ក្រោយពី «អា​អូន​មើល​មុខ​បងចឹ​ង​ក្នុង​នាមអី?» ដេរ​១១ថ្នេរ

ខេត្តកណ្តាល ៖ ​​​ហិង្សា​ដោយ​ចេតនា​​មួយ ​​កើតឡើង​កាលពី​វេលា​ម៉ោង០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី២២ ​កញ្ញា ២០១៦ ស្ថិតនៅ​ចំណុច​​កន្លែង​លក់​សាច់​ក្លែម ​(​សាច់​ឆ្កែ​) ​ក្នុងភូមិ​គគីរ​ ឃុំ​គគីរ​ ​ស្រុក​កៀនស្វាយ​ ដោយ​ជន​រង​គ្រោះ​ចូល​ពេទ្យ​ រីឯ​​ជន​បង្ក​ជាប់​ខ្នោះ​សមត្ថកិច្ច ​។

​​ជន​រង​គ្រោះ​​ឈ្មោះ​ញឹក ភា​​ អាយុ​៤៧​ឆ្នាំ​ ​​ជា​មន្ត្រី​យោធា​ មាន​ទីលំនៅ​​​ក្នុងភូមិ​ស្វាយ​តា​អ៊ុ​ក​ សង្កាត់​វាល​ស្បូវ​ ខ​ណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ ​(​រង​របួស​ផ្ទៃមុខ) ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ដេរ​អស់​១១ថ្នេរ ​។ ​ចំណែក​ជន​បង្ក​ឈ្មោះ​ហ៊ា​ង បូ​រី ​​អាយុ​២២​ឆ្នាំ ជាអ្នកបើក​រថយន្ត​ មានស្រុក​កំណើត​ភូមិ​បឹង​កុក​ពីរ​​ ឃុំ​បឹង​កុក​ពីរ​​ ​ស្រុក​កំពុងចាម ខេត្តកំពុងចាម​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​ស្លាប​តា​អោន​​ ឃុំ​គគីរ​​ ស្រុក​កៀនស្វាយ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​។

សមត្ថកិច្ច​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​​ទៅ​អង្គុយ​ផឹកស្រា​បៀរ​នៅ​កន្លែង​លក់​សាច់​ឆ្កែ​ខាងលើ​​ ដោយ​អង្គុយ​តុ​ផ្សេង​នៅ​ជិត​តុ​ជន​ស​ង្ស័យ ។ ខណៈ​នោះ​ ជន​ស​ង្ស័យ​បាន​មើល​មុខ​ឌឺ​ដាក់​ជន​រង​គ្រោះ​ ហើយ​ជន​រង​គ្រោះ​​​សួរ​ថា​ «អា​អូន​មើល​មុខ​បង
​ចឹ​ង​ ក្នុង​នាម​អី?» ។

ពេល​សួរ​រួច​ ជន​រង​គ្រោះ​បាន​ដើរទៅ​តុ​វិញ​ ស្រាប់តែ​ជន​ស​ង្ស័យយក​កែវ​ដៃ​​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​ចំ​ផ្ទៃមុខ ​បណ្ដាល​ឱ្យបែកចេញ​ឈាម​ហូរ​ពេញ​ផ្ទៃមុខដេរ​ចំនួន​១១​ថ្នេរ​ ។ ភ្លាម​នោះ​ ជន​រង​គ្រោះ​បានរ​ត់ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ​ហ៊ា​ង​ បូ​រី ​រួម​និង​វត្ថុ​តាង​អំបែង​កែវ​ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ​ដើម្បីចាត់ការ​បន្ត ​។