បូ​លី​វី​ប្រាប់ UN៖«​សណ្តាប់ធ្នាប់​ពិភពលោក​បែប​ចក្រពត្តិ​ត្រូវ​ផ្លាស់ប្តូរ​» និពន្ធដោយ : សៅ ផលនិស្ស័យ       September-23-2016, 11:24 am         278

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បូ​លី​វី​ប្រាប់ UN៖«​សណ្តាប់ធ្នាប់​ពិភពលោក​បែប​ចក្រពត្តិ​ត្រូវ​ផ្លាស់ប្តូរ​»ប្រធានាធិបតីបូលីវី Evo Morales ថ្លែងនា​មហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត UN News Center​ប្រធានាធិបតី​បូ​លី​វី  Evo Morales បាន​យក​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​វាយប្រហារ​បណ្តា​ប្រទេស​លោកខាងលិច​យ៉ាង​ចាស់ដៃ​។ លោក​អំពាវនាវ​ឲ្យ​សមាជិក​ទាំងអស់​ពិចារណា​ផ្លាស់ប្តូរ​«​សណ្តាប់ធ្នាប់​ពិភពលោក​»​បច្ចុប្បន្ន​ដែលមាន​បង្កើតឡើង​និង​បម្រើ​ប្រយោជន៍​ក្រុម​«​ប្រទេស​ចក្រពត្តិ​»​។

​ប្រធានាធិបតី​បូ​លី​វី  Evo Morales ជា​អ្នកនយោបាយ​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​ម្នាក់​ដែល​តែងមាន​និន្នាការ​ប្រឆាំង​លោកខាងលិច​។ នៅក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី ៧១ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​(UNGA) លោក​បាន​រិះគន់​លោកខាងលិច​យ៉ាង​ចាស់ដៃ​និង​ស្នើ​ឲ្យ​មានការ​កសាង​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​ដើម្បី​ប្រយោជន៍​ទាំងអស់គ្នា​។  

​លោក​ចាប់ផ្តើម​សុន្ទរកថា​ដោយ​រៀបរាប់​ពី​បញ្ហា​ប្រឈម​របស់​ពិភពលោក​បច្ចុប្បន្ន ដោយ​លោក​លើកយក​ទឡ្ហីករណ៍​ស្តីពី​ភាពក្រីក្រ​និង​គម្លៀត​រវាង​អ្នកមាន​និង​អ្នកក្រ​។ ហើយ​លោក​សង្កត់ធ្ងន់ថា របប​មូលធននិយម​ដែល​ពិភពលោក​កំពុង​ដើរ​តាម​កំពុង​កេងប្រវ័ញ្ច​និង​សង្កត់សង្កិន​ប្រទេស​ក្រីក្រ​យ៉ាងខ្លាំង​។​

​លោក​និយាយថា​៖ «​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​ចំនួន ៩៤​ភាគរយ​ទូទាំង​ពិភពលោក​ជា​កម្មសិទ្ធិរ​បស់​ប្រជាជន​ត្រឹម ២០​ភាគរយ​ប៉ុណ្ណោះ ហើយ​ប្រជាជន​រាប់សែន​នាក់​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​និង​អត់ឃ្លាន​។ សង្គម​ដែល​ងងឹត​សូន្យឈឹង​នេះ​ជា មុខមាត់​ពិតប្រាកដ​នៃ​របប​មូលធននិយម​»​។​

​លោក​ពន្យល់ថា ការ​លោភលន់​និង​អាត្មានិយម ធ្វើ​ពិភពលោក​ធ្លាក់ចូល​ជ្រៅ​ក្នុងសម័យ​កាល​នៃ​របប​មូលធននិយម​ដ៏​ខ្មៅ​ងងឹត និង​ចក្រពត្តិ​ដ៏​ព្រៃផ្សៃ​។ ហើយ​វា​កំពុងតែ​ប្រឆាំង​តម្លៃ​របស់​មនុស្សជាតិ និង​អធិបតេយភាព​របស់រ​ដ្ឋ​ជាដើម​។

​ពាក់ព័ន្ធ ពាក្យសម្តី​លោក​ថា «​ចក្រពត្តិ​ដ៏​ព្រៃផ្សៃ​» លោក Morales បាន​លើកយក​ការ​សំណុំរឿង​អ៊ីស្រាអែល​បន្ត​កាប់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន និង​សកម្មភាព​ឯកតោភាគី​របស់​អាមេរិក​ប្រឆាំង​គុយបា​កន្លងមក​។ មេដឹកនាំ​ដែលមាន​និន្នាការ​ទៅរក​ទ្រឹស្តី​សង្គមនិយម​រូប​ថា អះអាងថា អាមេរិក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គុយបា មិនទាន់​គ្រប់គ្រាន់​ឡើយ​។ អាមេរិក​ត្រូវ​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​គុយបា​ចំពោះ​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​គុយបា​រាប់​ទសវត្សរ៍​មក​នោះ ហើយ​ផ្ទេរ Guantanamo ទៅ​ឲ្យ​គុយបា​វិញ​។​

​ដោយឡែក​ពាក់ព័ន្ធ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ជា​ចីរភាព​ដែល​ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំមុន សម្រាប់​រយៈពេល ១៥​ឆ្នាំ លោក Morales យល់ឃើញថា ជោគជ័យ​នៃ​ផែនការ​នេះ​អាស្រ័យ​លើ​ការលុបបំបាត់​ប្រព័ន្ធ​ចក្រពត្តិនិយម​។

​លោក​បកស្រាយ​ថា​៖« បើសិនជា​គេ​មិន​លុបបំបាត់ ប្រព័ន្ធ​ចក្រពត្តិនិយម​ទេ គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នឹង​ក្លាយជា​គោលដៅ​នៃ​ការ​«​ស្លាប់​ជា​ចីរភាព​»​។ ពោលគឺ វា​ជាការ​ស្លាប់​នៃ​មនុស្សជាតិ និង​ពិភពលោក​ដ៏​ស្រស់ត្រកាល​ដែល​យើង​កំពុង​ផ្ញើ​ជីវិត​នេះឯង​»​។​

​ដូច្នេះហើយ លោក​ក៏​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​នានា​ជា​សមាជិក​អង្គការសហប្រជាជាតិ​ប្រញាប់ប្រញាល់ កសាង​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ ដោយ​មិនមែន​សង់​ជញ្ជាំង​ឡើយ​។ ហើយ​ស្របពេល​ជាមួយគ្នា​នោះ គេ​ចាំបាច់​កសាង​ពិភពលោក​ដោយ​ផ្អែកលើ​គោលការណ៍​«​ប្រជាជន​សាកល​» ដែល​ប្រជាជន​ទាំងអស់​អាច​រស់នៅ​ជាមួយគ្នា​ដោយ​សុខសាន្ត​ដូច​គ្រួសារ​តែមួយ​៕