ក្មេង​​កំព្រា​​លើក​ដៃ​ប្រណម សុំក្តីមេត្តា​ជួយនាង​ឱ្យ​រៀនដល់ទី​បញ្ចប់​​ផង

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​២​នាក់ ក្រោយ​ពី​ត្រូវ​ម្តាយ​ស្លាប់​ចោល​រយៈពេល​៨​ឆ្នាំ​នោះ ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ ត្រូវ​ឪពុក​ស្លាប់​ចោល​ទៀត បន្សល់​ទុក​តែ​ពួក​គេ​ទាំង​២​នាក់​នៅ​កំព្រា​តែលតោល ដែល​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជាមួយ​ជីដូន​ជរា (​ម្តាយធម៌​របស់​ឪពុក​-​ម្តាយ​ក្មេង​ស្រី​) ។

ក្មេង​ស្រី​ទាំង​២​នាក់ ម្នាក់​ជា​បង​ឈ្មោះ​ជួង ស្រី​នី​ត អាយុ​១៣​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ប្អូន​ឈ្មោះ​ជួង ស្រី​នុ​ត អាយុ​៨​ឆ្នាំ ទាំង​២​នាក់​កំពុង​រស់នៅ​ជាមួយ​ជីដូន​ជរា​ឈ្មោះ​ឡោះ ស៊ី​ថា អាយុ​៦៧​ឆ្នាំ ដែល​មានកូន​ធ្វើ​ជា​កម្មករ​ស៊ីឈ្នួល​លើក​អីវ៉ាន់​ឱ្យ​គេ ដែល​មាន​ជីវភាព​លំបាក​បំផុត ។

បើ​តាម​ការ​រៀបរាប់​របស់​ក្មេង​ស្រី​ឈ្មោះ​ជួង ស្រី​នី​ត (​ជា​បង​) បានឱ្យ​កោះសន្តិភាព​ដឹង​កាលពី​ថ្ងៃ​ទី​២២ កញ្ញា ទាំង​ទឹកមុខ​ស្រ​ងោ​ត​ស្រងាត់​ថា ម្តាយ​នាង​បាន​ស្លាប់​ចោល​នាង​តាំងពី​នៅ​តូច​អាយុ​៧​ឆ្នាំ (​ជីដូន​ជរា​ប្រាប់​នាង​) ហើយ​ប្អូន​របស់​នាង​ឈ្មោះ​ជួង ស្រី​នុ​ត នៅ​ជា​កូនង៉ា​នៅឡើយ គឺ​ដោយ​កើត​ជំងឺ​ខ្យល់​.​គរ ។ ចំណែក​ឪពុក​នាង​បាន​ស្លាប់ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ២០១៦ ថ្មី​ៗ​នេះ ដោយ​ជំងឺ​តេតាណូស ។ ប្រភព​បន្ត​ទៀត​ថា ជាមួយ​គ្នា​នោះ ​ក្មេង​ស្រីជាបង ​ក៏​បាន​សុំ​ក្តី​មេត្តា​ជួយ​នាង​ឱ្យ​បាន​រៀនសូត្រ​ចេះ​ដឹងដល់ចប់​ផង ព្រោះ​សព្វ​ថ្ងៃនាង​គ្មាន​លទ្ធភាព​រៀន​នោះ​ទេ ដោយ​លោកយាយ​មានជីវភាព​ក្រីក្រ​ណាស់ រស់​មួយ​ថ្ងៃ​ គិត​មួយ​ថ្ងៃ​តែប៉ុណ្ណោះ ។

លោកយាយ​ឡោះ ស៊ី​ថា ក៏​រៀបរាប់​ដែរ​ថា ចៅស្រី​ជួង ស្រី​នី​ត គឺ​មាន​គេ​ចង់​យក​ទៅ​ចិញ្ចឹម​ច្រើន​ដែរ តែ​នាង​មិន​ព្រម​ឃ្លាតឆ្ងាយ​ពី​គាត់ បើ​ទោះបីជា​គាត់​មិនមែន​ជា​ជីដូន​បង្កើត​នាង​ក៏​ដោយ ព្រោះ​នាង​ធ្លាប់​រស់នៅ​ជាមួយ​គាត់​តាំងពី​តូច​ៗ​មក ។ ម្តាយ​របស់​នាង​ស្លាប់​រយៈពេល​៨​ឆ្នាំ​មក​ហើយ ។ កាល​នៅ​រស់​ម្តាយ​នាង​ដើរ​បេះ​បន្លែ​លក់ និង​ដើរ​បោក​ខោអាវ​ឱ្យ​គេ ស្រាប់តែ​ស្លាប់​ដោយ​ជំងឺ​ខ្យល់​.​គរ ។ ហើយ​ឪពុក​នាង​ត្រូវ​ស្លាប់​ទៀត ដោយសារ​ជំងឺ​តេតាណូស ព្រោះ​ធ្លាប់​ធ្វើ​ជា​ទាហាន​របួស​ក្បាល ។

ដោយ​មាន​ក្តី​អាណិតអាសូរ​ដល់​ក្មេង​ស្រី​២​នាក់​បងប្អូន​នេះ អ្នក​ជិតខាង​បាន​និយាយ​ថា កាលពី​ឪពុក​ម្តាយ​នាង​នៅ​រស់ គឺ​ពិតជា​លំបាក​មែន​ព្រោះ​គ្នា​ក្រីក្រ ម្តាយ​ដើរ​បេះ​បន្លែ និង​ដើរ​បោក​ខោអាវ ឪពុក​ដើ​ស៊ីឈ្នួល​ជា​កម្មករ​សំណង់ ក្រោយ​ពី​ម្តាយ​ស្លាប់​ទៅ​ឪពុក ដើរ​ស៊ីឈ្នួល​ជា​កម្មករ​សំណង់​រក​លុយ​មក​ចិញ្ចឹម​កូន ក្នុង​១​ថ្ងៃ​រស់​១​ថ្ងៃ កូនច្បង​បាន​រៀនសូត្រ​ហើយ​រៀន​ពូកែ​ទៀត ចំណែក​ប្អូនស្រី​មិន​ទាន់​បាន​ចូល​រៀន​ទេ ។ ពួក​គាត់​ក៏​បាន​សំណូមពរ​ដល់​សប្បុរសជន មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ក្មេង​កំព្រា​ទាំង​២​នាក់​នេះ​ផង​ដែរ ។