស​ជាច្រើន​រួមទាំង​ចិន វៀតណាម ហ្វីលីពីន ព្រុយ​ណេ និង​ម៉ាឡេស៊ី​។ កោះ Spratlys នេះ ក៏​ជា​ចំណុច​យុទ្ធសាស្ត្រ​សំខាន់​មួយ ដែល​ភាគី​ទាំង​ចិន ហ្វីលីពីន និង​វៀតណាម សុទ្ធតែ​ទាមទារ​ចង់បាន​ទាំងអស់​។

​ជុំវិញ​ការ​បញ្ហា​នេះ ក្រសួងការពារជាតិ​តៃវ៉ាន់​អះអាងថា ខ្លួន​កំពុង​ស្ថិតក្នុង​ដំណើរការ​នៃ​ការទាក់ទង​ក្រុមហ៊ុន Google នៅ​ថ្ងៃទី​២២ ខែកញ្ញា ដើម្បី​ធ្វើ​ឲ្យ​រូបភាព​នៃ​កោះ​នោះ មាន​លក្ខណៈ​ព្រិល​។ លោក Chen Chung-chi អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់​និយាយថា នេះ​ជា​ព័ត៌មាន​សម្ងាត់​របស់​ប្រទេស ដែល​ត្រូវតែ​បិទបាំង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សកម្មភាព​ថ្មីៗ​នៅ​កោះ Taiping កើតឡើង​ក្រោយ​តៃវ៉ាន់​បាន​សម្ពោធ​ផ្ទះ​បង្ហាញផ្លូវ​ប្រើ​ថាមពលព្រះអាទិត្យ កន្លែង​ចុះចត​យន្តហោះ​បន្ទាន់​រួចមក​។ ក្រៅពីនោះ តៃវ៉ាន់​ក៏បាន​សាងសង់​កំពុងផែ​រួចរាល់​ដែរ ដែល​នោះ​ត្រូវគេ​មើលឃើញថា ជាការ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​របស់​កោះ​តៃវ៉ាន់ ប្រឈម​មុខការ​គំរាម​ណាមួយ​។​

​ជាមួយនឹង​សកម្មភាព​យោធា​ថ្មីៗ​របស់​ភាគី​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ គេ​បារម្ភ​ថា ការ​ប្រឈម​យោធា​អាច​នឹង​កើតឡើង​នៅ​ថ្ងៃ​អនាគត​មិន​ខាន ជាពិសេស​នោះ​ស្ថិតក្នុង​កាលៈទេសៈ​ដែល​ចិន​បដិសេធ​ទទួលស្គាល់​សាលក្រម​តុលាការអន្តរជាតិ​។ ការទាមទារ​របស់​ក្រុង​ប៉េកាំង តាមរយៈ​បន្ទាត់​៩​ចំណុច គឺ​គ្របដណ្ដប់​លើ​ការទាមទារ​របស់​ភាគី​ទាំង​ដទៃទៀត ដ្បិត​ចិន​ទាមទារ​ស្ទើរ​ទាំងស្រុង​នៃ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​។​

​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ដែនដី​របស់ខ្លួន ក៏​តែងតែ​ទាមទារ​ចំណែក​លើ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ ឯ​ចិន​តាមរយៈ​ការទាមទារ​របស់​តៃវ៉ាន់​នោះ ក៏​ចាត់ទុក​ទឹកដី​ដែល​តៃវ៉ាន់​ទាមទារ​នោះ ជា​របស់ខ្លួន​ដែរ​៕