លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កំពុង​បំភ្លៃ​ការពិត​រឿង​តម្លៃ​ស្រូវ​ធ្លាក់ចុះ​

កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​រាប់ពាន់នាក់​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​បិទ​ផ្លូវជាតិ​លេខ​៥​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ករណី​តម្លៃ​ស្រូវ​ធ្លាក់ចុះ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ការខាតបង់​ចំពោះ​ការចំណាយ​ដើមទុន​ផលិត ហើយ​អាច​នឹង​ជំពាក់​បំណុល​ធនាគារ​ឬ​ស្ថាប័ន​មេក្រូ​ហិរញ្ញវត្ថុ​។ ប្រជាពលរដ្ឋ​ដែល​តវ៉ា​បិទផ្លូវ​ដោយ​ចាក់​ស្រូវ​លើផ្លូវ​ជាតិ បាន​បញ្ជាក់ថា​ឈ្មួញ​បាន​ដើរ​ទិញស្រូវ​ពួកគាត់​ក្នុងតម្លៃ​ទាប ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​។ ដូច្នេះហើយ​ទើប​ពួកគាត់​នាំគ្នា​តវ៉ា​ដើម្បី​ឲ្យ​អាជ្ញាធរ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​យ៉ាងគំហុក​តទៅទៀត​។

ទាក់ទង​នឹង​បញ្ហា​នេះ​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ព្យាយាម​បំភ្លៃ​ការពិត​ថា ការផ្ទុះ​បាតុកម្ម​ដោយ​កសិករ​យក​ស្រូវ​ចាក់​បិទផ្លូវ​ជាតិ​លេខ​៥​ក្នុង​ខេត្តបាត់ដំបង​នោះ គឺ​រង​ការ​ញុះញង់​ផ្នែក​នយោបាយ​។ សំដី​របស់លោក វេ​ង សាខុន បែបនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់ថា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កំពុង​ព្យាយាម​បិទបាំង​ការពិត​ព្រោះ​ការដែល​ពួកគាត់​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៥​មុខ​សាលាឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ មិន​មានការ​ញុះញង់​ផ្នែក​នយោបាយ​ណាមួយ​ឡើយ គឺ​បណ្ដាលមកពី​តម្លៃ​ស្រូវ​ធ្លាក់ចុះ​យ៉ាងគំហុក​។ ប្រជាពលរដ្ឋ​បាន​រំលឹកថា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ តម្លៃ​ស្រូវ​ក្រអូប​ក្នុង​១​គីឡូក្រាម​ជាង​១០០០​រៀល ប៉ុន្តែ​នៅ​ដើមរដូវ​ប្រមូល​ផល​ឆ្នាំ​២០១៦​នេះ ស្រូវ​ក្រអូប​១​គីឡូក្រាម​តម្លៃ​ត្រឹមតែ​៨៥០​រៀល ហើយ​មិនសូវមាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ទៀតផង​។

សំដី​ខ្វះ​ការទទួលខុសត្រូវ​រប​ស់លោក វេ​ង សាខុន ដែលថា​កសិករ​បិទផ្លូវ​តវ៉ា​មានការ​ញុះញង់​ផ្នែក​នយោបាយ​នោះ ត្រូវបាន​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រិះគន់ថា លោក វេ​ង សាខុន កំពុង​បិទបាំង​ការពិត​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​បញ្ជាក់ថា ការលើកឡើង​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គឺ​មិន​ឆ្លុះបញ្ចាំង​ការពិត​ជាក់ស្ដែង​របស់​ប្រជាកសិករ​ទេ ហើយ​កំពុង​គេចវេះ​ពី​ការទទួលខុសត្រូវ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​លើកឡើងថា ការតវ៉ា​រហូត​ចាក់​ស្រូវ​ចោល​របស់​កសិករ គឺជា​រូបភាព​បង្ហាញថា​ពួកគាត់​ចង់​ទទូច​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​តម្លៃ​កសិផល​របស់​កសិករ ជាពិសេស​គឺ​ស្រូវ​។ ដូច្នេះ​លោក វេ​ង សាខុន មិនគួរ​គិត​ខិតខំ​បិទបាំង​ការពិត​ទេ ហើយ​គួរតែ​ទទួលស្គាល់​ពី​ទុក្ខលំបាក​របស់​កសិករ ជាងនេះទៅទៀត​លោក វេ​ង សាខុន កំពុង​ធ្វើ​ឲ្យ​កសិករ​ឈឺចាប់​ដោយសារ​សំដី​ខ្វះ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​៕

v-sa-1

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

1 141a1e25-4d28-4cfe-a985-9fb3a8a4914f 816f86fd-cedb-4ceb-8d7b-b72a8bd47858