ទឹកក្រឡុកបំបាត់ការឈឺចាប់ និង រលាក

6 Videos


ម្ហូបអាហារក្នុងទីផ្សារបច្ចុប្បន្នសម្បូរដោយថ្នាំបាញ់សម្លាប់សត្វល្អិតគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយនៅពេលទទួលទាន ។ ថ្នាំសម្លាប់សត្វល្អិតគីមី អាចបណ្តាលឱ្យមានជំងឺមហារីកច្រើនយ៉ាង គភ៌មិនគ្រប់លក្ខណៈ និងធ្វើឱ្យក្មេងអន់បញ្ញា ហើយជាតិពុលដែលជាប់នឹងបន្លែផ្លែឈើទាំងនេះ រំខានដល់សញ្ញាដែលសរសៃប្រសាទបញ្ជូនមកកាន់សរីរាង្គនានា បណ្តាលឱ្យមានជំងឺខ្សោយសរសៃប្រសាទ ធ្វើឱ្យអ្នកញ៉ាំអាចនឹងកើតជំងឺភ្លេចភ្លាំង និងជំងឺផាកគីសុនដែលជាជំងឺមនុស្សចាស់ ញ័រសរីរាង្គ និយាយយឺតៗ និងធ្វើចលនាបានមួយៗ ។

ដើម្បីទប់ស្កាត់ការកើតជំងឺដ៏គួរឱ្យខ្លាចទាំងនេះ ស្ត្រីមេផ្ទះគួរជ្រើសយកអាហារសរីរាង្គ ដែលដាំដោយប្រើជីធម្មជាតិ គ្មានជាតិគីមីពុល ។ ការទទួលទានអាហារសរីរាង្គទៀតសោតនឹងជួយឱ្យយើងទទួលបានអត្ថប្រយោជន៍សុខភាពពេញលេញ ជាពិសេសបន្លែ និងផ្លែឈើសរីរាង្គនេះ ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម បានយ៉ាងមានប្រសិទ្ធភាព មិនចាញ់ថ្នាំពេទ្យឡើយ។ បន្លែដែលដាំដោយប្រើជីសរីរាង្គ នឹងមិនបង្កប្រតិកម្មជាមួយអាហារផ្សេងៗ ដូចជា អាហារដែលប្រើជីគីមីពុលទេ ថែមទាំងជំនួយសុខភាពបានយ៉ាងប្រសើរទៀតផង ។

ហេតុនេះហើយ យើងសូមណែនាំវិធីធ្វើទឹកក្រឡុកធម្មជាតិ ដែលប្រើគ្រឿងផ្សំពីបន្លែ ផ្លែឈើសរីរាង្គ ។ គ្រឿងផ្សំសំខាន់នោះគឺសម្បកក្រូច ដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយថែរក្សាសុខភាពកោសិកា និងការពារមិនឱ្យរងការខូចខាតដោយសារបុព្វហេតុនៃជំងឺមហារីកណាមួយឡើយ។ គ្រឿងផ្សំមួយទៀត គឺ រមៀត ដែលដើរតួជាឱសថច្រើនមុខ ដូចជា៖
• ជំរុញថាមពលប្រព័ន្ធស៊ាំ
• ការពារការកកើតជំងឺចាស់ភ្លេចភ្លាំង
• មានសារធាតុប្រឆាំងនឹងជំងឺរលាកនានា
• ជួយគ្រប់គ្រងកម្រិតកូលេស្តេរ៉ូលក្នុងឈាម
• កាត់បន្ថយការប្រឈមនឹងជំងឺស្ត្រូក
• ការពារជំងឺសរសៃឈាមបេះដូង

ចំណែកគ្រឿងផ្សំផ្សេងទៀតមាន ការ៉ុត ផ្លែប៉ោម និងមើមខ្ញីស្រស់ ក៏សម្បូរវីតាមីន និងសារធាតុរ៉ែច្រើនមុខ សុទ្ធសឹងអំណោយផលចំពោះសុខភាព ។ ភេសជ្ជៈនេះ ពិតជាមានរសជាតិគួរឱ្យចង់ទទួលទាន និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ជួយទាំងសុខភាព និងសម្រស់ ពោលគឺ ជួយភ្នែក ប្រព័ន្ធស៊ាំ សម្បុរស្បែកស្រស់ថ្លា និងសម្រួលដល់ការរំលាយអាហារឱ្យប្រព្រឹត្តទៅរលូន ។
ទឹកក្រឡុកបំបាត់ការឈឺចាប់ និង រលាក
គ្រឿងផ្សំ ៖
• ការ៉ុត ៣ទៅ ៤មើម
• ផ្លែប៉ោមក្រហម ១
• មើមខ្ញីប៉ុនមេដៃ
• មើមរមៀត ប៉ុនមេដៃ
• ក្រូចឆ្មារ ១ចំណិត (យកទាំងសម្បក)
• បន្ថែមខ្ទិះដូងបន្តិច (មិនបាច់ក៏បាន)
វិធីធ្វើ ៖ ដាក់គ្រឿងផ្សំទាំងអស់ចូលគ្នា ប្រើម៉ាស៊ីនក្រឡុក ឬកៀបយកតែទឹកតាមចូលចិត្ត ។

លក្ខិណា