ម្តាយ​ខេម៖ «ទឹក​ភ្នែក​ក្មេង​ពាល» មិន​ឆ្លុះ​បញ្ចាំង​ពី​អត្តចរិត​កូន​ប្រុស​ខ្ញុំ​ទេ

«ទឹក​ភ្នែក​ក្មេង​ពាល» បទ​ចម្រៀង​ឆ្លុះ​បញ្ចាំង​ពី​ជីវិត និង​ការ​ដឹង​ខុស​របស់​កូន​ប្រុស​ម្នាក់​ដែល​ធ្វើ​បាប​ឪពុក​ម្តាយ ដោយ​សារ​ញៀន​ថ្នាំ និង​ជា​បទ​ចម្រៀង​ដ៏​ល្បី​មួយ​របស់​តារា​ចម្រៀង ខេម ត្រូវ​បាន​ម្តាយ​លោក​អះ​អាង​ដោយ​ផ្ទាល់​ថា​មិន​ឆ្លុះ​បញ្ចាំង​ពី​អត្តចរិត​កូន​ប្រុស​គាត់​ទេ គ្រាន់​តែ​ជា​បទ​និពន្ធ​ឡើង​តាម​តថភាព​សង្គម​បច្ចុប្បន្ន​ប៉ុណ្ណោះ។

 

ការ​លើក​ឡើង​របស់​អ្នក​ស្រី គឺ​នៅ​ក្នុង​ឃ្លីប​វីដេអូ​ពិសេស​មួយ​ដែល​ផលិត​ឡើង​ដើម្បី​ពញ្ញាក់​អារម្មណ៍​លោក ខេម ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី​ ស៊ី​អារម្មណ៍ របស់​ភីអិនអិន ដែល​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៦ កញ្ញា សប្តាហ៍​ក្រោយ​នេះ វេលា​ម៉ោង ៨ :៣០ យប់។

 

ម្តាយ​ខេម៖ «ទឹក​ភ្នែក​ក្មេង​ពាល» មិន​ឆ្លុះ​បញ្ចាំង​ពី​អត្តចរិត​កូន​ប្រុស​ខ្ញុំ​ទេ

ម្ដាយ​របស់​តារា​ចម្រៀង ខេម

 

អ្នកស្រី​និយាយ​ថា៖ “ទោះ​បី​មនុស្ស​មួយ​ចំនួន​តូច​គេ​យល់​ថា បទ​ចម្រៀង​របស់​កូន​ខ្ញុំ ជីវិត​ក្មេង​ពាល ជា​ប្រវត្តិ​របស់​គេ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​សូម​អះអាង​ថា​កូន​ខ្ញុំ​មិន​មែន​អ៊ីចឹង​នោះ​ទេ ហើយ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ទៅ​ដល់​កូន​ខ្ញុំ​ថា ជីវិត​កូន​មិន​មែន​ដូចជា​ជីវិត​គេ​និយាយ​ទេ អ្វី​ដែល​សំខាន់​កូន​ត្រូវ​តែ​ប្រឹង​ឡើង មាន​មនុស្ស​ជា​ច្រើន​គាំទ្រ និង​ស្រឡាញ់​កូន”។

 

វត្តមាន​លោក ខេម តារា​ចម្រៀង​សំឡេង​ស្អក​ប្រចាំ​ផលិតកម្ម ថោន សប្តាហ៍​ក្រោយ​នេះ នឹង​នាំ​មក​នូវ​រឿង​រ៉ាវ​ថ្មីៗ​មួយ​ចំនួន​របស់​លោក​ដែល​ហ៊ាន​ធានា​ថា​ទូរទស្សនិកជន​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក។ គ្មាន​អ្នកណា​នឹក​ស្មាន​ដល់​ថា​តារា​ចម្រៀង​ល្បី​រូប​នេះ​ធ្លាប់​ជំពាក់​ប្រាក់​គេ ៥០០រៀល​ថ្លៃ​បាយ​មិន​ទាន់​បាន​សង ហើយ​ពេល​នេះ​លោក​ក៏​មាន​បំណង​ចង់​ជួប​ដើម្បី​សង​លុយ​នោះ​វិញ​ផង​ដែរ។

 

អ្នក​នាង លួង ភីរ៉ូនីកា ផលិតករ​កម្មវិធី បាន​ឲ្យ​ដឹង​ថា៖ “នេះ​ជា​លើក​ទី​១​ដែល​លោក ខេម បាន​ចូល​រួម​ក្នុង​កម្មវិធី ស៊ី​អារម្មណ៍។ ទស្សនិកជន​ធ្លាប់​តែ​ឃើញ​លោក​ក្នុង​នាម​ជា​តារា​ចម្រៀង​ល្បី។ ទស្សនិកជន នឹង​ភ្ញាក់​ផ្អើល ព្រោះ​ក្នុង​កម្មវិធី ស៊ី​អារម្មណ៍ ខេម បាន​បង្ហាញ​ពី​ភាព​កំប្លុកកំប្លែង​ដែល​ប្រិយមិត្ត​កម្រ​នឹង​ឃើញ”។

 

ម្តាយ​ខេម៖ «ទឹក​ភ្នែក​ក្មេង​ពាល» មិន​ឆ្លុះ​បញ្ចាំង​ពី​អត្តចរិត​កូន​ប្រុស​ខ្ញុំ​ទេ

 

ទស្សនិកជន​ភាគ​ច្រើន​ប្រហែល​ជា​មិន​ធ្លាប់​បាន​ដឹង​នោះ​ទេ តារា​ចម្រៀង​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ មាន​គ្រួសារ​មួយ​ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​មាន​សំនៀង​ពីរោះ ដូចជា ម្តាយ​របស់​លោក បង​ស្រី និង​បង​ថ្លៃ​ជា​ដើម»។ ផលិតករ​រូប​នេះ​បន្ថែម។

 

ក្រុម​ការងារ​កម្មវិធី ស៊ី​អារម្មណ៍ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ផ្តិត​យក​ទិដ្ឋភាព​នៅ​ស្រុក​កំណើត ជា​ពិសេស​គឺ​ផ្ទះ​របស់​លោក​ផ្ទាល់​ដើម្បី​បង្ហាញ​ជូន​ដល់​ទូរទស្សនិកជន​ផង​ដែរ។

 

«ស៊ីអារម្មណ៍» ឬ Chit Chat Show របស់ ភីអិនអិន គឺ​ជា​កម្មវិធី​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ ដោយ​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ចន្ទ វេលា​ម៉ោង ៨:៣០ យប់ ដល់​ម៉ោង ៩ យប់៕

 

ទស្សនា​ឈុត​ខ្លី​ក្នុង​កម្មវិធី ស៊ី​អារម្មណ៍៖

 

អត្ថបទ៖ ពាណិជ្ជកម្ម