បទល្មើស​នេសាទ​ក្នុងស្រុក​កំពង់លែង រាលដាល​កាន់តែខ្លាំង​ដោយសារ​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ពុករលួយ

ប្រជា​នេសាទ​នៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​លោក តាត សីហា​ក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផ្សារឆ្នាំង ទទួលបន្ទុក​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​នៅ​ស្រុក​កំពង់លែង ក៏ដូចជា​លោក ម៉ុ​ប សាម៉ុន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​ស្រុក​កំពង់លែង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា​មន្ត្រីរដ្ឋបាល​ជលផល​ទាំងពីរ​នាក់​នេះ ទទួលផល​ប្រយោជន៍​ពី​ក្រុម​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់ ក្នុងខណៈដែល​បទល្មើស​កើតឡើង​កាន់តែខ្លាំង​។ ចំណែក​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ក៏​ទំនងជា​ទទួលផល​ប្រយោជន៍​ពី​មន្ត្រីក្រោមឱវាទ​ជាប្រចាំ​ដែរ ទើប​សម្ងំស្ងៀម​មិន​បង្ក្រាប​បទល្មើស​។

នៅពេលដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់លែង រាលដាល​កាន់តែខ្លាំង​មួយ​រយៈពេល​កន្លងទៅនេះ ទើប​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ក្នុង​មួយថ្ងៃៗ​ត្រី​ល្អិតៗ​រាប់សិប​តោន​ត្រូវបាន​គេ​នេសាទ​យកទៅលក់​ឲ្យ​ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ​។ ប្រជា​នេសាទ​បាន​រាយការណ៍​ថា បទល្មើស​ប្រើ​របាំង​ណ​រ៉ាវ មាន​ប្រវែង​បណ្ដោយ​រាប់ពាន់​ម៉ែត្រ និង​បទល្មើស​ស្បៃ​ម៉ុង​ក្រឡា​ញឹក កំពុង​កើត​មាននៅ​ចំណុច​ក្បាលកោះ​ទន្លា ចំណុច​គន្លង​១០០ ចំណុច​ព្រែក​ដូនតី ចំណុច​ចុង​ព្រែក​គូរ ឃុំ​ផ្លូវ​ទូក និង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​។ ប្រសិនបើ​គ្មាន​ការទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​បទល្មើស​កើតឡើង​ពេញបន្ទុក​ក្នុង​រដូវ​បិទ​នេសាទ​។

ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​៣​ខែ​មកហើយ​ដែល​ឈ្មួញ​ធំៗ​មួយចំនួន​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​ក៏​១០​តោន​ដែរ យកទៅលក់​ឲ្យ​ក្រុម​ឈ្មួញ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​។ បច្ចុប្បន្ន​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា របាំង​ណ​រ៉ាវ​ធ្វើ​អំពី​សាច់​អួន​ក្រឡា​ញឹក​ដែលមាន​ប្រវែង​បណ្ដោយ​ចាប់​៨០០​ម៉ែត្រ​ទៅជា​ង​១០០០​ម៉ែត្រ ត្រូវបាន​គេ​ប្រើប្រាស់​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​រដូវ​បិទ​នេសាទ​។ ក្រុម​ឈ្មួញ​ដែលជា​អ្នកប្រមូល​ទិញ​ត្រី​ល្អិតៗ​មានដូចជា ឈ្មោះ​ផល្លា ឈ្មោះ​គូ​ឆិ និង​ឈ្មោះ​ប្រុស ជាដើម​គឺ​ឈ្មួញ​ទាំងនេះហើយ​ដែលជា​ដើមហេតុ​នាំ​ឲ្យ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​មេៗ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង និង​មន្ត្រីរដ្ឋបាល​ជលផល​ខេត្ត​ស្រុក​កំពង់លែង ឃុបឃិត​ឲ្យ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

p1

លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល

pic250 pic249