ឈ្មួញ​ពីរ​នាក់​កំពុង​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ចូល​ខេត្តសៀមរាប​យ៉ាង​គគ្រឹកគគ្រេង​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​ពីរ​នាក់​ឈ្មោះ អ៊ុំ រតនៈ ហៅ​ពៅ​ប្រជ្រុយ និង​ឈ្មោះ ធឹង លាង​ស្រេង នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ ចូលទៅ​ក្រុង​សៀមរាប យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ អ៊ុំ រតនៈ និង ធឹង លាង​ស្រង ប្រើប្រាស់​រថយន្ត​កូរ៉េ​ធំៗ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ចូល​ក្រុង​សៀមរាប ដោយ​ប្រើ​លិខិតអនុញ្ញាត​ក្លែងក្លាយ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ អ៊ុំ រតនៈ ជា​អ្នករត់​ការបើកផ្លូវ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ អ៊ុំ រតនៈ និង ធឹង លាង​ស្រង ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ ចូល​ស្រុក​ស្វាយ​លើ ដោយ​ស្តុក​ទុក​នៅ​ឃុំ​ស្វាយ​លើ ដែលជា​លំនៅដ្ឋាន​របស់​ឈ្មួញ​ឈ្មោះ ធឹង លាង​ស្រេង​។ បន្ទាប់មក​ទើប​គេ​ប្រើប្រាស់​រថយន្ត​កូរ៉េ​ធំៗ​ដឹកឈើ​ចេញពី​ដេប៉ូ​ក្នុងភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ចូល​ក្រុង​សៀមរាប យ៉ាង​រលូន​បើទោះបី​នៅតាម​ដងផ្លូវ​មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ជាច្រើន​កន្លែង​ក៏ដោយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​តាមផ្លូវ​ជាតិ​ពី​ខេត្តព្រះវិហារ ចូល​ក្រុង​សៀមរាប ឆ្លងកាត់​ស្រុក​ស្វាយ​លើ តែង​ទទួលផល​ប្រយោជន៍​ពី​ឈ្មោះ អ៊ុំ រតនៈ ដែលជា​អ្នក​រត់ការ​ហេតុនេះហើយ​ទើប​ពុំមាន​ការបង្ក្រាប​។

ឈ្មួញ​ឈើ​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​ឈ្មោះ អ៊ុំ រតនៈ និង ធឹង លាង​ស្រង អាច​ដឹកឈើ​ពី​ខេត្តព្រះវិហារ និង​ពី​ស្រុក​ស្វាយ​លើ ចូល​ចែកចាយ​តាម​ដេប៉ូ​ធំៗ​ក្នុង​ក្រុង​សៀមរាប គឺមាន​ការឃុបឃិត​ជាមួយ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ឈ្មោះ អ៊ុំ រតនៈ និង ធឹង លាង​ស្រង ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ទាំងពីរ​នាក់​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ អ៊ុំ រតនៈ និង ធឹង លាង​ស្រង នៅតែ​បន្ត​ដឹកឈើ​តាម​រថយន្ត​ធំៗ​ចូល​ចែកចាយ​ក្នុង​ក្រុង​សៀមរាប​យ៉ាង​រលូន ដោយមាន​ការឃុបឃិត​ជាមួយ​ក្រុមមន្ត្រី និង​សមត្ថកិច្ច​ពុករលួយ​៕

ew-3-768x432 3w-768x573 de-9-768x432