អូរ​កន្លង់​ដួល​ស្រុក​ទ្រាំង ទឹកដី​ទាក់ទង​ប្រវត្តិសាស្ត្រ​ដ៏​រំជួលចិត្ត

មាន​រឿង​ចម្លែកៗ​កើត​ចេញ​ពី​ភូមិ ស្រុក​ជាច្រើន​នៅ​ខេត្ត​តាកែវ។ ថ្ងៃនេះSabay សូម​ណែនាំ​ប្រិយមិត្ត​ស្គាល់​ភូមិ​មួយ​នៅ​ស្រុក​ទ្រាំង មាន​ប្រវត្តិ​ទាក់ទង​នឹង​ស្តេច​សម័យ​ដើម​ដែល​បាន​លើក​មក​និទាន​តៗ​គ្នា​ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

 

អូរ​កន្លង់​ដួល​ស្រុក​ទ្រាំង ទឹកដី​ទាក់ទង​ប្រវត្តិសាស្ត្រ​ដ៏​រំជួលចិត្ត

 

អូរ​កន្លង់​ដួល​ជា​បឹង​តូច​មួយ​នៅ​ខែ​វស្សា តែ​ខែ​ប្រាំង​ជា​ជ្រលង​ដីគោក​ប៉ុណ្ណោះ។ អូរ​ដ៏​វែង​នេះ​មាន​ជម្រៅ​ជ្រៅ​ណាស់​ពី​សម័យ​ដើម​ប្រវែង​ជិត ១០ គីឡូម៉ែត្រ​ស្ថិត​នៅ​ភូមិ​កាឡង់​ដួល​ ឃុំ​អង់​កែវ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។

 

លោកតា​វ័យ ៦៩ ឆ្នាំ បាន​ប្រាប់​ក្រុម​កាងារ “ផ្លូវ​ទៅ​ស្រុក” ថា​ កន្លង់​ជា​ឈ្មោះ​ដំរី​ដែល​ព្រះរាជា​មួយ​អង្គ​ជិះ​រត់​ពី​សត្រូវ​ដេញ​តាមសម្លាប់​និង​បាន​​ទន់​ជើង​​ដួលស្លាប់​​ ទើប​គេ​ដាក់​ឈ្មោះ​អូ​រនោះ​​ថា“អូរ​កន្លង់​ដួល”។

 

លោកតា​បាន​និទាន​រឿង​តៗ​ពី​ដូនតា​មក​ថា កាល​ពី​យូរលង់​ណាស់​មក​ហើយ​មាន​ស្តេច​ពីរ​អង្គ (មិន​ចាំ​ឈ្មោះ) ជា​បងប្អូន​គ្នា។ ក្រោយ​មក​មហេសី​របស់​ព្រះរៀម​ម្ចាស់​បង​កើត​មាន​ចិត្ត​លើ​ព្រះអនុជ​ដែល​ជា​ប្អូនថ្លៃ តែ​ដោយសារ​ភាព​ស្មោះត្រង់​ព្រះអនុជ​ចេះ​តែ​បដិសេធ​ស្នេហ៍​បងថ្លៃ ច្រើន​ដង​ធ្វើ​ឲ្យ​បងថ្លៃ​កើត​ក្តី​ក្តៅ​ក្រហាយ រិះរក​មធ្យោបាយ​កម្ចាត់​ប្អូន​ថ្លៃ។

 

ថ្ងៃមួយ​មហេសី​ម្ចាស់​បង​ប្រើ​ល្បិច​មក​នែបនិត្យ​ជាមួយ​ប្អូនថ្លៃ ​រួច​ហើយ​ក៏​ស្រែក​ថា​ព្រះអនុជ​ចាប់​រំលោភ​ខ្លួន ធ្វើ​អោយ​ព្រះរៀម​ម្ចាស់​បង​ខឹង​ខ្លាំង​ក៏​បញ្ជា​ឲ្យ​ពល​សេនា​ចេញ​សេះ​ដេញ​តាម​ព្រះអនុជ​កំពុង​ជិះ​ដំរី​ឆ្ពោះ​មក​ទិស​ខាងកើត។

 

មកដល់​អូរ​មួយ​ហ្នឹង​ដំរី​ឈ្មោះ​កន្លង់ ក៏​ដួល​​ទីនោះ​មាន​ឈ្មោះ​អូរ​កន្លង់​ដួលរ​ហូត​ដល់​សព្វ​ថ្ងៃនេះ។បន្ទាប់​មក​ដំរី​នោះ​បាន​ងើប​ឡើង​បន្តរ​ទៀត​មក​ដល់​ត្រពាំង​មួយ​ខាងលិច​វត្ត​បារាយ​វិហារ​ពីរ​ដំរី​ក៏​ដួល​ស្លាប់​ទៀត​ទៅ។ អ្នកស្រុក​បាន​ដាក់​ឈ្មោះ​ទីនោះ​ថា​ត្រពាំង​ដំរី​ងាប់។

 

អូរ​កន្លង់​ដួល​ស្រុក​ទ្រាំង ទឹកដី​ទាក់ទង​ប្រវត្តិសាស្ត្រ​ដ៏​រំជួលចិត្ត

 

និយាយ​ពី​ព្រះអនុជ​ក្រោយ​ពី​ដំរី​ងាប់​ទៅ ក៏​វាយ​ដណ្តើម​បាន​សេះ​មួយ​ក្បាល​ពី​សេនា រួច​ជិះ​មក​ទិស​ខាង​ជើង (សព្វ​ថ្ងៃ​ព្រៃលើ) សំដៅ​ទៅ​ស្រះទឹក​មួយ​ដែល​មាន​ដើម​កណ្តោល​ដុះ​ចំ​កណ្តាល​រួច​ក៏​ឡើង​ពួន​លើ​នោះ​ទៅ។ពេល​សេនា​តាម​មក​ដល់​ស្រះ​ទឹក​នេះ​ក៏​ចែក​ផ្លូវគ្នា​ដើរ​ក​គ្រប់​ច្រកល្ហក​នៅតែ​មិន​ឃើញ ពេល​នោះ​សេនា​ម្នាក់​បាន​ចុះ​ទៅ​ក្បង់​ទឹកស្រះ​ផឹក ស្រាប់តែ​លេច​រូប​ព្រះអនុជ​ឆ្លុះ​ក្នុង​ផ្ទៃ​ទឹក​ពី​លើ​ដើម​ឈើ ហើយ​ពួកគេ​ក៏​នាំ​គ្នា​ពទ្ធ័​ចាប់។ ដោយសារ​ទាល់ច្រក​ព្រះអនុជ​ក៏​លោត​ពី​លើ​ដើមឈើ​សម្លាប់​ខ្លួន​ទៅ។

 

ក្រោយ​មក​ស្រះ​ទឹក​នេះ ត្រូវបាន​ដាក់​ឈ្មោះ​ថា ស្រះ​ស្តេច​លោត​រហូត​ទល់​សព្វថ្ងៃ។ចំណែក​ឯ​សព​ព្រះអនុជ​ត្រូវ​បាន​សេនា​កាត់​ក្បាល​យក​ទៅ​ថ្វាយ​ព្រះរៀម ហើយ​ឈាម​ស្រក់​ហូរ​ក្រាល​ដីនោះ​បាន​ក្លាយ​ទៅ​ជា​ថ្មដា ១ ផ្ទាំង​យ៉ាង​ធំ​នៅ​ក្បែរ​ស្រះ​ទឹក​នោះ​រហូត​ទល់​សព្វ​ថ្ងៃនេះ។

 

អត្ថបទៈ ជិន វេន