ស្ថាបនិក Facebook បរិច្ចាគប្រាក់ ៣ពាន់លានដុល្លារ ដើម្បីព្យាបាល និងការពារពីជំងឺផ្សេងៗ

អាមេរិក៖ លោក Mark Zuckerberg ស្ថាបនិកបណ្តាញសង្គមយក្ស Facebook និងភរិយា នាង Priscilla Chan បានសន្យាបរិច្ចាគប្រាក់៣ពាន់លានដុល្លារ ដើម្បីព្យាបាល ការពារ ឬគ្រប់គ្រង លើជំងឺទាំងអស់ដល់ក្មេងៗ។

ប្តីប្រពន្ធមួយគូនេះបានសន្យាផ្តល់ប្រាក់នេះជាការវិនិយោគដ៏ធំ ដោយក្រុមហ៊ុនឧបត្ថម្ភរបស់ខ្លួន ឈ្មោះ Chan Zuckerberg Initiative ដែលបង្កើតឡើងដោយពួកគេទាំងពីរ ដោយត្រូវបានផ្តោតទៅលើវិស័យអប់រំ ភាពក្រីក្រ និងសមភាព។ 

ថ្លែងទាំងទឹកភ្នែកនៅក្នុងសន្និសីទកាសែតនាទីក្រុង San Francisco ដើម្បីប្រកាសពីការបរិច្ចាគនេះ លោកស្រី Chan បាននិយាយថា នាងសង្ឃឹមថានឹងអាចកាត់បន្ថយការឈឺចាប់របស់ឪពុកម្តាយទាំងឡាយដែលនាងធ្លាប់បានឃើញ ខណៈការផ្តល់ដំណឹងទៅមន្ទីរពេទ្យកុមារមានការលំបាក។

លោក Mark Zuckerberg បាននិយាយថា ទឹកប្រាក់ទាំងនេះនឹងត្រូវចំណាយក្នុងវិធី៣ផ្សេងគ្នាគឺ ដើម្បីចែករំលែកចំណេះដឹងរវាងអ្នកវិទ្យាសាស្រ្ត និងវិស្វករ។ ដើម្បីកំណត់ថាតើបច្ចេកវិទ្យាអាចរៀបចំសម្រាប់កិច្ចស្រាវជ្រាវដោយរៀបណាខ្លះ និងដើម្បីចូលរួមកម្លាំងជាមួយមនុស្សផ្សេងទៀតនៅជុំវិញពិភពលោកដើម្បីផ្តល់មូលនិធិ និងការខិតខំប្រឹងប្រែងផ្នែកវិទ្យាសាស្រ្ត។

ទឹកប្រាក់ចំនួន៦០០លានដុល្លារដំបូង នឹងត្រូវយកទៅវិនិយោគនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវថ្មីមួយ ដែលមានឈ្មោះថា Biohub ដែលជាដៃគូសហការជាមួយនឹងសាកលវិទ្យាល័យ Stanford, Berkeley និងសាកលវិទ្យាល័យកាលីហ្វញ៉ា ដើម្បីស្វែងរកវិធីថ្មីមួយក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺនានា។ 

លោក Mark Zuckerberg បានឲ្យដឹងទៀតថា វិទ្យាសាស្រ្ត និងសហគមន៍វេជ្ជសាស្រ្ត បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល៥០ឆ្នាំមកនេះ ហើយបច្ចុប្បន្ននេះ មានជំងឺ៤ប្រភេទដែលបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់ គឺ ជំងឺមហារីក បេះដូង ជំងឺឆ្លង និងជំងឺសសៃប្រសាទ។ ហើយយើងអាចធ្វើឲ្យមានការរីកចម្រើនទៅលើជំងឺទាំងអស់នេះ ជាមួយនឹងបច្ចេកវិទ្យាដ៏ត្រឹមត្រូវ។

គួររំឭកថា កាលពីខែធ្នូ ឆ្នាំមុន លោក Mark Zuckerberg បានប្រកាសថា លោកនឹងបរិច្ចាគភាគហ៊ុន FACEBOOK របស់លោកចំនួន៩៩ភាគរយ ពេញមួយជីវិតរបស់លោក ដោយការសន្យានេះធ្វើឡើងបន្ទាប់ពីកូនស្រីរបស់លោកបានកើតមក។ លោកបាននិយាយថា ភាគហ៊ុនចំនួន៩៩ភាគរយនោះនឹងបរិច្ចាគទៅលើបេសកកម្មចំនួន៤ គឺ ការសិក្សាអប់រំ ការព្យាបាលជំងឺ ការភ្ជាប់ទំនាក់ទំនងមនុស្ស និងការកសាងសហគមន៍ដ៏រឹងមាំមួយ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ថាបនិក Facebook បរិច្ចាគប្រាក់ ៣ពាន់លានដុល្លារ ដើម្បីព្យាបាល និងការពារពីជំងឺផ្សេងៗ

ស្ថាបនិក Facebook បរិច្ចាគប្រាក់ ៣ពាន់លានដុល្លារ ដើម្បីព្យាបាល និងការពារពីជំងឺផ្សេងៗ

ស្ថាបនិក Facebook បរិច្ចាគប្រាក់ ៣ពាន់លានដុល្លារ ដើម្បីព្យាបាល និងការពារពីជំងឺផ្សេងៗ