វេន​ទី​3​សាលាឆាន់​ប្រេះ​ឱ្យដំណឹង វេន​ទី​6​បាក់​ទាំងស្រុង

វេន​ទី​3​សាលាឆាន់​ប្រេះ​ឱ្យដំណឹង វេន​ទី​6​បាក់​ទាំងស្រុង



រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ការ​ប្រេះ​ធ្នឹម និង​ស្រុត​ក្បាលសសរ​ដែល​ធ្វើ​ឱ្យ​ព្រះសង្ឃ ព្រមទាំង​ពុទ្ធបរិស័ទ​រត់​ចែក​ជើង​គ្នា​ប្រសាច ចេញពី​សាលាឆាន់​នៅ​ពេល​ដែល​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​កំពុង​តែ​សូត្រធម៌​សមាទានសីល រៀបចំ​ចង្ហាន់​ថ្ងៃត្រង់​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៣ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ប៉ុន្មាន​ថ្ងៃមុន​នៅ​ក្នុង​វត្ត​មហាមន្ត្រី ឥឡូវនេះ​សាលាឆាន់​ដ៏​ចំណាស់​មួយ​ខ្នង​ដែល​មាន​អាយុកាល​ជិត​៦០​ឆ្នាំទៅ​ហើយ​នោះ បាន​ស្រុត និង​បាក់​រលំ​ស្ទើរតែ​ទាំងស្រុង​អស់​ទៅ​ហើយ ។ ហេតុការណ៍​នេះ បាន​បង្ករ​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ កញ្ញា ស្ថិត​ក្នុង​វេន​ទី​៦ ។

វត្ត​មហាមន្ត្រី មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។
តាម​ប្រភព​ព័ត៌មាន​ពី​ព្រះសង្ឃ​មួយ​អង្គ​មាន​សង្ឃដីកា​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ទាំង​ព្រះសង្ឃ លោក​អាចារ្យ តាជី និង​យាយជី​ទាំងអស់​គ្នា​ដែល​គង់ និង​ស្នាក់​នៅ​ក្នុង​វត្ត​មហាមន្ត្រី បានឮ​សំឡេង​គ្រឹប​ៗ និង​ដំបូល​ស័ង្កសី​លាន់ឮ​ប្រាវ​ៗ ដែល​ស្នូរ​នេះ​លាន់ឮ​ចេញពី​សាលា​ធម្មសភា (​សាលាឆាន់​) ដែល​បាន​ចាក់សោ​បិទទ្វារ​ទៅ​ហើយ ក៏​បាន​នាំ​គ្នា​រត់​ចេញ​មក​មើល​ក៏​បាន​ប្រទះ​ឃើញ​តួ​សាលាឆាន់​មួយ​ផ្នែក​ខាងក្រោយ​នោះ បាន​បាក់​ស្រុត​ទៅ​ក្រោម​តែ​ម្តង ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​សា​ជា​ថ្មី​ម្តងទៀត​ទាំង​វេលា​ជិត​ភ្លឺ ។

ព្រះសង្ឃ​អង្គ​នោះ​មាន​សង្ឃដីកា​បន្ត​ទៀត​ថា សាលាឆាន់​ខាងលើ​នេះ ជា​សំណង់​ចាស់​ដែល​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៥៩ ហើយ​មក​ដល់​នឹង​ពេល​នេះ​គឺ​មាន​អាយុកាល​៥៧​ឆ្នាំទៅ​ហើយ​។ ភាព​ចាស់​ទ្រុឌទ្រោម​នេះ​បាន​ធ្វើ​ឱ្យ​សាលាឆាន់​ទាំងមូល​បាក់​ស្រុត​ស្ទើរ​ទាំងស្រុង ដែល​នៅ​បាត​ក្រោម​ជា​រណ្តៅ​ទឹក ប្រៀប​ដូច​ជា​ប្រឡាយ​ឬ​ជា​ស្រះ​មួយ​ពី​អតីតកាល ។ សាលាឆាន់​ដែល​បាក់​ស្រុត​ស្ទើរតែ​ទាំងស្រុង​នា​ពេល​នេះ មាន​ទំហំ​ទទឹង​២៥​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៣០​ម៉ែត្រ បាន​កសាង​ឡើង​ពី​ក្នុង​ស្រះ​ទឹក​មួយ ដែល​មិន​បាន​លុប​ដី និង​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ថា សំណង់​មួយ​នេះ​ធ្វើ​ឡើង​ទៅ​តាម​បច្ចេកទេស​យ៉ាងណា​នោះ​ទេ ។ លុះ​ក្រោយ​ៗ​មក​ព្រះសង្ឃ​ក៏​ចេះ​តែ​នាំ​គ្នា​ចាក់សាប​លុប​ដី​បិទ​ជិតជុំ​វិញ មើល​មិនឃើញ​ស្រះ​ទឹក​នោះ​ទេ ទើប​បានជា​តួ​សាលាឆាន់​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទឹក​បែប​នេះ ទើប​ដឹង​ថា ខាងក្រោម​ជា​ស្រះ ឬ​ជា​ប្រឡាយ​។ ការ​បាក់​ស្រុត​សាលាឆាន់​ដែល​មាន​អាយុកាល​ជិត​៦០​ឆ្នាំ​ទាំង​យប់​នេះ​ដែរ មិន​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ដោយសារ​ព្រះសង្ឃ​បាន​ចាក់សោ​បិទទ្វារ​ឈប់​ប្រើប្រាស់ ឈប់​ចេញចូល និង​ធ្វើ​របង​ឈើ​ហ៊ុម​ព័ទ្ធ ព្រមទាំង​ដាក់​បំរាម​ហាម​ចូល​តាំងពី​ថ្ងៃ​ដែល​កើតហេតុ​ដំបូង​ក្នុង​វេន​ទី​៣​មក​ម្ល៉េះ ។

ការ​ចាក់សោ​បិទទ្វារ​សាលាឆាន់​ទាំងស្រុង ដោយ​ខ្លាច​បង្ក​ការ​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយ​ប្រការ​ណាមួយ​នោះ វត្ដ​ក៏​បាន​ធ្វើ​ជា​រោង​បុណ្យ​មួយ​នៅ​ខាង​មុខ​សាលាឆាន់​នេះ​ដែរ សម្រាប់​ឱ្យ​ពុទ្ធបរិស័ទ​បាន​មក​ធ្វើបុណ្យ​ជា​ធម្មតា​រហូត​ទៅ​ដល់​ចប់​ចុង​ចប់​ដើម ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​ពុំ​ទាន់​មាន​ចំណាត់ការ​ណាមួយ​ទៅ​លើ​អគារ​សាលាឆាន់​ខាងលើ​នេះ​ឡើយ ដោយ​រង់ចាំ​ចប់​ក្នុង​កម្ម​វិធិ​បុណ្យ​ភ្ជុំបិណ្ឌ​រួចរាល់​សិន ទើប​មាន​ចំណាត់ការ ។ ប៉ុន្ដែ​ស្រាប់តែ​ពេល​នេះ សាលាឆាន់​ស្ទើរ​ទាំងមូល​ក៏​បាន​បាក់​ស្រុត​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ដែល​មាន​តែ​រុះ​ចេញ​តែ​ប៉ុណ្ណោះ ។

ស្រប​ពេល​នេះ​ដែរ ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​មហាមន្ត្រី ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ទាំងឡាយ​ដែល​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា មេត្តា​ជួយ​ឧបត្ថម្ភ​ជាប​ច្ឆ័​យ ដើម្បី​មានលទ្ធភាព​ធ្វើការ​កសាង​ឡើង​វិញ ៕