កម្ពុជា​ដឹក​ថ្ម​ផេះ​3​រថយន្ត​ចាក់​លុប​ភក់ជ្រាំ ថៃ​ក្តៅចិត្ត​បិទច្រក​អានសេះ

ខេត្តព្រះវិហារ ៖ ច្រក​ទ្វារ​អានសេះ ត្រូវ​បាន​ភាគី​ថៃ​បិទ​សា​ជា​ថ្មី​ម្តងទៀត​ហើយ ដោយ​ឯកតោភាគី នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៦ ខណៈ​ដែល​ភាគី​កម្ពុជា បាន​ដឹក​កម្ទេចផេះ​ថ្ម​ចំនួន​៣​រថយន្ត យក​ទៅ​ចាក់​ក្រោយ​រូបសំណាក​រង្វង់​មូល​តា​អ៊ុំ ដើម្បី​លុប​ភក់ជ្រាំ​នៅ​ទីនោះ ។

ការ​ប្រកាន់​ឥរិយាបថ​របស់​កងទ័ព​ថៃ ក្នុង​ការ​បិទ​ច្រកព្រំដែន​ជា​ឯកតោភាគី​មិនមែន​ជា​លើក​ទី​១​ទេ គឺ​តែង​បាន​ធ្វើ​ឡើងជា​រឿយ​ៗ​កន្លង​មក​រាប់​ភ្លេច ហាក់ដូចជា​យក​ច្រកទ្វារ​ធ្វើ​ចំណាប់ខ្មាំង​ក្នុង​ការ​ទាមទារ​ឱ្យ​ភាគី​ កម្ពុជា​គោរព​ទៅ​តាម​ការ​ចង់បាន​របស់​ខ្លួន ។ ទោះបីជា​បែប​ណា នៅ​វេលា​ម៉ោង​២​និង​៤៥​នាទី​ថ្ងៃ​ដដែល ភាគី​ថៃ​ក៏​បាន​ព្រមព្រៀង​បើក​ឡើង​វិញ បន្ទាប់​ពី​មានការ​ធ្វើ​អន្តរាគមន៍​ពី​ភាគី​កម្ពុជា ។

លោក ជា គឹ​ម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត នៅ​រសៀល​ថ្ងៃ​ទី​២២ កញ្ញា នេះ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ក្រោយ​ពី​ភាគី​កម្ពុជា​យើង​បាន​ដឹក​កម្ទេចផេះ​ចំនួន​៣​រថយន្ត​ឡើង​មក​ច្រក​ ទ្វារ​អានសេះ យក​ទៅ​ចាក់​លុប​ភក់ជ្រាំ នៅ​ក្រោយ​រង្វង់​មូល​រូបសំណាក​តា​អ៊ុំ ដើម្បី​ងាយស្រួល​ធ្វើ​ចរាចរណ៍ ស្រាប់តែ​ភាគី​ថៃ​បាន​បិទ​ច្រក​ទ្វារ​ជា​ឯកតោភាគី​តែ​ម្តង ដោយ​មិន​បាន​ជូនដំណឹង​ដល់​ភាគី​កម្ពុជា​យើង​ឱ្យ​ដឹង​មុន​ឡើយ ។

អភិបាលស្រុក ​ជាំ​ក្សាន្ត​បន្ត​ថា ក្រោយ​ពេលបិទ​ច្រក​ទ្វារ​នេះ​ភ្លាម អាជ្ញាធរ​ទាំង​២​ភាគី​បាន​កោះ​ប្រជុំ​គ្នា​ស្វែងរក​ដំណោះស្រាយ ដោយ​ភាគី​ថៃ​ស្នើ​ឲ្យ​ភាគី​កម្ពុជា​បញ្ឈប់​ការ​ដឹក​ដី​មក​ចាក់​លើ​ច្រក​ អានសេះ​តទៅ​ទៀត និង​បញ្ឈប់​ឲ្យ​អាជីវករ​ខ្មែរ​នាំ​ចូល​ដំណាំ​កសិកម្ម​ដូច​ជា ត្រឡាច ល្ពៅ ជា​លក្ខណៈ​អាជីវកម្ម​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ តែបើ​នាំ​ចូល​ទៅ​ហូប​ចុក​ជា​លក្ខណៈ​គ្រួសារ គឺ​អាច​នាំ​ចូល​បាន ។

ទាក់ទិន ​នឹង​ការ​បិទ​បើក​ច្រក​ទ្វារ​ព្រំដែន​អានសេះ​លើ​កំពូលភ្នំ​ដងរែក គឺជា​ទម្លាប់​ទៅ​ហើយ ដែល​បាន​ធ្វើ​ឡើងជា​ឯកតោភាគី ដោយ​កងទ័ព​ថៃ​នៅ​ពេល​ដែល​ភាគី​កម្ពុជា រៀបចំ​សាងសង់​ផ្លូវ ឬ​សាងសង់​អ្វីមួយ លើ​ចំណុច​ឈរជើង​របស់​ភាគី​កម្ពុជា គឺ​តែងតែមាន​ប្រតិកម្ម​បិទ​ច្រកព្រំដែន​ជា​ដរាប ហាក់ដូចជា​ភាគី​ថៃ​ចាត់​ទុក​ចំណុច​ដែល​ភាគី​កម្ពុជា​ឈរជើង​នោះ​ជា​ទឹកដី​ របស់​ខ្លួន ។

ទោះបីជា​យ៉ាងណា ជម្លោះ​បិទ​ច្រកព្រំដែន​នៅ​ចំណុច​ច្រក​ទ្វារ​អានសេះ​ដែល​នឹង​ក្លាយជា​ច្រក​ ទ្វារ​អន្តរជាតិ​នា​ពេល​អនាគត តែង​បាន​បង្ហាញ​ថា ប្រសិនបើ​ច្រក​ទ្វារ​ត្រូវ​បាន​បិទ​មិន​អាច​ចូល​ទៅ​ទឹកដី​ថៃ​បាន​នោះ និង​ធ្វើ​ឱ្យ​មានការ​លំបាក​សម្រាប់​ជីវភាព​រស់នៅ​លើ​ចំណុច​ខ្ពស់​នោះ គឺ​ភាគី​កម្ពុជា​ត្រូវ​អនុវត្ត​ភាព​ម្ចាស់​ការ​បន្តិច​ម្តង​ៗ ដោយ​មិន​អាច​ពឹង​ដង្ហើម​គេ​ដក​នោះ​ទេ ។ ពួក​គេ​ចង់​បិទ​ច្រក​នោះ​រហូត យើង​ក៏​អាច​រស់នៅ​បាន គឺ​យើង​នៅ​តែ​ខ្លាំង​មិន​ខុស​ពី​ការ​រស់នៅ​លើ​ប្រាសាទព្រះវិហារ​កាលពីមុន​ ឆ្នាំ​២០០៨​នោះ​ទេ ដែល​អ្វី​ៗ​ជំនាន់​នោះ​ខ្ចី​ដង្ហើម​ថៃ​ដក ។ លុះ​មានការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អ​ថែម​ទៀត ដូច្នេះ​លែង​ខ្វល់​ពី​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​នៅ​ប្រាសាទព្រះវិហារ​ទៀត​ ហើយ ។

កម្ពុជា​ចង់បាន​ការ​រួមរស់​ក្នុង​មិត្តភាព​ជា​យូរអង្វែង​ តទៅ​រវាង​ប្រជាជាតិ​ទាំង​២ ដែល​ប្រៀប​ដូច​ជា​បងប្អូន​នេះ មិន​គួរ​មាន​ប្រតិកម្ម​បិទ​បើក​ៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​នេះ​ឡើយ វា​ហាក់ដូច​មាន​ចរិត​អាក្រក់​ពេក ៕