អស្ចារ្យ ! ទោះ​រត់​ដល់​ជើងមេឃ​ក៏​តាម​ចាប់​បាន​ដែរ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​នៅ​ស្រុក​សំរោង ខេត្ត​សាមុទ្រ​ប្រា​កាន ប្រទេស​ថៃ តាម​ដីកា​របស់​តុលាការ​ខេត្តបន្ទាយមានជ័យ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជា​មុន ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ផាត់ ប៊ុ​ន​ធឿ​ន ហៅ ស្រួច ឬ អ៊ូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មោង ឃុំ​គា​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ស្នាក់​នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​តាម​រថយន្ត​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ។

លោក អ៊ុំ សុផល ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខណៈ​វិល​ត្រឡប់​ពី​ថៃ​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ស្រុក​សំរោង ខេត្ត​សាមុទ្រ​ប្រា​កាន​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា​ម្សិលមិញ ។ លោកស្នងការ​រង​រូប​នេះ​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​បន្ទាយ​ជ័យ​ចុះ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​អនុវត្ត​ទោស ។

លោក​លោក អ៊ុំ សុផល បន្ត​ថា ជនសង្ស័យ​មុន​គេចខ្លួន​ទៅ​ពួន​សម្ងំ​នៅ​ប្រទេស​ថៃ គឺ​បាន​កាប់​ជន​រង​គ្រោះ​ឈ្មោះ ពៅ រតនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត របួស​៣​កន្លែង ដៃ​, ក្បាល​និង​ជើង ប៊ិះ​ស្លាប់ ដោយ​ប្រព្រឹត្ត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៤ ។

ក្រោយ​ពី​សមត្ថកិច្ច​ថៃ​ប្រគល់​ឲ្យ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រគល់​បន្ត​ឲ្យ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​ទៅ​ពន្ធនាគារ ៕