​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង និង​មេ​ប៉ុស្តិ៍​ព្រំដែន​ដូង​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ឈើ​ប្រណីត​ចេញទៅ​ប្រទេស​យួន​

ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​បាន​រាយការណ៍​មក​ថា សព្វថ្ងៃនេះ​មាន​រថយន្ត​យី​ឌុប​ធំៗ​រាប់សិប​គ្រឿងក្នុង​១​យប់ៗ សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តព្រៃវែង ឆ្ពោះទៅកាន់​ខេត្តស្វាយរៀង ដើម្បី​នាំចេញ​ទៅ​ប្រទេស​យួន​ក្នុង​រូបភាព​ដាក់​បន្លំ​ជាមួយ​អុស និង​ឈើ​មានច្បាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង និង​មេ​ប៉ុស្តិ៍​ព្រំដែន​ដូង​បាន​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ឈើ​ប្រណីត​ចេញទៅ​ប្រទេស​យួន​រៀងរាល់​យប់​។​

​លោក គល់ សុវណ្ណ ហៅ អូន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង និង​លោក សៅ វណ្ណា មេ​ប៉ុស្តិ៍​ព្រំដែន​ដូង ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​ការនាំ​ឈើ​ចេញទៅ​ប្រទេស​យួន​យ៉ាង​រលូន​ដោយ​គ្មាន​ការទប់ស្កាត់​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈើ​ប្រណីត​មិន​ត្រឹមតែ​មានការ​នាំចេញ​តាម​ច្រកទ្វារព្រំដែន​ដូង​នោះទេ តែ​ក៏មាន​ការនាំចេញ​តាម​ច្រកទ្វារព្រំដែន​បុស្ស​មន​ផងដែរ ហើយ​ឈើ​ទាំងនោះ​ត្រូវគេ​ដឹងថា​ជា​របស់​ឧកញ៉ា​ឈ្មោះ សាយ ដែលមាន​ភាគហ៊ុន​រប​ស់​មន្ត្រីនគរបាល​ខេត្តស្វាយរៀង​មួយចំណែក​ធំ​ផងដែរ​។

​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​បាន​បញ្ជាក់ថា ឈើ​ប្រណីត​មួយចំនួនធំ​នាំមក​ពី​ខេត្តកំពង់ធំ និង​ខេត្ត​ត្បូងឃ្មុំ ដែល​ដឹកជញ្ជូន​ក្នុង​រូបភាព​អុស​ដុត​ក្នុង​រោងចក្រ​ផលិត​ឥដ្ឋ​តែប៉ុណ្ណោះ តែ​ក្នុង​ភាពជាក់ស្តែង​រថយន្ត​ទាំងនោះ​មាន​បង្កប់​ឈើ​ប្រណីត ហើយ​មិនមែន​សម្រាប់​លក់​ចែកចាយ និង​ប្រើប្រាស់​ក្នុង​ខេត្តស្វាយរៀង​នោះទេ គឺ​ទុក​សម្រាប់​នាំ​ចេញទៅ​លក់​នៅ​យួន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​បានស្នើ​ដល់​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​រដ្ឋាភិបាល​បាន​បង្កើតឡើង​នោះ សូមជួយ​ទប់ស្កាត់​ផង​ព្រោះ​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ ហើយ​ឈើ​ទាំងនោះ​មួយ​ភាគ​ធំ​បាន​នាំ​ចេញទៅ​លក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​បន្ទាត់​ព្រំដែន ខណៈ​ឈើ​នៅ​ស្រុក​ខ្មែរ​កាន់តែ​ខ្សត់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕

untitled-1 img_4512_mp4_20160921_182954_612​ ​