ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង បន្ត​ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង ទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ មេ​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង បាន​បន្ត​ដឹកឈើ​តាម​រថយន្ត​ប្រមាណ​៤០​គ្រឿង​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ យកទៅលក​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​កត់សម្គាល់ថា​ការដែល​មេ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។ ចំណែក​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ហ៊ាន​ប៉ះពាល់​យាយ​ព្រឿង​ទេ ព្រោះ​ឈ្មួញ​យួន​រូបនេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ករណី​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ​ដោយ​រលូន គឺមាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ យាយ​ព្រឿង ដែលមាន​ប្ដី​ជា​មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្នុង​ខេត្តស្ទឹងត្រែង និង​មានកូន​ប្រុស​ជា​មន្ត្រីនគរបាល​ដែរនោះ នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តស្ទឹងត្រែង យកមក​ស្តុក​ក្នុង​ឃ្លាំង​ដ៏​ធំ​នៅ​ក្រុង​ស្ទឹងត្រែង ហើយ​ពេល​ប្រមូល​ទិញ​គ្រប់​ចំនួន​ដែល​ឈ្មួញ​យួន​បញ្ជា​ទិញ​ទើប​យាយ​ព្រឿង ដឹកជញ្ជូន​ទៅ​ឲ្យ​ឈ្មួញ​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ទន្ទឹមនឹងនេះ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​របស់​យាយ​ព្រឿង នៅ​ក្រុង​ស្ទឹងត្រែង កំពុងដំណើរការ​យ៉ាង​រលូន ព្រោះ​គ្មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

សូមបញ្ជាក់ថា ករណី​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដឹកឈើ​តាម​រថយន្ត​មិនតិចជាង​៤០​គ្រឿង​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ គឺជា​ភស្ដុតាង​បង្ហាញថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន ក្លាយជា​រឿង​ឥតប្រយោជន៍​។ ដោយហេតុថា យាយ​ព្រឿង​កំពុង​បំពាន​លើ​បទបញ្ជា​នោះ​យ៉ាង​ក្រអឺតក្រទម ហើយ​បន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ យកទៅលក់​នៅ​ស្រុក​យួន​ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​ជា​ប្រព័ន្ធ​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​ជំនួញ​ឈើ​ខុសច្បាប់​របស់​យាយ​ព្រឿង​ដែល​នៅតែ​ដំណើរការ​យ៉ាង​រលូន គឺមាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត ជាពិសេស​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្ត​ត្បូងឃ្មុំ ត្រូវគេ​សង្ស័យថា​ចាំ​ទទួលផល​ប្រយោជន៍​ពី​យាយ​ព្រឿង យ៉ាង​សុខ​ស្រួល​បំផុត​៕

pic253-copy pic253 pic254