រូប​ក្រមួន​នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​ប្រេត ភី​ត ញែក​ចេញពី​គ្នា​ក្រោយ​លែងលះ

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២២ កញ្ញា ២០១៦ ផ្សាយ​ថា គូស្នេហ៍​ដ៏​ល្បី​នាង​អេ​ន​ចេ​លី​ណា ជោ​លី អាយុ​៤១​ឆ្នាំ និង​លោក​ប្រេត ភី​ត អាយុ​៥២​ឆ្នាំ ដែល​ប្រកាស​លែងលះ​គ្នា ក្រោយ​ពេល​ពួក​គេ​បាន​រួមរ​រស់​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០០៥​មក​នោះ នាំ​ឱ្យ​សារមន្ទីរ​រូប​ក្រមួន​នៅ​ក្រុង​ឡុ​ង​ដ៍ស​ម្រេច​ញែក​រូប​ពួក​គេ​ទាំង​២​នាក់​ចេញពី​គ្នា ។

សារមន្ទីរ​ប្រកាស​ថា បាន​អនុវត្ត​ភ្លាម​ៗ​លើ​រូប​ក្រមួន​របស់​នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​ប្រេត ភី​ត ក្រោយ​ពី​ព័ត៌មាន​ចែកផ្លូវ​គ្នា​របស់​ពួក​គេ​លេចឮ ដោយ​បំបែក​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា​។ រូប​ក្រមួន​របស់​នាង​អេ​ន​ចេ​លី​ណា ជោ​លី ដាក់​នៅ​ក្បែរ​រូប​របស់​នាង​Nicole Kidman ចំណែក​រូប​ក្រមួន​របស់​ប្រេត ភី​ត ដាក់​នៅ​ក្បែរ​លោក Morgan Freeman ។

រូប​ក្រមួន​របស់​នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​ប្រេត ភី​ត បាន​ដាក់​តាំង​បង្ហាញ​ជា​គូ​នឹង​គ្នា​នៅ​ក្នុង​សារមន្ទីរ​រូប​ក្រមួន «Madame Tussauds» នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស តាំងពី​ឆ្នាំ​២០១៣​មក​។ ឥឡូវ​អ្នក​ទាំង​២​បែកផ្លូវ​គ្នា សារមន្ទីរ​ញែក​រូបសំណាក​ពួក​គេ​ចេញពី​គ្នា​ដែរ ៕