ផ្ទុះ​បាតុកម្មហិង្សា​នៅ​ក្រុង CHARLOTTE អា​មេ​រិ​ក​ដាក់​ទ័ព​បន្ថែម

អាជ្ញាធរ​អាមេ​រិ​ក​នា​ថ្ងៃ​ទី​២២ កញ្ញា ខិតខំ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​អំពើ​ហិង្សា​នៅ​ទីក្រុង CHARLOTTE ដែល​នៅ​ទីនោះ​កង​យោធា​នៃ​កង​ឆ្មាំ​ជាតិ​បញ្ជូន​មក​បន្ថែម​ដើម្បី​ទប់​ស្កាត់​ពួក​បាតុករ ដែល​មានការ​ខឹងសម្បា​បរិហារ​ការ​សម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដោយ​ប៉ូលិស​មួយ​រូប ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក KERR PUTNEY ប្រមុខ​ប៉ូលិស​នៃ​ទីក្រុង​នា​ភាគ​អាគ្នេយ៍​សហរដ្ឋ​អា​មេ​រិ​ក​នេះ​ថ្លែង​ថា ពេល​នេះ​បណ្តា​កងកម្លាំង​អាច​ការពារ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​បង្ហាញ​ពី​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។

កងកម្លាំង​ប៉ូលិស​ជា​ច្រើន​រយ​នាក់​ថែម​ទៀត​ត្រូវ​បាន​ដាក់​ពង្រាយ ប៉ុនប៉ង​រារាំង​អំពើ​កំរោល​ទាំងឡាយ និង​ការ​ប៉ះទង្គិច​គ្នា​ដូច​កាលពី​២​យប់​មុន ដែល​ញ៉ាំង​ឱ្យ​អភិបាល​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង​ចេញ​ការ​ប្រកាស​អាសន្ន ។

លោក PUTNEY គូសបញ្ជាក់​ថា មនុស្ស​៤៤​នាក់ ត្រូវ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​២១ មក​២២ កញ្ញា នៅ​ទីក្រុង CHARLOTTE ។ លោក​ព្រមាន​ថា ពួក​អ្នក​បង្កចលាចល​នា​យប់​ថ្ងៃ​ទី​២២ កញ្ញា ជួប​ប្រតិកម្ម​យ៉ាង​ច្បាស់ និង​យ៉ាង​រហ័ស បំផុត​ពី​សំណាក់​កងកម្លាំង​ប៉ូលិស ។

អភិបាលក្រុង CHARLOTTE លោកស្រី JENNIFER ROBERTS អំពាវនាវ​ជា​ថ្មី​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​បាតុកម្ម​ទាំងឡាយ​នា​ពេល​ខាង​មុខ ។

ការ​ដាក់​បំរាម​គោចរ​ក៏​គ្រោង​ធ្វើ​ដែរ ដោយ​អាជ្ញាធរ​មូលដ្ឋាន​ក្រោយ​យប់​ទី​២​នៃ​អំពើ​ហិង្សា​បណ្តាល​ឱ្យ​បាតុករ​ម្នាក់​រង​របួសធ្ងន់​បំផុត ដោយ​គ្រាប់កាំភ្លើង រួច​ប៉ូលិស​២​នាក់​ក៏​រង​របួសស្រាល​ដែរ​ត្រង់​ភ្នែក ៕