ចាប់ខ្លួន​កូនប្រុស​អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ

ខេត្តក្រចេះ ៖ កូនប្រុស​របស់​អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ​​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រួម​ជាមួយ​បក្សពួក​ម្នាក់​ទៀត​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ថ្ម​កាំ​ង ភូមិ​គោ​លាប់ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឆោម ប្រ​លិ​ត អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ​បន្ទាយ ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ និង​ឈ្មោះ កែវ មុនី ហៅ​ជ័រ អាយុ​៣៣​ឆ្នាំ (​កូនប្រុស​អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ​) មាន​ទីលំនៅ​ភូមិ​គោ​លាប់​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​៣​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។ សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕