រន្ធត់ ! បែកក្បាល​ហូរ​ឈាម​ពេញ​ផ្លូវ​ខណៈ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ពេល​យប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​បើក​យ៉ាង​លឿន​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ក្បាលរ​ហូរ​ឈាម​ពេញ​ផ្លូវ​រង​របួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​បង្ក​បើក​រត់​បាត់​ស្រមោល ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ស្ថិត​នៅ​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​ថា​ឈ្មោះ ពិសី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-8511 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន គេច​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ Today ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ Today ដួល​បោក​ក្បាល​ទៅ​នៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​បង្ក​បាន​រត់គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត ជា​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​នៅ​ខេត្តតាកែវ រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ៕