អ្នកយាម​ការពារ​ក្រុមហ៊ុន​សុភា​ពាណិជ្ជ កំពុង​ជួញដូរ​ដីធ្លី​នៅ​តំបន់​អូរ​លាង​ក្រួស ស្រុក​សេសា​ន យ៉ាង​គឃ្លើន​

​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​អ្នកយាម​ការពារ​ក្រុមហ៊ុន​សុភា​ពាណិជ្ជ ជួញដូរ​ដីធ្លី​ក្នុង​តំបន់​អូរ​លាង​ក្រួស​តទៅទៀត​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស បាន​ឲ្យ​ដឹងថា​ឆ្មាំ​ការពារ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ក្រុមហ៊ុន​សុភា​ពាណិជ្ជ កំពុង​ជួញដូរ​ដីធ្លី​នៅ​តំបន់​អូរ​លាង​ក្រួស​តាម​អំពើ​ចិត្ត ហើយ​មិនឃើញ​មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ អ្នកភូមិ​ច្រប់ ប្រមាណ​ជាង​១០០​គ្រួសារ​បាន​ឲ្យ​ដឹង​ទៀតថា អ្នកយាម​ការពារ​ក្រុមហ៊ុន​សុភា​ពាណិជ្ជ លក់​ដី​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ឲ្យ​ឈ្មួញ​ធ្វើ​កសិកម្ម​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១៤​។

កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត និង​តំណាង​ក្រុមហ៊ុន​សុភា​ពាណិជ្ជ បំភ្លឺ​ឲ្យ​បានច្បាស់លាស់​ទាក់ទង​ក​រ​ណី​ឆ្មាំ​ក្រុមហ៊ុន​លក់ដូរ​ឬ​ធ្វើ​អាជីវកម្ម​ដីធ្លី​នៅ​តំបន់​អូរ​លាង​ក្រួស ហើយ​សុំ​ឲ្យ​អាជ្ញាធរ​បង្ហាញ​ផែនទី​ព្រំប្រទល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឲ្យ​បានច្បាស់លាស់​។ តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាល​រមាស បាន​ឲ្យ​ដឹងថា ដី​ដែល​គេ​កំពុង​កាប់​ទន្ទ្រានព្រៃ​នៅ​ចំណុច​អូរ​លាង​ក្រួស មិនមែនជា​ដី​របស់​ក្រុមហ៊ុន​សុភា​ពាណិជ្ជ​នោះទេ ដូច្នេះ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត គួរ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ឆ្មាំ​ក្រុមហ៊ុន​សុភា​ពាណិជ្ជ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ក៏ដូចជា​ការបំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ផងដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា អាជ្ញាធរខេត្ត​ស្ទឹងត្រែង ជាពិសេស​លោក មុំ សារឿន ជា​អភិបាលខេត្ត គួរ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់​ទៅលើ​ករណី​អ្នកយាម​ការពារ​ក្រុមហ៊ុន​សុភា​ពាណិជ្ជ ជួញដូរ​ដីធ្លី​នៅ​តំបន់​អូរ​លាង​ក្រួស​ដែល​មិន​ស្ថិតនៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​។ ទាក់ទង​នឹង​បញ្ហា​នេះដែរ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាល​រមាស ជាង​២០០​នាក់​បាន​លើកគ្នា​តវ៉ា​ដោយ​យក​ក្ដារបន្ទះ​បិទផ្លូវ​ជាតិ​លេខ​៧ ទាមទារ​ឲ្យ​ដោះលែង​បុរស​ម្នាក់​ក្នុងចំណោម​អ្នក​តវ៉ា​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ហើយ​នៅពេល​រសៀល​បុរស​នោះ​ត្រូវបាន​ដោះលែង​វិញ​។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ធ្វើយ៉ាងណា​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​រឿង​ឆ្មាំ​ក្រុមហ៊ុន​សុភា​ពាណិជ្ជ ជួញដូរ​ដីធ្លី​នៅ​តំបន់​អូរ​លាង​ក្រួស ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​កើតមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​យ៉ាង​ពេញបន្ទុក​៕

fn-2016-07-12-14-17-49-3

លោក មុំ សារឿន អភិបាលខេត្តស្ទឺងត្រែង 
​ ​