តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​រិះគន់ថា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​នោះទេ​។ រហូតមកដល់​ពេលនេះ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី ជាប់​ព្រំប្រទល់​ស្រុក​កោះ​ញែក នៅតែ​ត្រូវ​ឈ្មួញ​កាប់រំលំ​អារច្រៀក​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដដែល​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ដែនជម្រកសត្វព្រៃ​លំផាត់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​លំផាត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ព្រៃ​ដែន​ជម្រក​សត្វ ព្រៃ​ការពារ និង​ព្រៃ​សហគមន៍ ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​ឥតឈប់ឈរ​ពី​សំណាក់​ឈ្មួញ​ធំៗ​ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាក់ស្ដែង​ថ្មីៗ​កន្លងទៅនេះ​មិនមែន​តែ​ឈ្មួញ​ខ្មែរ​ទេ ដែល​ចុះ​ប្រមូល​ទិញ​ឈើ​នៅ​តំបន់​ព្រំប្រទល់​រវាង​ស្រុក​លំផាត់ ខេត្តរតនគិរី និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី គឺមាន​ឈ្មួញ​យួន​ចុះមក​ប្រមូល​ទិញ​ឈើ​លើ​ទឹកដី​ខ្មែរ​យ៉ាង​ងាយស្រួល​ទៀតផង​។ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​លំផាត់ ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការវិនាសហិនហោច​ធន​ធាន​ធម្មជាតិ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​លំផាត់ បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​អ្នកគ្រប់គ្រង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ និង​គ្មាន​ការឃុបឃិត​ពី​លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់​ទេនោះ គឺ​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​មិនអាច​ចុះទៅ​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​លំផាត់​បានឡើយ​។ លើស​នេះ​ទៅទៀត​ប្រសិនបើ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​លំផាត់ មិន​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ មិន​ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ស្រុក​លំផាត់​បានទេ​។ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ចំពោះ​បទល្មើស​កាប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ព្រោះ​បច្ចុប្បន្ន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​នោះ ស្ទើរតែ​វិនាស​ផុត​ពូជ​ទៅហើយ​៕

%e1%9e%98%e1%9e%8e%e1%9f%92%e1%9e%8c%e1%9e%9b%e1%9e%82%e1%9e%b7%e1%9e%9a%e1%9e%b8-%e1%9e%94%e1%9e%91%e1%9e%9b%e1%9f%92%e1%9e%98%e1%9e%be%e1%9e%9f%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%83%e1%9e%88%e1%9e%be bf7a5580-a823-4a24-87fe-91cab31d28fd pic251