EDC បន្ថែមកម្លាំងចូលប្រជែងក្នុងលីក២ ឯសៀមរាបអង្គរ រំពឹងបានមកលេងលីកកំពូល

ក្រុមអគ្គិសនីកម្ពុជា(EDC) បានឈានដល់ការចចារយកកីឡាករមានសមត្ថភាពមកពីក្លិបក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀងសរុប៤នាក់ ដើម្បីចូលរួមប្រជែងក្នុងការប្រកួតខេមបូឌានលីក២ លើកទី១ ឆ្នាំ២០១៥ ដែលនឹងត្រូវចាប់ផ្តើមប្រកួត នៅលើទីលាន៤ផ្សេងៗគ្នា នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ រីឯក្រុមសៀមរាបអង្គរ ក៏នឹងព្យាយាម ដើម្បីស្វែងរកឱកាសឡើងមកលេងនៅក្របខ័ណ្ឌលីកកំពូលកម្ពុជា នៅឆ្នាំ២០១៧ផងដែរ។

mm1

អតីតគ្រូបង្គោលក្រុមបឹងកេតអង្គរ លោក ប្រាក់ វុទ្ធី ដែលបានមកដឹកនាំក្រុមអគ្គិសនីកម្ពុជា បាននិយាយថា៖«យើងបានយកកីឡាករ សុក ច័ន្ធរស្មី មកពីក្រុមក្រសួងការពារជាតិ និង ផាន់នី អ៊ីរដ្ឋា របស់ក្រុមព្រះខ័នរាជស្វាយរៀង ដើម្បីមកជួយក្រុមអគ្គិសនីកម្ពុជា ហើយកីឡាករ២នាក់ទៀតមកពីក្រុមព្រះខ័នដែរ ក៏នឹងមកជួយយើងផងដែរ គឺយើងកំពុងចចារគ្នា។ ការបន្ថែមកីឡាករទាំង៤រូបនេះ ដោយសារក្រុមអគ្គិសនីកម្ពុជា ចង់ក្លាយជាម្ចាស់ជើងឯក ឬជើងឯករងក្នុងការប្រកួតនេះ ដើម្បីឡើងទៅលេងនៅលីកកំពូលកម្ពុជា ឆ្នាំ២០១៧»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតខេមបូឌានលីក២នេះ មានក្រុមចំនួន៩ បានចូលរួម។ ការប្រកួតធ្វើឡើងតាមរូបមន្ត២ជើងគឺក្នុងទឹកដី និងក្រៅទឹក ហើយទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ត្រូវឡើងទៅលេងនៅក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ជំនួសក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា និងក្រុមអាស៊ីអឺរ៉ុប ដែលទើបត្រូវបានកាត់ចេញ ក្នុងឆ្នាំ២០១៦នេះ។

ចំណែកការប្រកួតបើកឆាកនៅថ្ងៃអាទិត្យ ក្រុមអគ្គិសនីកម្ពុជា ត្រូវទៅជួបក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង រសៀលម៉ោង ៣:៣០ ឯក្រុមម្ចាស់ផ្ទះ ខេត្តស្វាយរៀង ត្រូវបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ស្វាគមន៍ក្រុមគិរីវង់សុខសែនជ័យ ម៉ោង ៣:៣០ ដូចគ្នា។ រីឯក្រុមសាលាបាល់ទាត់ជាតិ ត្រូវស្វាគមន៍ ក្រុមកំពង់ផែស្វយ័តក្រុងព្រះស៊ីហនុ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ហើយក្រុមម្ចាស់ផ្ទះ សៀមរាបអង្គរ ត្រូវទទួលភ្ញៀវ ខេត្តកំពង់ស្ពឺ ខណៈការប្រកួតទាំង២ក្រុមនេះ ត្រូវធ្វើឡើង ចាប់ពីម៉ោង ៣:៣០ តទៅដូចគ្នា។

mm2

ទាក់ទងការប្រកួតបើកឆាកនេះ លោក ប្រាក់ វុទ្ធី ដែលជាបងប្រុសរបស់លោក ប្រាក់ សុវណ្ណារ៉ា នោះបានបបន្ថែមថា៖«យើងបានត្រៀមខ្លួនជាង៣ខែមកហើយ ប៉ុន្តែមកដល់ពេលនេះយើងមិនទាន់បានសាងស្នាដៃអ្វីមួយនៅឡើយទេ ហេតុនេះសម្រាប់ការប្រកួតបើកឆាក យើងត្រូវរកឲ្យបាន៣ពិន្ទុ ដើម្បីធ្វើឲ្យក្រុមរបស់យើង មានកម្លាំងចិត្ត កាន់តែខ្លាំង ត្រៀមការប្រកួតក្រោយៗទៀត»។

ចំណែកលោក ជួន សុខវ៉ាន់ឌី អ្នកចាត់ក្រុមសៀមរាបអង្គរ បានប្រាប់កាលពីម្សិលមិញថា៖«យើងទើបបានប្រជុំពិភាក្សាជាមួយ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសខេត្តសៀមរាប និងជាប្រធានសមាគមកីឡាបាល់ទាត់ខេត្តសៀមរាប ដោយយើងបានដាក់ទិសដៅច្បាស់លាស់ថា ត្រូវប្រឹងប្រែងរកឱកាសឡើងទៅប្រកួតក្របខ័ណ្ឌលីកកំពូលកម្ពុជា ហើយយើងក៏មានសង្ឃឹម៧០ភាគរយផងដែរ ព្រោះយើងបានត្រឹមរួចរាល់អស់ហើយ»។

បន្ថែមលើនេះ លោក អៀង សាក់នី អតីតគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា និងជាអនុប្រធានសមាគមកីឡាបាល់ទាត់ខេត្តសៀមរាប បាននិយាយថា ក្រុមបក្សីចាំក្រុងរបស់ខេត្តសៀមរាប ធ្លាប់បានឡើងទៅលេងក្នុងក្របខ័ណ្ឌលីកកំពូលកម្ពុជា មុនពេលធ្លាក់ចេញវិញដោយសារមានបញ្ហាលើទម្រង់លេង ប៉ុន្តែពេលនេះយើងបានរៀបចំក្រុមដ៏ល្អមួយគឺសៀមរាបអង្គរ ដើម្បីប្រជែងឡើងទៅលេងនៅក្របខ័ណ្ឌកំពូលវិញ៕

The post EDC បន្ថែមកម្លាំងចូលប្រជែងក្នុងលីក២ ឯសៀមរាបអង្គរ រំពឹងបានមកលេងលីកកំពូល appeared first on CamboSport.