លោក Ranieri៖ ការប៉ះទង្គិចជាមួយ Mourinho គ្រាន់តែរឿងអតីតប៉ុណ្ណោះ

លោក Claudio Ranieri អ្នកចាត់ការទូទៅរបស់ Leicester បាននិយាយថា លោក Jose Mourinho «គឺជាមនុស្សដ៏អស្ចារ្យ ហើយបញ្ហាផ្សេងៗដែលកើតឡើងរវាងគ្រូបង្វឹកទាំងពីរ «គ្រាន់តែជារឿងអតីតប៉ុណ្ណោះ»។ ក្រុមម្ចាស់ជើងឯក Leicester នឹងត្រូវធ្វើដំណើរទៅជួបក្រុម Manchester United នៅកីឡដ្ឋាន Old Trafford នៅថ្ងៃសៅរ៍នេះ ខណៈដែលអ្នកចាត់ការទូទៅទាំងពីរសុទ្ធសឹងមានប្រវត្តិនៃការប៉ះទង្គិចពាក្យសម្តីគ្នា។

mourinho1

លោក Mourinho ធ្លាប់បានហៅលោក Ranieri ថា «ជាអ្នកចាញ់» ក្រោយពីចូលកាន់តំណែងជំនួសគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះនៅឯក្លិប Chelsea ហើយលោក Mourinho ក៏បានមើលងាយទៅលើលោក Ranieri ផងដែរក្នុងពេលដឹកនាំក្នុងក្លិប Inter Milan។ លោក Ranieri បានឲ្យដឹងថា៖ «លោក Mourinho គឺជាអ្នកចាត់ការទូទៅដ៏អស្ចារ្យ និងមានភាពឆ្លាតវៃ។ បញ្ហាដែលយើងមានជាមួយគ្នាមានរយៈពេលយូរមកហើយ»។ លោក Mourinho បានចូលជំនួសកន្លែងរបស់លោក Ranieri នៅឯក្លិប Chelsea កាលពីឆ្នាំ២០០៤ និងបាននិយាយថា ក្លិបតោខៀវបានចាត់ទុកអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះ ជាអ្នកចាញ់ នៅមុនពេលគ្រូបង្វឹកទាំងពីរបានប៉ះទង្គិចពាក្យសម្តីគ្នាម្តងហើយម្តងទៀតក្នុងក្របខ័ណ្ឌ Serie A។

mourinho2

អ្នកចាត់ការទូទៅរបស់ Manchester United រូបនេះបានឈ្នះពានរង្វាន់បីក្នុងរដូវកាលតែមួយជាមួយនឹងក្លិប Inter នៅរដូវកាលចុងក្រោយនៃរយៈពេល៣ឆ្នាំរបស់លោកកាលពីឆ្នាំ២០១០ ស្របពេលលោក Ranieri កំពុងតែកាន់តំណែងនៅឯក្លិប Juventus និង Roma អំឡុងពេលនោះ។ លោក Mourinho ក៏បានធ្វើការរិះគន់លើការដឹកនាំរបស់លោក Ranieri ក្នុងក្របខ័ណ្ឌអង់គ្លេសផងដែរ តាមរយៈការនិយាយថា លោក Ranieri មានវ័យស្ទើរតែ៧០ឆ្នាំ ខណៈដែលលោកមានវ័យត្រឹមតែ៥៦ឆ្នាំ ហើយលោក Mourinho បានធ្វើការចោទសួរម្តងទៀតថា តើលោក Ranieri មានស្មារតីក្នុងការឈ្នះពាន ឬយ៉ាងណា? ប៉ុន្តែ លោក Ranieri បានបញ្ជាក់ថា ការរិះគន់ផ្សេងៗ គ្រាន់តែរឿងអតីតប៉ុណ្ណោះ មិនមែនជារឿងនៅពេលនេះឡើយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦:៣០ល្ងាច៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

07.08.16 Leicester 1-2 Manchester United
01.05.16 Manchester United 1-1 Leicester
29.11.15 Leicester 1-1 Manchester United

The post លោក Ranieri៖ ការប៉ះទង្គិចជាមួយ Mourinho គ្រាន់តែរឿងអតីតប៉ុណ្ណោះ appeared first on CamboSport.