មូលហេតុលែងលះ របស់ Angelina Jolie អាចបណ្តាលមកពី Brad Pitt បង្កអំពើហិង្សាលើកូនប្រុស Maddox ខណៈ FBI កំពុងស៊ើបអង្កេត!

បរទេស៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយអំពីព័ត៌មាននៃការលែងលះគ្នា រវាងតារាហូលីវូដដ៏ល្បី អ្នកនាង Angelina Jolie និងលោក Brad Pitt ដែលបានកើតឡើងកន្លងមកនេះ។

ប៉ុន្តែនាពេលថ្មីៗនេះវិញ មានប្រភពជាច្រើន បានកំណត់មូលហេតុនៃការលែងលះគ្នានេះ ថាដោយសារតែលោក Brad Pitt បានបង្កជម្លោះជាមួយកូនប្រុស Maddox នៅលើយន្តហោះឯកជនមួយ រហូតដល់ថ្នាក់កើតមានការប្រើកំលាំងបាយ (ហិង្សា) ទៀតផង។ 

បើតាមប្រភពបានឲ្យដឹងថា តារាសម្តែង Brad Pitt វ័យ៥២ឆ្នាំ រូបនេះ ហាក់បីដូចជាបាត់បង់ម្ចាស់ការ ដោយសារជាតិសុរា   ដល់ថ្នាក់បង្កជម្លោះជាមួយកូនប្រុសច្បងរបស់ខ្លួន Maddox ខណៈពេលដែលកំពុងហោះហើរ ជាមួយក្រុមគ្រួសារមកពីប្រទេសបារាំង ដែលរឿងរ៉ាវនេះហើយ ជាមូលហេតុធ្វើឲ្យ Angelina Jolie ឈានដល់ការដាក់ពាក្យសុំលែងលះ។

គួរបញ្ជាក់ផងដែរថា Brad Pitt ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើហិង្សាទៅលើ កូនប្រុសច្បងរបស់ខ្លួន Maddox ទាំងពាក្យសម្តី ទាំងរូបរាងកាយ ហើយថ្មីៗនេះ លោកក៏កំពុងតែត្រូវបានក្រុម FBI ធ្វើការស៊ើបអង្កេតផងដែរ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

បើតាមរបាយការណ៍ស៊ើបអង្កេតរបស់ FBI បានបញ្ជាក់ថា «ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ នៃហេតុការណ៍ដែលបានកើតឡើងនៅលើយន្តហោះ ដែល Brad Pitt និងគ្រួសាររបស់គាត់បានជិះកន្លងទៅនេះ FBI នឹងបន្តការស្វែងរកពីការពិតដែលបានកើតឡើង ហើយនឹងវាយតម្លៃថាករណីនេះ គួរតែបន្តការស៊ើបអង្កេតទៀតឬទេ» ។

ជុំវិញការស៊ើបអង្កេតនេះដែរ កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ គេក៏ឃើញមានឡានប៉ូលិសជាច្រើននៅបរិវេណផ្ទះរបស់លោក Brad Pitt នៅឯ Hollywood Hill ផងដែរ ខណៈ Angelina Jolie និងកូនៗ បច្ចុប្បន្នកំពុងស្នាក់នៅផ្ទះជួលនៅក្នុងទីក្រុង Malibu ៕

ដូច្នេះចាំមើលថានឹងមានរឿងអ្វីកើតឡើងទៀតចំពោះរឿងរ៉ាវមួយនេះ? 

ប្រភព ៖
Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា តារាល្បីហូលីវូដ Angelina Jolie ដាក់ពាក្យសុំលែងលះ ជាមួយស្វាមី Brad Pitt ។ គួររំលឹកផងដែរថា មានសារព័ត៌មានជាច្រើនចេញផ្សាយជាផ្លូវការថា តារាហូលីវូដដ៏ល្បី Angelina Jolie បានដាក់ពាក្យសុំលែងលះស្វាមី លោក Brad Pitt ដែលធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋាន មានការសោកស្តាយចំពោះគូស្នេហ៍មួយនេះ។

មូលហេតុដែលធ្វើឲ្យអ្នកទាំងពីរសមេ្រចចិត្តលែងលះគ្នានេះ ដោយសារការរស់នៅជាមួយគ្នាមិនចុះសម្រុង ទើបធ្វើឲ្យឈានដល់ដំណាក់កាលចែកផ្លូវគ្នា។

បើយោងតាមឯកសាររបស់តុលាការបានបញ្ជាក់ថា អ្នកទាំងពីរបានចុះកិច្ចព្រមព្រៀងគ្នាលែងលះគ្នាតាំងពីថ្ងៃទី១៥ ខែកញ្ញា មកម្ល៉េះ ក្រោយពីរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង២ឆ្នាំរួចមក។ អ្នកទាំងពីរបានចាប់ផ្តើមស្រលាញ់គ្នាតាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៤ ខែសីហា ទើបសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយបានធ្វើឲ្យមហាជនសរសើរនូវចំនងស្នេហារបស់អ្នកទាំងពីរទៀតផង ប៉ុន្តែលទ្ធផលចុងក្រោយ ការរស់នៅជាមួយគ្នាជាប្តីប្រពន្ធក៏ឈានដល់ផ្លូវបញ្ចប់។

ចំពោះក្នុងឯកសារលែងលះវិញ អ្នកនាង Angelina Jolie បានសុំសិទ្ធិចិញ្ចឹមកូនទាំង៦នាក់របស់នាង ហើយមិនបានទាមទារនូវអាហាររូបត្ថម្ភអ្វីនោះទេ ហើយក៏បានអនុញ្ញាតិ្តឲ្យ Brad Pitt មកលេងកូនៗម្តងម្កាលផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload