​ក្នុង​ពិធី​កាន់បិណ្ឌ​ឆ្នាំនេះ មន្ត្រី​ពន្ធនាគារ ខេត្តកំពង់ឆ្នាំង ផ្តល់ឱកាស​អោយ​អ្នកទោស បាន​ចូលរួម​រាប់​បាត​ព្រះសង្ឃ​

​កំពង់ឆ្នាំង:
នៅ​ថ្ងៃ​៧​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ជា​ថ្ងៃ​កាន់បិណ្ឌ​វេណ​ទី​៧ មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង បានរៀបចំ​ធ្វើ​ពិធីសូត្រមន្ត និង រាប់​បាត​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ ជីដូន​ជីតា បុព្វការី​ជន និង​ប្រជា ពលរដ្ឋ ដែល​បាន​បាត់បង់​ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំង​យុទ្ធជន យុទ្ធ​នារី ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុជា ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​ការពារជាតិ មាតុភូមិ ។​

​នៅក្នុង​ពិធី​សាសនា ដ៏​មាន​សារសំខាន់​នេះ លោក ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ ខេត្ត កំពង់ឆ្នាំង បាន​ផ្តល់ឱកាស ដោយបាន​អនុញ្ញាត អោយ​ទណ្ឌិត និង ពិរុទ្ធជន​ទាំងអស់ ដែល​កំពុង​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ បាន​ចូលរួម​ផងដែរ ។​

​លោក ពៅ វុទ្ធី បាន​បញ្ជាក់ថា មន្ទីរ​ពន្ធនាគារ គឺជា​មជ្ឈមណ្ឌល​អប់រំ និង កែប្រែ​មនុស្ស ដែល​ជាប់ទោស អោយ​ភ្ញាក់រលឹក ធ្វើអំពើ​ល្អ ដូចនេះ ការផ្តល់​ឱកាស​អោយ​ពួកគេ បាន​ចូលរួម ក្នុង​ពិធី​សាសនា គឺជា​ប្រការ​មួយ​ដ៏​ល្អ ដើម្បីអោយ​ពួកគេ បាន​ស្តាប់ធម៌ និង សង្ឃដីការ​អប់រំ​ផ្សេងៗ ពី​ព្រះសង្ឃ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក​ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ដល់​ទណ្ឌិត និង ពិរុទ្ធជន​ទាំងអស់ អោយ​ខិតខំ​កសាង​ខ្លួន នៅពេល​ចេញទៅ​វិញ ធ្វើ​តែ​អំពើ​ល្អ កុំ​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់ ជា​បន្តទៀត ៕N​/d