បើ​​សង់​បុរី​​ស្តង់ដារ​ដដែលៗ ២០​ឆ្នាំ​ក្រោយ ច្បាស់​​ជា​ជាប់​គាំង

ក្នុង​កិច្ច​ពិភាក្សា​អនាគត​នៃ​រាជធានី​ភ្នំពេញ ក្រោម​ប្រធាន​បទ «ភ្នំពេញ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ឆ្នាំ ២០៣៥ ក្នុង​យុគសម័យ​អភិវឌ្ឍន៍» នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ ម្សិលមិញ​នេះ លោក គឹម ហ៊ាង ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា បុរី​បច្ចុប្បន្ន​មាន​ផ្លូវ​តូច​ចង្អៀត ពី​៨​ទៅ​១២ ម៉ែត្រ​ប៉ុណ្ណោះ។ បើ​​បុរី​ត្រូវ​បាន​គេ​សង់​តាម​ស្តង់ដារ​បែប​នេះ​ទៀត បុរី​​នឹង​កក​ស្ទះ​ចរាចរណ៍​ក្នុង​រយៈ​ពេល​ ២០​ ឆ្នាំ​ក្រោយ។

 

បើ​​សង់​បុរី​​ស្តង់ដារ​ដដែលៗ ២០​ឆ្នាំ​ក្រោយ ច្បាស់​​ជា​ជាប់​គាំង ក្រុមអ្នកជំនាញ

 

លោក គឹម ហ៊ាង ថ្លែង​ថា ចរាចរណ៍​ជា​បញ្ហា​គួរ​ឱ្យ​ព្រួយ​បារម្ភ ព្រោះ​​​២០​ឆ្នាំ​ក្រោយ ប្រជាជន​​នៅ​ទីក្រុង​ភ្នំពេញ នឹង​កើន​ដល់​៧​ ទៅ​៨​លាន​នាក់ ខណៈ​បច្ចុប្បន្ន​មាន​ជាង​២ទៅ​៣លាន​នាក់។ លោក​ថា គម្រោង​បុរី​ថ្មី ត្រូវ​ធ្វើ​ផ្លូវ​ឱ្យ​បាន​ធំ ពោល​គឺ​ពី​២០​ម៉ែត្រ ឬ​ធំ​ជាង​នេះ ដើម្បី​បង្ការ​ការ​កក​ស្ទះ​ចរាចរណ៍។

 

ប្រធាន​ក្រុមហ៊ុន Khmer Real Estate រូប​នេះ​ថ្លែង​ថា៖ “​គាត់​សង់​អា​លូវ លក់​អា​លូវ​អត់​អី​ទេ ប៉ុន្តែ​បើ​២០​ឆ្នាំ​ក្រោយ​គឺ​ស្ទះ​ហ្មង។ ភ្នំពេញ​យើង​អាលូវ ចេញ​ម៉ោ គាំង​ហ្មង!…ផ្លូវ​មិន​មែន​ប៉ុណ្ណឹង​ទេ ទាល់​តែ​​ធំ​ជាង​ហ្នឹង​ពីរ​ទៅ​បី​ដង”។

 

​បើ​​បុរី​នៅ​តែ​មាន​ស្តង់ដារ​សាងសង់​ដដែលៗ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុង​ពេល​អនាគត ព្រោះ​តែ​ការ​ប្រកួត​ប្រជែង។ លោក គឹម ហ៊ាង បញ្ជាក់។

 

បើ​​សង់​បុរី​​ស្តង់ដារ​ដដែលៗ ២០​ឆ្នាំ​ក្រោយ ច្បាស់​​ជា​ជាប់​គាំងអ្នកចូលរួម

 

ក្នុង​កិច្ច​ពិភាក្សា​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Shukaku នេះ មាន​អ្នក​វាគ្មិន​ជំនាញ​៥​រូប ​រួម​មាន​អ្នកស្រី Michelle Lau នាយិកា​ប្រតិបត្តិ​ លោក Anthony Galliano ប្រធាន​គណៈកម្មការ​ពន្ធដារ​នៃ​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក Simon Griffiths នាយក​តំណាង​ក្រុមហ៊ុន CBRE កម្ពុជា លោក គឹម ហ៊ាង និង​ឯកឧត្ដម​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល ដែល​​ជជែក​វែកញែក​ពី​បញ្ហា​ប្រឈម ដំណោះស្រាយ និង​កាលានុវត្ត​ភាព ​ការ​រីក​លូតលាស់​នៃ​វិស័យ​អចលនទ្រព្យ​នៅ​ភ្នំពេញ៕ ​

 

វិនិយោគិន​ក្នុង​ស្រុក​ ចាយ​៧០​លាន​ដុល្លារ​កសាង​បុរី​បែប​វីឡា​អូតែល​​ដំបូង​នៅ​កម្ពុជា

 

អត្ថបទ៖ អ៊ុំ សុភក្តិ