មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ ឈ្មោះ មាស ប៊ុនធឿន និង​បក្ខពួក​គំរាមកំហែង​ប្រជា​នេសាទ​កាន់តែខ្លាំង​

​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ កំពុង​ត្រូវ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ មួយក្រុម​ដឹកនាំ​ដោយ​ឈ្មោះ មាស ប៊ុនធឿន ហៅ​ម៉ែ​ល ប្រើ​អំណាច​គំរាមកំហែង​យ៉ាង​កំរោល​។ ការដែល​ឈ្មោះ មាស ប៊ុនធឿន ហៅ​ម៉ែ​ល ប្រើ​អំណាច​ធ្វើបាប​ប្រជា​នេសាទ​ក្នុងស្រុក​បាកាន កាន់តែខ្លាំង​គឺ​ដោយសារ​ប្រជា​នេសាទ​ទាំងនោះ​ហ៊ាន​ទម្លាយ​រឿងអាស្រូវ​ពុករលួយ​របស់​ពួកគេ​ដើម្បី​ឲ្យ​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដឹងឮ​ពី​ទង្វើ​របស់​សមត្ថកិច្ច​ខិលខូច​។ ដូច្នេះ​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ មិនគួរ​បណ្ដោយ​ឲ្យ​ឈ្មោះ មាស ប៊ុនធឿន ហៅ​ម៉ែ​ល និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។

កន្លងមក​ប្រជា​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​បាកាន និង​តំបន់​ព្រំប្រទល់​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ មួយក្រុម​ដឹកនាំ​ដោយ​ឈ្មោះ មាស ប៊ុនធឿន ហៅ​ម៉ែ​ល ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ក្រុម​នេះ​បាន​តម្រូវ​ឲ្យ​អ្នក​ប្រកប​របរ​នេសាទ​បង់លុយ​ក្នុង​ណ​រ៉ាវ ប និង ឡុ​ក ក្នុង​មួយកន្លែងៗ​យ៉ាងតិច​៨០​ម៉ឺន​រៀល​ទៅ​១​លាន​រៀល ហើយពី​ស្រុក​បាកាន ដល់​ស្រុក​ឯក​ភ្នំ មាន​ឧបករណ៍​ប្រភេទ​នេះ​រាប់ពាន់​កន្លែង ដូច្នេះ​ក្រុម​ឈ្មោះ មាស ប៊ុនធឿន ហៅ​ម៉ែ​ល ប្រមូល​លុយ​បាន​មិនតិច​ទេ សម្រាប់​ចែកគ្នា​យ៉ាង​ក្រអឺតក្រទម​។ ដោយសារតែ​ទ្រាំ​តទៅទៀត​លែង​បាន​ទើប​ប្រជាពលរដ្ឋ​៤៩​នាក់​ផ្ដិតមេដៃ​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ថ្នាក់ស្រុក ថ្នាក់​ខេត្ត និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​ចាត់វិធានការ​ទៅលើ​ឈ្មោះ មាស ប៊ុនធឿន ហៅ​ម៉ែ​ល និង​បក្ខពួក​។

បើតាម​ប្រភពពី​ប្រជា​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​នៅពេលដែល​ពួកគាត់​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ស្រុក អាជ្ញាធរខេត្ត និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្រាប់តែ​ក្រុម​ឈ្មោះ មាស ប៊ុនធឿន ហៅ​ម៉ែ​ល ក្ដៅក្រហាយ​យ៉ាងខ្លាំង​ដោយសារ​រឿងអាស្រូវ​របស់ខ្លួន​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។ ដោយសារ​កំហឹង​នោះ​ហើយ​ទើប​ឈ្មោះ មាស ប៊ុនធឿន ហៅ​ម៉ែ​ល និង​បក្ខពួក​ថ្មីៗ​នេះ​បាន​បំផ្លាញ​ណ​រ៉ាវ​របស់​ប្រជា​នេសាទ​អស់​៥​ខ្សែ​មាន​ប្រវែង​១៤២៥​ម៉ែត្រ ក្បាល​ប​ចំនួន​៧​គ្រឿង និង​បង្គោល​ចម្រឹង​ចំនួន​១០៨០​ដើម ហើយ​យក​ត្រី​របស់​ពួកគាត់​ចាក់​ចូល​បឹង​៣០០​គីឡូក្រាម​។ បញ្ហា​នេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​ក្រុម​ឈ្មោះ មាស ប៊ុនធឿន ហៅ​ម៉ែ​ល និង​បក្ខពួក​ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ថែមទៀត​៕

photo_2016-09-16_01-58-47-140x210 photo_2016-09-16_01-58-58-768x511-300x200 photo_2016-09-16_01-58-55-768x513-300x200