និទាន “ពស់​វែក” ផ្ដល់​មេរៀន​អប់រំ​សំខាន់​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា

ជាង​ឈើ​ម្នាក់​បាន​បិទ​ទ្វា​រោង​ធ្វើការ​របស់​គាត់​បន្ទាប់​ពី​បញ្ចប់​ការងារ​ពេញ​មួយ​ថ្ងៃ។ ភ្លាម​នោះ​ពស់​វែក​មួយ​បាន​វា​សសៀរ​ចូល​ក្នុង​រោង​នោះ។

 

នៅ​ពេល​នោះ​ពស់​វែក​ឃ្លាន​ខ្លាំង​និង​សង្ឃឹម​ថា​រក​បាន​ចំណី​ណា​មួយ​ចម្អែត​ក្រពះ​របស់​ខ្លួន។ វា​បាន​វារ​ពី​ជ្រុង​ម្ខាង​ទៅ​ជ្រុង​ម្ខាង ហើយ​ក៏​ស្រាប់​តែ​ប៉ះ​ចុង​ពូថៅ​មុខ​ពីរ​មួយ​ដោយ​ចៃដន្យ ធ្វើ​ឲ្យ​មាន​របួស​ខ្លួន​បន្តិច។

 

ដោយ​សារ​កំហឹង​ និង​ចង់​សងសឹក ពស់​វែក​នោះ​បាន​បញ្ចេញ​ធ្មេញ​ខាំ​ផ្លែ​ពូថៅ​មួយ​ទំហឹង។ ប៉ះ​ជាមួយ​ផ្លែ​ពូថៅ​ដែក ពស់​វែក​បាន​ត្រឹម​តែ​របួស​មាត់​ឈាម​រហាច។ ក៏​ប៉ុន្តែ​ដោយ​កំហឹង​កាន់​តែ​ខ្លាំង និង​ភាព​ក្រអឺតក្រទម​របស់​ខ្លួន ពស់​វែក​បាន​ប្រើ​កម្លាំង​ទាំង​អស់​របស់​វា​រឹត​ពូថៅ​ក្នុង​បំណង​ចង់​សម្លាប់​ឲ្យ​ស្លាប់។ លទ្ធផល​ ពស់​វែក​គឺ​ជា​អ្នក​ស្លាប់​យ៉ាង​អាណោចអាធ័ម។

 

ការ​ស្លាប់​របស់​ពស់​វែក​មិន​មែន​ដោយ​សារ​កំហុស​អ្នក​ណា​ឡើយ ប៉ុន្តែ​ដោយ​សារ​កំហឹង​ក្រេវក្រោធ​របស់​ខ្លួន​ឯង។

 

និទាន “ពស់​វែក” ផ្ដល់​មេរៀន​អប់រំ​សំខាន់​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា

 

គំនិត​អប់រំ៖

​ជួន​កាល​ពេល​ខឹង យើង​ព្យាយាម​ធ្វើបាប​អ្នក​ដទៃ​ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក ទើប​យើង​ដឹង​ថា​យើង​ធ្វើ​បាប​ខ្លួន​ឯង​ជាង​​ធ្វើ​បាប​គេ​​ទៅ​ទៀត។ ដើម្បី​ជីវិត​មាន​ក្ដី​សុខ ល្អ​បំផុត​គួរ​រៀន​ធ្វើ​មិន​ដឹង​មិន​ឮ​សម្រាប់​រឿង​រ៉ាវ បញ្ហា ឬ​មនុស្ស​មួយ​ចំនួន។ វា​មិន​ចាំ​បាច់​អ្វី​ដែល​យើង​ត្រូវ​ប្រតិកម្ម​តបត​ចំពោះ​គ្រប់​រឿង​ដែល​កើត​ឡើង​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​ឈាន​ថយ​មួយ​ជំហាន និង​សួរ​ខ្លួន​ឯង​ថា តើ​បញ្ហា​នោះ​សម​នឹង​ឲ្យ​យើង​ចំណាយ​កម្លាំង​និង​ពេល​វេលា​ដើម្បី​តបត​ដែរ​ឬ​ទេ? ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន នៅ​ពេល​អ្នក​ត្រូវ​សម្រេច​ចិត្ត​ពេល​ដែល​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ខ្លាំង ៕

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ បរទេស