បក្សប្រឆាំងមិនដែលបានធ្វើពហិការមិនចូលសភាជាទូទៅទេ

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានបញ្ជាក់ថាគណបក្សប្រឆាំងមិនដែលធ្វើពហិការទេ ហើយថាការមិនចូលប្រជុំសភាកន្លងមក ដោយសារតែមានក្រុមប្រដាប់អាវុធតាមចាប់ប្រធានគណបក្សសង្រ្គោះជាតិដល់ស្នាក់ការ រួមទាំងការប្រើយន្តការសភា ឲ្យតុលាការបន្តនីតិវិធីលើតំណាងរាស្ត្រមានអភ័យឯកសិទ្ធិជាដើម។ តែប្រធានបក្សប្រឆាំង ដែលកំពុងតែនៅក្រៅប្រទេសវិញ ថាការធ្វើពហិការនៅដដែល។

លោកសុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងវេទិកានយោបាយកាលពីថ្ងៃទី២១ កញ្ញា នៅស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិថាពីដើមសង្រ្គោះជាតិមិន ដែលប្រកាសពហិការអ្វីទេ! សង្រ្គោះជាតិគ្រាន់តែបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សថាពួកលោកមិនអាចទៅបំពេញការងារពេញលេញនៅមន្ទីររដ្ឋសភាបានទេ។

Loading...

បើតាមលោកសុន ឆ័យ និងលោកអ៊ូ ច័ន្ទឫទ្ធិ ការមិនចូលប្រជុំសភា ដោយសារមានការតាមចាប់ខ្លួនលោកកឹម សុខា និងការដំណើរការនីតិវិធីរបស់តុលាការលើតំណាងរាស្ត្រគណបក្សប្រឆាំងកន្លងមក ហើយជារួមគឺដោយតែមានករណីរំលោភរដ្ឋធម្មនុញ្ញ។ លោកសុន ឆ័យ ថាពីដើមមកពួកលោកក៏មិនដែលប្រកាសធ្វើពហិការទេ គ្រាន់តែថាពួកលោកមិនអាចចូលប្រជុំក្នុងករណីរំលោភបំពានរដ្ឋធម្មនុញ្ញ។ ក្នុងករណីការងារធម្មតាតំណាងរាស្រ្តបន្តធ្វើ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃចន្ទធ្លាប់បានបង្ហើបថា “ជួនកាលកន្លែងសភាហ្នឹងវាមានប្រយោជន៍របស់វាដែរ គេមិនណាត់ជួបគ្នាមុនទេ ប៉ុន្តែ(ពេល)ដើរចូលសភាជួបគ្នាចាប់ដៃ ចាប់ដៃហើយនិយាយពីរបីមាត់ (ពី)រឿងនេះរឿងនោះទៅ (នោះ)វារាលដាលដល់រឿងផ្សេងៗទៅ អាចបង្កើតការយោគយល់គ្នាបានខ្លះ។” លោកបញ្ជាក់ទៀតថាកន្លែងតែមួយគត់ ដើម្បីនិយាយគ្នាគឺសភា។

ចំណែកប្រធានគណបក្សប្រឆាំងលោកសម រង្ស៊ី តាមរយៈកាសែតខេមបូឌាដេលីថ្ងៃទី២២ កញ្ញា បានឲ្យដឹងថា លោករក្សាជំហរការធ្វើពហិការដដែល ទោះសភាមានផែនការណ៍អ្វីក៏ដោយ។ តាមរយៈកាសែតនេះលោកសម រង្ស៊ី ថា ការត្រឡប់មកកាន់រដ្ឋសភាវិញនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះមានន័យថាស្ថានការណ៍នយោបាយត្រឡប់ទៅរកសភាពធម្មតាវិញ តែជាក់ស្តែងមិនមែនអ៊ីចឹងនោះទេ។ លោកសម រង្ស៊ី ប្រាប់កាសែតនេះទៀតថា បើអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រមិនត្រូវបានគោរព ហើយសន្តិសុខរបស់តំណាងរាស្ត្រមិនត្រូវបានធានា នោះនៅតែមានការលំបាកសម្រាប់សមាជិកសភាបក្សប្រឆាំងក្នុងការបន្តការងាររបស់ខ្លួន។

លោកសុន ឆ័យ មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅថ្ងៃទី២២ ខែកញ្ញានេះ។ តែលោកធ្លាប់ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្សគណបក្សសង្គ្រោះជាតិ គ្រោងនឹងកោះហៅរដ្ឋមន្ត្រីចំនួន ៤រូប ឲ្យទៅបំភ្លឺនៅចំពោះមុខរដ្ឋសភាជាថ្មី នៅដើមខែតុលាខាងមុខ។ ស្របពេលជាមួយគ្នានេះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ក៏នឹងចូលខ្លួនទៅការពារសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៣ ប្រសិនបើមានការកោះហៅពីរដ្ឋសភា។

សូមបញ្ជាក់ថាការអាក់ខានមិនបានចូលប្រជុំសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំង ធ្វើឡើងក្រោយពេលដែលមានការប៉ុនប៉ងចាប់ខ្លួនលោកកឹម សុខា កាលពីខែឧសភា កន្លងទៅ៕

ប្រភព៖ RFI