លោក Klopp អំពាវនាវឲ្យក្រុម Liverpool បន្តបង្ហាញពីកំហឹងពេលជួប Hull ថ្ងៃសៅរ៍នេះ

លោក Jurgen Klopp បាននិយាយថា វាពិតជាសំខាន់ណាស់ដែលក្រុម Liverpool នៅតែរក្សាការបង្ហាញពីការស្រេកឃ្លាន និងកំហឹង ហើយថា វាក៏សំខាន់ផងដែរដែលអ្នកគាំទ្រនៅឯកីឡដ្ឋាន Anfield ចាត់ទុក Hull City ជាក្រុមខ្លាំងដូចជា Barcelona, Borussia Dortmund ឬ Chelsea ដើម្បីធ្វើឲ្យក្រុមរបស់លោកបន្តការចាប់ផ្តើមយ៉ាងល្អនៅក្នុងរដូវកាលនេះ។

klopp1

អ្នកចាត់ការទូទៅរបស់ក្រុម Liverpool រូបនេះ បានធ្វើការអំពាវនាវឲ្យមានការអត់ធ្មត់ពីសំណាក់អ្នកគាំទ្រ នៅមុនពេលការប្រកួតជាមួយនឹងក្រុម Hull នៅរាត្រីថ្ងៃសៅរ៍នេះ។ Liverpool បានកត់ត្រាជ័យជម្នះរាល់ការប្រកួត៣លើកចុងក្រោយរបស់ពួកគេ តាមរយៈការរកបានគ្រាប់បាល់សរុបចំនួន៩គ្រាប់ ហើយពួកគេក៏ដណ្តើមបាន៣ពិន្ទុពេញនៅពេលប្រកួតជាមួយនឹងក្រុម Arsenal និង Chelsea នៅក្រៅដី ក៏ដូចជាផ្តួលក្រុមម្ចាស់ជើងឯក Leicester City ក្នុងផ្ទះខ្លួនឯងផងដែរ។ ការបរាជ័យតែមួយលើករបស់ពួកគេបានកើតឡើងក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Burnley ដែលជាលទ្ធផលបង្ហាញថា ក្រុម Liverpool ខ្វះនូវការប្រជែងក្នុងក្របខ័ណ្ឌ Premier League។

klopp2

ប៉ុន្តែ លោក Klopp បានបញ្ជាក់ថា កីឡាករក្នុងក្រុមរបស់លោកមិនត្រឹមតែត្រូវបង្ហាញពីភាពរឹងមាំប៉ុណ្ណោះ ប៉ុន្តែ អ្នកគាំទ្ររបស់ Liverpool ក៏ត្រូវតែបង្ហាញពីការអត់ធ្មត់ផងដែរ។ លោក Klopp បានឲ្យដឹងថា៖ «យើងមានអារម្មណ៍ល្អ យើងមានអារម្មណ៍រឹងមាំ ហើយយើងចូលចិត្តធ្វើការជាមួយគ្នា។ យើងត្រូវតែត្រៀមឲ្យបានរួចរាល់សម្រាប់ការប្រកួតនីមួយៗ ការផ្តោតអារម្មណ៍ទាំងស្រុង ការស្រេកឃ្លាន និងកំហឹង ដែលសុទ្ធសឹងជាសមាសធាតុដែលយើងត្រូវការក្នុងកីឡានេះ។ យើងនឹងត្រូវបង្ហាញពីកំហឹងនៅពេលជួបក្រុម Hull ពីព្រោះយើងចង់បានពិន្ទុ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

29.04.15 Hull City 1-0 Liverpool
25.10.14 Liverpool 0-0 Hull City
01.01.14 Liverpool 2-0 Hull City

ប្រភពព័ត៌មាន៖ The Guardian

The post លោក Klopp អំពាវនាវឲ្យក្រុម Liverpool បន្តបង្ហាញពីកំហឹងពេលជួប Hull ថ្ងៃសៅរ៍នេះ appeared first on CamboSport.