កូរ៉េខាងជើងព្រមានកំទេចរដ្ឋធានីសេអ៊ូល និងកោះហ្គាំ ឲ្យក្លាយទៅជាផេះ ជាការឆ្លើយតបទៅនឹងការឌឺដងរបស់អាមេរិក និងកូរ៉េខាងត្បូង

(ព្យុងយ៉ាង)៖ យោធាប្រទេសកូរ៉េខាងជើងបានព្រមានពី «សកម្មភាពតបតយោធា» របស់ខ្លួនប្រឆាំងទៅនឹង សកម្មភាពយោធារបស់អាមេរិក និងកូរ៉េខាងត្បូង ជាពិសេសការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-1B របស់អាមេរិក មកកាន់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។

អ្នកនាំពាក្យយោធាកូរ៉េខាងជើង បានហៅទង្វើខាងលើថា ជាការឌឺដងបែបយោធាប្រឆាំង នឹងកូរ៉េខាងជើង ហើយបាននិយាយថា ការឌឺដងនេះបានជម្រុញឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េ ឈានទៅដល់ដំណាក់កាលនៃសង្រ្គាមនុយក្លេអ៊ែរ ដែលមិនអាចគ្រប់គ្រងនិងស្រោចស្រង់ឡើងវិញបាន។

Loading...

សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានគំរាមថា គ្រាប់នុយក្លេអ៊ែររបស់យោធាកូរ៉ខាងជើង មានសមត្ថភាពអាចនឹងកំទេចទាំងស្រុងនូវរដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងឲ្យក្លាយទៅជាផេះបាន។ លើសពីនេះទៀត កូរ៉េខាងជើងបានធ្វើការព្រមានថែមទៀតថា «ប្រសិនបើពួកគេ (អាមេរិក-កូរ៉េខាងត្បូង) នៅតែបង្កើនការឌឺដងមកលើកូរ៉េខាងជើង ដោយបន្តចល័តយន្តហោះ B-1B នៅលើដែនអាកាសឧបទ្វីបកូរ៉េទៀត យោធាកូរ៉េខាងជើងធានាថា នឹងសម្អាតកោះហ្គាំចេញផ្ទៃផែនដី»។

គួរបញ្ជាក់ថា អាមេរិកបានចល័តយន្តហោះដ៏មានអនុភាព B-1B ដែលមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ចំនួនពីរលើករួចមកហើយនៅលើដែនអាកាសប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងសំញ៉ែងសាច់ដុំកងកម្លាំងយោធារបស់ខ្លួននិងកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើងបានធ្វើការបំផ្ទុះគ្រាប់នុយក្លេអ៊ែរជាលើកទីប្រាំ ដែលមានឥទ្ធិពលខ្លាំងក្លាជាងលើកមុនៗ ដោយជោគជ័យ៕

ប្រភព៖ freshnewsasia