​លោក កឹម សុខា បញ្ជាក់ថា តម្លៃ​ស្ដ្រី​គឺ​តម្លៃសង្គម​ដែល​ត្រូវតែ​លើកទឹកចិត្ត​និង​គាំពារ​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ចុង​សប្តាហ៍​នះ បាន​បញ្ជាក់ថា តម្លៃ​ស្ដ្រី​គឺ​តម្លៃសង្គម​ដែល​ត្រូវតែ​លើកទឹកចិត្ត​និង​គាំពារ​។ គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់ទុកថា​ស្ត្រី និង​យុវជន​ជា​កម្លាំងចលករ​ដ៏​សំខាន់បំផុត​ក្នុង​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ ហើយ​ពួកគាត់​ក៏​ជា​កម្លាំង​ស្នូល​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាមរយៈ​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេលខាងមុខ​ផងដែរ​។

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ពន្យល់ថា ទាំង​នៅក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល​កំពុង​តែ​ចាប់អារម្មណ៍ និង​ឲ្យ​តម្លៃ​ទៅលើ​ស្ដ្រី​ហើយ ព្រោះ​តម្លៃ​ស្ដ្រី​គឺជា​តម្លៃសង្គម​ទាំងមូល​។ ក៏ប៉ុន្ដែ​តម្លៃ​ស្ដ្រី​មិនមែន​អាស្រ័យទៅលើ​ធនធាន​ទ្រព្យសម្បត្ដិ រូប​សម្បត្ដិ​តែប៉ុណ្ណោះ​ទេ សារៈសំខាន់​នៃ​តម្លៃ​ស្ដ្រី​គឺ គំនិត​និង​ចំណេះដឹង​របស់​ស្ដ្រី​ថែមទៀត​។ ដូច្នេះ​ការដែល​ចលនា​ស្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដ្រី​ឲ្យ​ចេះ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ ពិត​ជាមាន​សារៈសំខាន់ ដើម្បី​ធ្វើ​ឲ្យ​ស្ដ្រី​បង្កើន​នូវ​គំនិត និង​ចំណេះដឹង​តាមរយៈ​ការទទួល​និង​ចែកចាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​នេះ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា បាន​សម្តែង​នូវ​ការកោតសរសើរ និង​មាន មោទនភាព​ខ្លាំងណាស់​ចំពោះ​ស្ត្រី​ឆ្នើម​ទាំងអស់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ឆន្ទៈ មោះមុត ក្នុង​សកម្មភាព​នយោបាយ បើទោះជា​មាន​ឧបសគ្គ​ច្រើនយ៉ាង​ណាក៏ដោយ ហើយ​ពិសេស​បំផុត​នោះ គឺ​ការ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​ខាងមុខនេះ​។ ក្នុងនាម​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា លោក​សូម​ជម្រាបជូន​ស្ត្រី​ឆ្នើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​មេត្តា ជ្រាបថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលការណ៍ ដែលជា​លក្ខណៈសម្បត្តិ​ក្នុងការ​ជ្រើសរើស​បេក្ខជន​ដែលមាន​ជាអាទិ៍ ៖ ឆន្ទៈ សមត្ថភាព លទ្ធភាព សកម្មភាព និង​សីលធម៌​៕

14448771_1469203676430260_6637658920899728366_n kem-1